ជាធម្មតាស្នាមសង្វារច្រើនជាប់ទាក់ទងជាមួយនឹងការមានផ្ទៃពោះ ប៉ុន្តែវាក៏អាចកើតឡើងដោយសារស្ថានភាពផ្សេងទៀតដូចជាការកើន ឬស្រកទម្ងន់ខ្លាំងភ្លាមៗ បញ្ហាអតុល្យភាពនៃអ័រម៉ូន និងជំងឺមួយចំនួនផងដែរ។ បើទោះបីជាផលិតផលបំបាត់សង្វារផ្សេងៗមានច្រើនប្រភេទមិនខ្វះ ប៉ុន្តែតែភាគច្រើនមានផ្ទុកសារធាតុគីមីប៉ះពាល់ដល់សុខភាព។ ដូច្នេះថាតើធ្វើយ៉ាងណាទើបអាចបំបាត់ស្នាមសង្វារបានឆាប់រហ័ស ចំណាយអស់តិច ហើយមិនផ្ដល់ឥទ្ធិពលអវិជ្ជមានអ្វីដល់ស្បែកនោះ? កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តធម្មជាតិងាយៗ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់ជួយបំបាត់ស្នាមសង្វារយ៉ាងឆាប់រហ័ស ៖
១. ប្រេងដូង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាប្រេងដូងលើផ្នែកនៃរាងកាយដែលមានបញ្ហាឡើងស្នាមសង្វាររហូតដល់ស្បែកស្រូបចូលអស់ជាការស្រេច។ អ្នកក៏អាចលាយប្រេងដូងជាមួយរមៀតក៏បាន ដោយអ្វីដែលអ្នកត្រូវធ្វើ គឺលាយប្រេងដូងចំនួន ២ ស្លាបព្រាបាយ ជាមួយប្រេងរមៀត ១ ស្លាបព្រាកាហ្វេ ចូលគ្នាឱ្យសព្វ។ លាបល្បាយលើស្នាមសង្វារ ទុកចោលសម្រាប់រយៈពេល ១៥ នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។ អនុវត្តន៍ឱ្យបានជាប្រចាំ។ អ្នកក៏អាចបន្ថែមទឹកក្រូចឆ្មារស្រស់ចំនួន ១ ស្លាបព្រាកាហ្វេ ដើម្បីទទួលបានអត្ថប្រយោជន៍កាន់តែប្រសើរ។
២. ខ្ទិះដូង
ក៏មិនខុសពីប្រេងដូងដែរ! អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាខ្ទិះដូងលើតំបន់ស្បែដែលមានបញ្ហា។ ដើម្បីឱ្យយងាយស្រួលយកមកលាបម៉ាស្សាលើស្បែក អ្នកអាចបន្ថែមម្សៅពោតបន្តិចក្នុងខ្ទិះដូងឱ្យក្លាយជាខាប់ៗ។
៣. ប្រេងគ្រាប់អាល់ម៉ុន
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាប្រេងអាល់ម៉ុនលើស្នាមសង្វារក្នុងចលនាបែបរង្វង់អមជាមួយការសង្កត់បន្តិចរហូតដល់ជាតិប្រេងជ្រាបចូលអស់ក្នុងស្បែក។
៤. ទឹកក្រូចឆ្មារស្រស់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែដុសលាបទឹកក្រូចឆ្មារលើតំបន់ស្បែកដែលទទួលរងផលប៉ះពាល់ ដោយស្នាមសង្វារ ហើយទុកចោលសម្រាប់រយៈពេល ១០ នាទីសិន សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗជាការស្រេច។ អនុវត្តជាប្រចាំរហូតទទួលបានលទ្ធផលគាប់ចិត្ត។
៥. ផ្នែកពណ៌លឿងនៃស៊ុត
ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ ចូរលាយផ្នែកពណ៌លឿងនៃស៊ុតជាមួយប្រេងអូលីវបន្តិច។ កូរឱ្យសព្វ សឹមលាបម៉ាស្សាល្បាយលើតំបន់ស្បែកដែលមានបញ្ហាស្នាមសង្វារ។ រងចាំរហូតដល់ស្ងួត ឬឡើងតឹង សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។
៦. ប្រទាលកន្ទុយក្រពើ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបជែលប្រទាលកន្ទុយក្រពើលើស្នាមសង្វារ និងទុកចោលសម្រាប់រយៈពេលពី ១០ ទៅ ១៥ នាទីសិន សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗជាការស្រេច។ រូបមន្តនេះមិនសាកសមសម្រាប់អ្នកដែលប្រតិកម្មជាមួយប្រទាលកន្ទុយក្រពើឡើយ។
ដើម្បីទទួលបានពត៌មានបន្ថែមអំពីបញ្ហាស្នាមសង្វារ សូមចុចអានអត្ថបទនេះ ៖ អស់បារម្ភ! គន្លឹះងាយៗកាត់បន្ថយហានិភ័យនៃបញ្ហាឡើងស្នាមសង្វារ
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕