គ្មាននរណាចង់មានស្នាមសំលាកលើរាងកាយឡើយ ពិសេសនោះគឺផ្ទៃមុខ។ ភាគច្រើនស្នាមលើផ្ទៃមុខលេចឡើងក្រោយពេលកើតរោគមុន ឬរបួសណាមួយដែលយើងមិនបានយកចិត្តទុកដាក់ភ្លាមៗ។ ទោះជាយ៉ាងណាកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗបែបធម្មជាតិ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់ជួយកម្ចាត់ស្នាមមុន ឬស្នាមសំលាកផ្សេងៗបានយ៉ាងឆាប់រហ័ស ៖
១. ជែលប្រទាលកន្ទុយក្រពើស្រស់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបជែលប្រទាលកន្ទុយក្រពើស្រស់លើស្នាមសំលាក និងរងចាំសម្រាប់រយៈពេលប្រហែល ២០នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។ ប្រសិនបើរកជែលប្រទាលកន្ទុយក្រពើមិនបាន អ្នកអាចប្រើប្រាស់ទឹកប្រទាលកន្ទុយក្រពើស្រស់សុទ្ធ ១០០ភាគរយជំនួសក៏បាន។
២. ទឹកប៉េងប៉ោះស្រស់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាទឹកប៉េងប៉ោះស្រស់លើស្នាមសំលាក និងរងចាំសម្រាប់រយៈពេល ២០នាទី។ លាងសម្អាតចេញជាមួយទឹកត្រជាក់។ អនុវត្តជាប្រចាំរហូតដល់ទទួលបានលទ្ធផលគាប់ចិត្ត។ អ្នកអាចកិនលាយសាច់ប៉េងប៉ោះស្រស់ៗជាមួយត្រសក់ និងផ្លែបឺរឱ្យសព្វចូលគ្នា សឹមលាបលើស្នាមសំលាកក៏បាន។
៣. ទឹកឃ្មុំឆៅ
លាបម៉ាស្សាទឹកឃ្មុំឆៅលើស្នាមសំលាកសម្រាប់រយៈពេល ១០ នាទី។ ទុកចោលសម្រាប់រយៈពេល ១ ម៉ោងសឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ អនុវត្តឱ្យបាន ២ ដងក្នុងមួយថ្ងៃ។
៤. ទឹកក្រូចឆ្មារស្រស់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបទឹកក្រូចឆ្មារថ្មីស្រស់ៗលើស្នាមសំលាក និងរងចាំសម្រាប់រយៈពេលប្រហែល ១០ នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ អនុវត្តឱ្យបានពី ៣ ទៅ ៤ ដងក្នុងមួយថ្ងៃ។ ទោះជាយ៉ាងណាត្រូវប្រាកដថាស្បែក ជាពិសេសស្បែកមុខមិនត្រូវកម្ដៅថ្ងៃពេលលាបទឹកក្រូចឆ្មាររួច។
៥. រមៀត
លាយម្សៅរមៀតកន្លះស្លាបព្រាបាយជាមួយជែលប្រទាលកន្ទុយក្រពើ ២ ស្លាបព្រាកាហ្វេ។ កូរឱ្យសព្វរហូតក្លាយជាល្បាយខាប់ៗ។ លាបល្បាយលើស្បែកដែលទទួលរងផលប៉ះពាល់ និងទុកចោលសម្រាប់រយៈពេល ៣០ នាទីសឹមលាងសម្អាតចេញ។ អនុត្តឱ្យបានពី ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕