ចង់ព្យាបាលរោគផ្សិតលើស្បែកក្បាលមិនពិបាកឡើយ! គួរធ្វើបែបណា? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តធម្មជាតិកម្ចាត់រោគផ្សិតពីស្បែកក្បាល ៖
១. ខ្ទឹមស
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបុកខ្ទឹមសដែលបកសំបករួចពី ២ ទៅ ៣កំពឹសឱ្យម៉ដ្ឋ បន្ទាប់មកសឹមបន្ថែមចូលទៅក្នុងប្រេងដូង ឬប្រេងអូលីវ ២ស្លាបព្រាបាយ រួចដាក់កំដៅសម្រាប់រយៈពេលពី ១ ទៅ ២នាទី។ ត្រងកាកចេញសិន សឹមលាបប្រេងក្ដៅឧណ្ហៗលើស្បែកក្បាលនិងសក់។ រងចាំសម្រាប់រយៈពេលពី ១ ទៅ ២ម៉ោង សឹមកក់សម្អាតចេញជាមួយសាប៊ូកម្រិតស្រាល។ អនុវត្តឱ្យបានម្ដង ឬ ២ដងក្នុងមួយសប្តាហ៍។ ទោះជាយ៉ាងណាត្រូវចាំថា ខ្ទឹមសអាចបង្កការរលាកដល់ស្បែកក្បាលប្រសិនបើទុកសម្រាប់រយៈពេលយូរពេក។
២. ទឹកខ្មេះផ្លែប៉ោម
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោម ១ពែងក្នុងទឹក ២ពែង។ កូរឱ្យសព្វ សឹមលាងសម្អាតសក់និងស្បែកក្បាលជាមួយទឹកល្បាយនេះ។ អនុវត្តឱ្យបានពី ២ ទៅ ៣ដងក្នុងមួយសប្តាហ៍។
៣. ក្រូចឆ្មារ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកក្រូចឆ្មារស្រស់ ១ស្លាបព្រាកាហ្វេក្នុងទឹក ១ពែង។ កូរឱ្យសព្វ សឹមលាងសម្អាតស្បែកក្បាលជាមួយទឹកល្បាយនេះនៅមុនពេលងូតទឹក។ រងចាំសម្រាប់រយៈពេលពី ១០ ទៅ ១៥នាទី។ អនុវត្តឱ្យបានពី ២ ទៅ ៣ដងក្នុងមួយសប្តាហ៍។ ទោះជាយ៉ាងណាត្រូវចាំថា ក្រូចឆ្មារអាចបណ្ដាលឱ្យស្បែកក្បាលស្ងួត ដូច្នេះចូរប្រើប្រាស់ក្នុងបរិមាណសមស្របដូចបានណែនាំ។
៤. ម្សៅ Baking soda
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅ Baking soda ១ស្លាបព្រាបាយក្នុងទឹក ១ពែង។ កូរឱ្យសព្វ សឹមបន្ថែមក្នុងសាប៊ូកក់សក់ រួចម៉ាស្សាវាលើស្បែកក្បាលសម្រាប់រយៈពេលពី ២ ទៅ ៣នាទី។ លាងសម្អាតចេញជាមួយទឹកធម្មតា។ អនុវត្តឱ្យបានពី ២ ទៅ ៣ដងក្នុងមួយសប្តាហ៍។
៥. ប្រេងដូង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាប្រេងដូងថ្នមៗលើស្បែកក្បាល និងរងចាំសម្រាប់រយៈពេលពី ១ ទៅ ២ម៉ោង។ កក់សម្អាតចេញជាមួយសាប៊ូកម្រិតស្រាល និងកុំភ្លេចប្រើប្រាស់ក្រែមបន្ទន់សក់។ អនុវត្តឱ្យបានយ៉ាងហោចណាស់ម្ដងក្នុងមួយសប្តាហ៍។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕