រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិបានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២១នេះ ជំងឺកូវីដ-១៩បានបន្តឆ្លងរាលដាលនៅគ្រប់ប្រទេសនៅលើសកលលោក ជាមួយនឹងភាពមិនប្រាកដប្រជាកាន់តែខ្ពស់ ។
នេះបើយោងតាមផេករដ្ឋមន្ត្រីក្រសួងការពារជាតិបានបង្ហោះសារនៅថ្ងៃទី១១ តុលា ២០២១ ដែលមានខ្លឹមសារដូចខាងក្រោម ៖ នៅក្នុងឆ្នាំ២០២១នេះ ជំងឺកូវីដ-១៩បានបន្តឆ្លងរាលដាលនៅគ្រប់ប្រទេសនៅលើសកលលោកជាមួយនឹងភាពមិនប្រាកដប្រជាកាន់តែខ្ពស់ តាមរយៈការបំប្លែងខ្លួនជាប្រភេទវីរុសកូវីដ-១៩ថ្មីជាច្រើន ពិសេសមេរោគបំប្លែងថ្មីដែលតា «Delta» ដែលមានលទ្ធភាពចម្លងកាន់តែខ្ពស់ និងអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាជនកាន់តែខ្លាំងក្លាជាងមុន។
សម្រាប់កម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លៀសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានខិតខំយ៉ាងសកម្មប្រកបដោយស្មារតីបុរេសកម្ម ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលកើតចេញពី «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១» តាមរយៈការដាក់ចេញនូវវិធានការរដ្ឋបាល និងវិធានការសុខាភិបាលជាច្រើន ប្រកបដោយភាពទន់ភ្លន់ បត់បែនទៅតាមសភាពការណ៍ និងទីតាំងភូមិសាស្ត្រជាក់ស្តែង សំដៅទប់ស្កាត់កាត់ផ្តាច់ខ្សែច្រវ៉ាក់ចម្លង និងកាត់បន្ថយការឆ្លងបានទាន់ពេលវេលា ដើម្បីការពារសុខភាព និងអាយុជីវិតរបស់ប្រជាជន។
ជាមួយនឹងវិធានការទាំងនេះ រាជរដ្ឋាភិបាលបានកំណត់យកការចាក់វ៉ាក់សាំងជាវិធានការយុទ្ធសាស្ត្រគន្លឹះ សំដៅឈានទៅសម្រេចបាននូវភាពស៊ាំសហគមន៍ ដែលជាកត្តាជំរុញក្នុងការធានាបាននូវការវិលត្រឡប់ឲ្យបានឆាប់រហ័សទៅរក «ប្រក្រតីភាពថ្មី» នៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជាទូទៅ និងកិច្ចដំណើរការនៃសង្គម-សេដ្ឋកិច្ច។
កម្ពុជាទទួលបានមោទនភាពដោយសម្រេចបានអត្រាខ្ពស់ នៃអ្នកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលគិតមកត្រឹមពេលនេះ គឺមានចំនួនជាង៨៤% នៃចំនួនប្រជាជនសរុប ដែលក្នុងនោះកុមារអាយុ៦-១២ឆ្នាំ សម្រេចបានជាង៩៣% កុមារអាយុ១២-១៨ឆ្នាំ សម្រេចបានជាង៨៩% និងប្រជាជនអាយុ១៨ឆ្នាំឡើង សម្រេចបានជិត១០០%។
បើធៀបទៅនឹងប្រទេសក្នុងតំបន់មានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ កម្ពុជាកំពុងស្ថិតក្នុងចំណោមប្រទេសឈានមុខគេ ក្នុងដំណើរឆ្ពោះទៅរកការបង្កើតភាពស៊ាំសហគមន៍ ក្នុងដំណាច់ឆ្នាំ២០២១នេះ មានលទ្ធភាពគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩។រហូតមកដល់ពេលនេះពុំមានប្រទេសណាមួយ អាចមានវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋស្ម័គ្រចិត្តក្នុងពេលតែមួយដំណាលគ្នាដូចកម្ពុជាបានទេ ដោយសារសមត្ថភាពផលិត សមត្ថភាពចែកចាយ និងការចាក់វ៉ាក់សាំងមានកម្រិតនៅតាមប្រទេសនីមួយៗ។
សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋ កម្មករនិយោជិត និងវិស័យឯកជនចូលរួមគាំទ្រ និងសហការអនុវត្តគោលនយោបាយចាក់វ៉ាក់សាំងដូសជំរុញនេះ ឲ្យទទួលបានជោគជ័យ និងអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល របស់ក្រសួងសុខាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ឲ្យបានហ្មត់ចត់អំពីវិធានការនានា ក្នុងការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩ ពិសេសវិធានការ «៣កុំ ៣ការពារ» ដើម្បីបង្កើតឲ្យមាន «ភាពស៊ាំសហគមន៍រឹងមាំពិតប្រាកដមួយ» ឈានទៅរកប្រក្រតីភាពឡើងវិញតាមគន្លងថ្មី ជីវភាពសង្គម សម្រាប់ឆ្ពោះទៅកាន់ការបើកដំណើរការប្រទេសពេញលេញលើគ្រប់វិស័យ និងការរស់នៅជាមួយនឹងវត្តមានជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ៕