រាជធានីភ្នំពេញ ៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់ថា ការមិនព្រមទទួលយកវ៉ាក់សាំងការពារវីរុសកូវីដ-១៩ ស្មើនឹងការទទួលយកភាពធ្ងន់ធ្ងរនៃការវ៉ៃលុកពីវីរុសនេះ នឹងឈានទៅរកការបាត់បង់ជីវិត ប៉ុន្តែក្រុមនេះ គឺមានចំនួនតិចតួចប៉ុណ្ណោះ ។ នេះបើយោងតាមផេកក្រសួងសុខាភិបាលបានបង្ហោះមុននេះបន្តិច ។
លោកជំទាវ បានបញ្ជាក់ដូច្នេះ ក្នុងឱកាសអញ្ចើញជាអធិបតី បិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១ ជូនប្រជាពលរដ្ឋអាយុពី១៨ឆ្នាំឡើង ក្នុងក្របខណ្ឌទូទាំងខេត្តកំពង់ស្ពឺ នៅក្រុងច្បារមន កាលពីរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១។
លោកជំទាវបានបញ្ជាក់បន្ថែមថា ៖ «យោងតាមការស្រាវជ្រាវ និង សង្កេតយ៉ាងម៉ត់ចត់ របស់ក្រុមការងារ គ.វ.ក១៩ បានបង្ហាញថា ភាគច្រើននៃអ្នកដែលបានទទួលមរណភាពដោយវីរុសកូវីដ-១៩ នោះ គឺជាបុគ្គល ឬក្រុមដែលមិនព្រមទទួលវ៉ាក់សាំង។ ហេតុដូច្នេះហើយការវ៉ៃលុករបស់វីរុសក៏កាន់តែលឿនផងដែរ ព្រោះនៅក្នុងសរីរាង្គពុំមានអ្វីការពារទាល់តែសោះ”។
ដូចនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំង ឬមិនព្រមចាក់ ត្រូវធ្វើការសម្រេចចិត្តឱ្យបានត្រឹមត្រូវ និងឱ្យបានលឿន ដោយលោកជំទាវបានសង្កត់ធ្ងន់ថា ៖ «នៅពេលដែលគ្រប់គ្នាចាក់អស់ នៅសល់តែយើងប៉ុន្មាននាក់នេះ មានន័យថា បើមានករណីឆ្លងវិញ វីរុសគឺប្រាកដជារត់ទៅរកអ្នកមិនទាន់បានចាក់វ៉ាក់សាំងមុនហើយៗនឹងប្រឈមនូវភាពធ្ងន់ធ្ងរនៃសុខភាព និងប្រឈមនឹងការស្លាប់ខ្ពស់»។
ក្នុងឱកាសនោះ លោកជំទាវ បានបញ្ជាក់បន្ថែមផងដែរថា មានកត្តាជាច្រើនដែលធ្វើឱ្យប្រជាពលរដ្ឋ ឬក្រុមមួយចំនួនតូច មិនបានចាក់វ៉ាក់សាំង ដោយសារកត្តាចល័តរបស់បុគ្គល មានជំងឺប្រចាំកាយ ស្ត្រីមានផ្ទៃពោះ ឬស្ត្រីកំពុងបំបៅកូនដោយទឹកដោះ។ល។ ដោយលោកជំទាវ បានបញ្ជាក់ជាថ្មីថា ស្ត្រីមានផ្ទៃពោះ ឬស្ត្រីដែលកំពុងបំបៅកូនដោយទឹកដោះ គឺនៅតែអាចទទួលយកការចាក់វ៉ាក់សាំងបាន ដើម្បីការពារសុខភាពរបស់មាតា និងទារក ពីការវិវត្តទៅរកភាពធ្ងន់ធ្ងរដោយសារវីរុសកូវីដ-១៩។
លោកជំទាវ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមិនទាន់ទទួលបានការចាក់វ៉ាក់សាំង ជាពិសេសក្រុមដែលដាច់ខាតមិនទទួលការចាក់វ៉ាក់សាំង ព្រោះតែការរើងអើងវ៉ាក់សាំង ឬស្តាប់តាមការញុះញង់របស់ក្រុមអគតិ ត្រូវគិតអំពីផលប្រយោជន៍សុខភាពខ្លួន និងក្រុមគ្រួសារខ្លួន ក៏ដូចជាសង្គមជាតិរបស់ខ្លួន ព្រោះថា វ៉ាក់សាំងគឺពិតជាអាចការពារយើងទាំងអស់គ្នាពីសេចក្តីស្លាប់ដោយវីរុសកូវីដ-១៩ ហើយគ្រប់វ៉ាក់សាំងដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក គឺសុទ្ធសឹងតែមានប្រសិទ្ធភាពទាំងអស់ មិនថាវ៉ាក់សាំងរបស់ប្រទេសណានោះទេ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ការងារចាក់វ៉ាក់សាំងក្នុងក្របខណ្ឌទូទាំងប្រទេស សម្រេចបាន ៨៤.៤៤% នៃប្រជាជនសរុប ១៦លាននាក់។ សម្រាប់ក្រុមដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង អ្នកចាក់ដូសទី១ បានចំនួន ៩ ៩២៣ ៥១៧ នាក់ និងអ្នកចាក់ដូសទី២ ចំនួន ៩ ៥៤៤ ៨០៥ នាក់ ដែលស្មើនឹង ៩៩.២៤% នៃប្រជាជនគោលដៅសរុប ១០លាននាក់។ ដោយឡែក សម្រាប់អ្នកចាក់ដូសទី៣វិញ បានចំនួន ៩៨១ ០៣១ នាក់។
សម្រាប់កុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ អ្នកចាក់ដូសទី១ បានចំនួន ១ ៧៦៨ ២៩២ នាក់ និងអ្នកចាក់ដូសទី២ បានចំនួន ១ ៦៤៨ ២៨៨ នាក់ ស្មើនឹង ៨៩.៩០% នៃក្រុមគោលដៅសរុបជិត ០២លាននាក់។ ចំពោះកុមារ អាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ អ្នកចាក់ដូសទី១ បានចំនួន ១ ៨១៨ ៤៧៦ នាក់ និងអ្នកចាក់ដូសទី២ បានចំនួន ៥៣១ ២៦៨ នាក់ ដែលស្មើនឹង ៩៥.៨៤% នៃក្រុមគោលដៅសរុបជិត ១លាន៩សែននាក់៕