គ្មានអ្វីគួរឱ្យរំខាន និងផ្ដល់អារម្មណ៍មិនស្រួលដូចអាការៈឈឺបំពង់កឡើយ។ ប៉ុន្តែកុំបារម្ភ! យើងអាចព្យាបាលអាការៈឈឺបំពង់កបានយ៉ាងឆាប់រហ័ស ដោយមិនបាច់ទាំងប្រើប្រាស់ថ្នាំពេទ្យ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិងាយៗព្យាបាលអាការៈឈឺបំពង់កប្រកបដោយប្រសិទ្ធិភាពខ្ពស់ ៖
១. ទឹកអំបិលក្ដៅឧណ្ហៗ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយអំបិលកន្លះស្លាបព្រាកាហ្វេក្នុងទឹកក្ដៅឧណ្ហៗ ១ ពែង រួចកូរអោយសព្វជាមុនសិន សឹមខ្ពុរមាត់របស់អ្នកជាមួយទឹកល្បាយនេះសម្រាប់រយៈពេលពី ២ ទៅ ៣ វិនាទី។ អ្នកអាចអនុវត្តអោយបានពី ៣ ទៅ ៤ ដងក្នុងមួយថ្ងៃ ប្រសិនបើបំពង់កនៅឈឺ។ ទឹកល្បាយនេះជួយបន្សាបជាតិអាស៊ីតក្នុងបំពង់ក និងបំបាត់អាការៈរមាស់ ក៏ជាឈឺចាប់នៅពេលលេប។
២. ខ្ញី, ទឹកឃ្មុំ និងទឹកក្រូចឆ្មារ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ, ម្សៅខ្ញី ឬខ្ញីម៉ដ្ឋ ១ស្លាបព្រាកាហ្វេ ជាមួយទឹកក្ដៅកន្លះពែង រួចសឹមបន្ថែមទឹកក្រូចឆ្មារស្រស់ចំនួនម្ខាងចូល។ កូរឱ្យសព្វ សឹមខ្ពុរមាត់ជាមួយទឹកល្បាយនេះដើម្បីបំបាត់អាការៈហើមនិងឈឺចាប់ដែលបង្កឡើយដោយការឈឺបំពង់ក។ អ្នកក៏អាចទទួលទានតែខ្ញីផងដែរ ខណៈដែលភេសជ្ជៈនេះមានលក្ខណៈសម្បត្តិប្រឆាំងការរលាកល្អសម្រាប់បំបាត់អាការៈឈឺបំពង់ក។
៣. ទឹកឃ្មុំ
ទឹកឃ្មុំមានលក្ខណៈសម្បត្តិប្រឆាំងបាក់តេរីនិងល្អណាស់សម្រាប់ព្យាបាលរបួស។ វាអាចជួយកម្ចាត់បាក់តេរី និងព្យាបាលការរលាកក្នុងបំពង់ក។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកឃ្មុំក្នុងទឹកក្ដៅឧណ្ហៗ ឬទឹកតែ ហើយទទួលទានជាការស្រេច។ អ្នកក៏អាចលាយទឹកឃ្មុំ ១ ស្លាបព្រាពេញ ជាមួយទឹកក្រូចឆ្មារស្រស់បន្តិចក្នុងទឹកក្ដៅឧណ្ហ ១ កែវ កូរឱ្យសព្វ សឹមទទួលទានរហូតដល់អាការៈធូរស្បើយ។
៤. ម្សៅ Baking soda
ម្សៅ Baking soda ជួយកម្ចាត់បាក់តេរីទប់ស្កាត់មិនឱ្យវារីករាលដាល ក៏ដូចជាបំបែកស្លេសក្នុងបំពង់ក។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅ Baking soda កន្លះស្លាបព្រាកាហ្វេក្នុងទឹកក្ដៅឧណ្ហៗ ១កែវ រួចកូរឱ្យសព្វ សឹមខ្ពុរមាត់ជាមួយទឹកល្បាយនេះរៀងរាល់ពី ២ ទៅ ៣ម៉ោងម្ដងតាមការចាំបាច់។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕