ក្រៅពីជំងឺបេះដូង តើអ្នកធ្លាប់ដឹងទេថា ភាពធាត់ជ្រុលអាចបង្កើនហានិភ័យនៃជំងឺមហារីកជាច្រើនប្រភេទ? តើជំងឺមហារីកអ្វីខ្លះផ្សារភ្ជាប់នឹងភាពធាត់ជ្រុល? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីជំងឺមហារីកដែលអាចបង្កឡើងដោយភាពធាត់ជ្រុល ៖
១. មហារីកសុដន់
ស្ត្រីដែលធាត់ជ្រុលងាយប្រឈមមុខនឹងការកើនឡើងនូវហានិភ័យនៃជំងឺមហារីកសុដន់ក្រោយពេលអស់រដូវ។ ស្ត្រីដែលអស់រដូវដែលធាត់លើសទម្ងន់មានហានិភ័យខ្ពស់នឹងជួបបញ្ហានៃជំងឺមហារីកសុដន់ពី ២០ ទៅ ៤០ ភាគរយបើប្រៀបធៀបនឹងស្ត្រីដែលអស់រដូវ ប៉ុន្តែមានទម្ងន់ត្រឹមត្រូវមួយ។
២. ជំងឺមហារីកក្រពេញអូវ៉ែ
យោងតាមស្ថិតិ ជំងឺមហារីកក្រពេញអូវ៉ែ គឺជាធម្មតាច្រើនកើតមានចំពោះស្ត្រីដែលធាត់ជ្រុល។ នេះក៏ព្រោះតែអ័រម៉ូន estrogen ដែលត្រូវបានផលិតដោយកោសិកាខ្លាញ់លើសក្នុងរាងកាយរបស់ស្ត្រី ហើយនេះជាអ្វីមួយដែលបង្កើនហានិភ័យនៃជំងឺមហារីកក្រពេញអូវ៉ែ។
៣. ជំងឺមហារីកពោះវៀនធំ
បុរសនិងស្ត្រីដែលធាត់ជ្រុលងាយប្រឈមមុខនឹងហានិភ័យនៃជំងឺមហារីកពោះវៀនធំដល់ទៅ ៣០ ភាគរយបើប្រៀបធៀបនឹងអ្នកដែលមានទម្ងន់ត្រឹមត្រូវមួយ។ អ្នកជំនាញជាច្រើននិយាយថាកោសិកាខ្លាញ់ច្រើនហួសអាចផលិតអ័រម៉ូនដែលបង្កឱ្យមានការបង្កើតកោសិកាមហារីកពោះវៀនធំ។
៤. មហារីកបំពង់អាហារ
ភាគច្រើននៃអ្នកដែលធាត់ជ្រុលជួបប្រទះជំងឺច្រាលទឹកអាស៊ីតក្រពះ ហើយជំងឺនេះជាកត្តាហានិភ័យចម្បងមួយនៃការវិវត្តន៍ទៅជាជំងឺមហារីកបំពង់អាហារ។
៥. មហារីកក្រពះ
មហារីកក្រពះជាប្រភេទមហារីកដែលជះឥទ្ធិពលដល់ផ្នែកខាងលើនៃក្រពះ។ អ្នកដែលធាត់គឺងាយប្រឈមនឹងជំងឺមហារីកក្រពះប្រភេទនេះទ្វេដង។ ទោះជាយ៉ាងណាក៏ដោយគ្រូពេទ្យនិយាយថាអតុល្យភាពនៃបាក់តេរីនៅក្នុងពោះវៀនក៏ជាកត្តាចូលរួមផងដែរ។
៦. ជំងឺមហារីកថ្លើម
ជំងឺមហារីកថ្លើមអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរជាច្រើន ហើយអ្នកមិនគួរធ្វេសប្រហែសមើលរំលងឡើយ។ យោងតាមអ្នកជំនាញខាងសុខភាពបានអោយដឹងថា កត្តាដែលបង្កើនហានិភ័យនៃជំងឺមហារីកថ្លើម មានដូចជា ការឆ្លងមេរោគថ្លើមរយៈពេលយូរ, ភាពធាត់ជ្រុល, ជំងឺទឹកនោមផ្អែមប្រភេទទី ២ និងការទទួលទានគ្រឿងស្រវឹងលើសកម្រិត។
វត្តមាននៃជាតិខ្លាញ់ច្រើនពេកក្នុងថ្លើមអាចបង្កអោយកើតមានផលវិបាកធ្ងន់ធ្ងរផ្សេងៗ រួមទាំងជំងឺខ្លាញ់រុំថ្លើម។ ហើយក្រៅពីគ្រឿងស្រវឹង ខ្លាញ់រុំថ្លើមក៏បណ្ដាលមកពីភាពធាត់ជ្រុល ឬលើសទម្ងន់ផងដែរ៕