នៅពេលមនុស្សម្នាក់ឆក់ខ្សែភ្លើង ចរន្តអគ្គិសនី នឹងឆ្លងចូលក្នុងរាងកាយ ហើយវាក៏បង្កជាការស្ពឹក និងឈឺឈៀបៗ រហូតដល់បេះដូង ឈប់ដើរមួយរំពេចដែរ។ វាអាចបង្កជារបួស នៅកន្លែងដែលឆក់ដូចជា រលាក ឬដំបៅស្បែក។ យ៉ាងណាមិញ ចំពោះករណីឆក់ចរន្តដែលខ្លាំងវិញ វាអាចប៉ះពាល់ដល់ខួរក្បាល និងបេះដូងដែរ។ ចំពោះបេះដូង អាចនាំឲ្យបេះដូងលោតញាប់ ដែលឈានទៅរកការគាំងបេះដូង និងស្លាប់ភ្លាមៗ។ ចំពោះខួរក្បាលវិញ អាចទៅជាប្រកាច់ និងមានជំងឺខួរក្បាលថែមទៀត។ ដូច្នេះហើយ ការយល់ដឹងអំពី វិធីសង្គ្រោះបឋមលើករណីឆក់ខ្សែភ្លើង យ៉ាងហោចណាស់ ក៏អាចជួយជនរងគ្រោះ ពីបញ្ហាខាងលើបានដែរ។
ខាងក្រោមនេះ គឺជាអ្វីដែលអ្នកគួរតែធ្វើ នៅពេលជួបមនុស្សឆក់ខ្សែភ្លើង ៖
- មុនពេលអ្នកជួយគេ ចូរមើលជុំវិញខ្លួនសិនថា មានអ្វីគួរឲ្យគ្រោះថ្នាក់ឬអត់ ព្រោះចរន្តអគ្គិសនីអាចឆ្លងមកឆក់អ្នកបាន តាមរយៈទឹក ឬដែក។ ចូរទូរស័ព្ទ ហៅឡានសង្គ្រោះភ្លាមៗ។
- បន្ទាប់មក ចូរព្យាយាមទាញជនរងគ្រោះ ពីប្រភពឆក់។ អ្នកកអាចផ្តាច់ចរន្តអគ្គិសនីបានដែរ។ បើសិនជាមិនអាចធ្វើបានទេ ចូរឈរនៅលើកន្លែង ឬរបស់ដែលមិនឆ្លងចរន្តដូចជាដុំឈើ ឬកន្លែងដែលស្ងួត និងប្រើឈើរុញជនរងគ្រោះ ពីប្រភពចរន្តអគ្គិសនី។ មិនត្រូវប៉ះជនរងគ្រោះដោយដៃទរទេឡើយ ព្រោះវាអាចឆក់បាន។
- ក្រោយពីយកជនរងគ្រោះ ចេញពីប្រភពអគ្គិសនីហើយ ចូរដាក់គេឲ្យគេងផ្អៀង ហើយដាក់ក្បាលកើយលើដៃខ្លួនឯង។ ចូរច្បត់ជង្គង់របស់ជនរងគ្រោះ និងពិនិត្យមើលការដកដង្ហើមរបស់គេផង។
- បើសិនជាជនរងគ្រោះ នៅមានដង្ហើម តែមានការរលាកតិចតួច អ្នកអាចលាងវា ជាមួយទឹកចេញក្បាលរ៉ូប៊ីណេបាន។ មិនត្រូវប្រើភួយ គ្របលើជនរងគ្រោះឡើយ ព្រោះវាជាតិអំបោះរបស់ភួយ អាចជាប់នៅកន្លែងដែលរលាកបាន។
- បើសិនជាមានការហូរឈាម ចូរគ្រប់គ្រងការហូរឈាម តាមរយៈប្រើក្រណាត់ស្ងួត និងស្អាតខ្ទប់នៅកន្លែងហូរឈាម ហើយប្រើវិធីចង់រឹងកុំឲ្យហូរឈាម។
- ចូរចាប់ផ្តើមធ្វើការម៉ាស្សាបេះដូង និងសួត (CPR) បើសិនជាជនរងគ្រោះ មិនមានដង្ហើម។ មិនត្រូវធ្វើ CPR នៅពេលជនរងគ្រោះ កំពុងដកដង្ហើមឡើយ។
ចូរចាំថា មនុស្សម្នាក់ដែលមានរបួស ដោយសារឆក់ខ្សែភ្លើង ត្រូវការការយកចិត្តទុកដាក់ខាងផ្នែកវេជ្ជសាស្ត្រជាបន្ទាន់ ទោះបីជាគេមើលទៅ មានសភាពល្អប្រសើរ ក្រោយពីជួបគ្រោះថ្នាក់រួចក៏ដោយ។ គ្រូពេទ្យអាចនឹងពិនិត្យមើលការរលាក បាក់ឆ្អឹង និងរបួសផ្សេងៗទៀត ហើយបើសិនចាំបាច់ អាចនឹងត្រូវធ្វើតេស្តបន្ថែមទៀតដូចជា ECG, តេស្តឈាម CT Scan ឬ MRI៕