រាជធានីភ្នំពេញ ៖ ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ បានចាក់ដូសជំរុញជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ បានជាង ១៣ម៉ឺននាក់ហើយ ក្នុងរយៈពេល ៣ថ្ងៃកន្លងទៅនេះ ។ នេះបើយោងតាមនាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិបានបង្ហោះនៅមុននេះបន្តិច ។
ក្រុមការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រសួងការពារជាតិ បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ (ដូសទី៣) ជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី១១ ខែតុលា កន្លងទៅនេះ ។ ក្រុមការងារចាក់វ៉ាក់សាំង ក្រសួងការពារជាតិ ទទួលភារកិច្ចចាក់ដូសជំរុញនៅក្នុងខណ្ឌចំនួន៦ រួមមាន ៖ ខណ្ឌមានជ័យ, ដង្កោ, កំបូល, ពោធិ៍សែនជ័យ, ឫស្សីកែវ, ទួលគោក និងខណ្ឌសែនសុខ ចំនួន ១សង្កាត់ផងដែរ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះកងយោធពលខេមរភូមិន្ទ និងជានាយកប្រតិបត្តិចាក់វ៉ាក់សាំងក្រសួងការពារជាតិ បានថ្លែងបញ្ជាក់ថាៈ ដំណើរការចាក់វ៉ាក់សាំងដូសជំរុញនេះ ដំណើរការបានល្អប្រសើរទៅតាមការគ្រោងទុក មិនមានឧបសគ្គអ្វីច្រើននោះឡើយ ។ លោកក៏បានកត់សម្គាល់ឃើញដែរថាៈ ប្រជាពលរដ្ឋបានចូលរួមចាក់វ៉ាក់សាំងដូសជំរុញនេះយ៉ាងសស្រាក់សស្រាំ ។
គិតត្រឹមថ្ងៃម្សិលមិញនេះ ជាលទ្ធផលក្រុមការងារចាក់វ៉ាក់សាំងក្រសួងការពារជាតិ ចាក់ជូនប្រជាពលរដ្ឋបាន ចំនួនសរុប ១៣២,៨៨៩នាក់ ក្នុងនោះមានស្ត្រី ៧០,៧២៤នាក់។
បើទោះបីជាយ៉ាងណា នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ នៅតែបន្តអំពាវនាវប្រជាពលរដ្ឋ ទោះបីរវល់អ្វីក៏ដោយ ត្រូវតែឆ្លៀតទៅចាក់ដូសជំរុញឱ្យបានគ្រប់គ្នា ដើម្បីបានកងការពារសុខភាពកាន់តែប្រសើរពីមេរោគកូវីដ១៩។
សូមបញ្ជាក់ដែរថា សម្រាប់ការចាក់វ៉ាក់សាំងដូសជំរុញដោយកងទ័ពនេះ គឺកងទ័ពចាក់តែពលរដ្ឋដែលបានចាក់ដូសទី១ និងទី២ ជាមួយកងទ័ពតែប៉ុណ្ណោះ ហើយមានគម្លាតពីដូសទី២ មក រយៈពេលយ៉ាងតិចបំផុត ៤ខែ ។ ឯកសារដែលតម្រូវសម្រាប់ភ្ជាប់ទៅចាក់ដូសជំរុញទី១ គឺបណ្ណចាក់វ៉ាក់សាំង, បើមិនទាន់បានបណ្ណត្រូវភ្ជាប់ទៅជាមួយលិខិតទម្រង់ចាក់វ៉ាក់សាំងកាលពីដូសទី ១ និងទី២។
ក្នុងនោះបើប្រជាពលរដ្ឋបាត់បណ្ណ ឬបាត់លិខិតទម្រង់ចាក់វ៉ាក់សាំង គឺអាចរាយការណ៍ជូនក្រុមការងារផ្ទាល់នៅទីនោះ ហើយក្រុមការងារនឹងផ្ទៀងផ្ទាត់ព័ត៌មានជាមួយប្រព័ន្ធ។ បើរកឃើញមានព័ត៌មាននៅក្នុងប្រព័ន្ធ គឺក្រុមការងារនឹងចាក់វ៉ាក់សាំងដូសទី៣ជូន និងរៀបចំធ្វើបណ្ណជូនឡើងវិញផងដែរ ៕