រាជធានីភ្នំពេញ ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រកាសនៅថ្ងៃទី១៣ ខែតុលានេះថា កីឡាករជម្រើសជាតិកម្ពុជា ៦រូប បានរកឃើញវិជ្ជមានកូវីដ-១៩ អំឡុងបំពេញបេសកកម្មក្នុងការប្រកួតជម្រុះពានរង្វាន់ AFC Asian Cup China 2023 នៅប្រទេសបារ៉ែន។
ចំពោះអ្នកវិជ្ជមានកូវីដ១៩ អ្នកខាងលើ គឺមានកីឡាករ ចាន់ វឌ្ឍនាកា, គួច សុកុម្ភៈ, សឿយ វិសាល, សារ៉េត គ្រីយ៉ា, កែវ សុខសិលា និង អ៊ាន ពិសី ។
បច្ចុប្បន្នកីឡាករកម្ពុជាទាំង ៦រូប កំពុងសម្រាកព្យាបាលនៅសណ្ឋាគារមួយ ដែលរៀបចំដោយក្រសួងសុខាភិបាលប្រទេសបារ៉ែន ។
ចំណែកកីឡាករ និងក្រុមការងារ ក្រុមជម្រើសជាតិកម្ពុជាផ្សេងទៀត មិនមានបញ្ហាអ្វីនោះទេ បន្ទាប់ពីធ្វើតេស្ដ PCR ហើយពួកគេ នឹងត្រូវចាកចេញពីបារ៉ែននាល្ងាចនេះ ។ លើកលែងកីឡាករវិជ្ជមាន ដែលត្រូវសម្រាកព្យាបាលនៅបារ៉ែន រហូតជាសះស្បើយ ។ នេះបើយោងតាមសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។
សូមបញ្ជាក់ថា ការឆ្លងជំងឺរាតត្បាតជាសកសលរបស់កីឡាករជម្រើសជាតិខាងលើ អំឡុងពេលក្រុមគោព្រៃកម្ពុជា ធ្វើការប្រកួតជម្រុះ Play-Off ជាមួយកោះហ្គាំ ដោយបានយកឈ្នះទាំង ២ជើងក្នុងលទ្ធផល ៣-១ ដើម្បីឡើងទៅវគ្គជម្រុះជុំទី៣ នៃពានរង្វាន់ AFC Asian Cup China 2023 ៕