ភាគច្រើននៃពួកយើងសុទ្ធតែយល់ស្របថា សក់ស្កូវអាចជាបញ្ហាគួរឱ្យរំខានមួយជាពិសេសប្រសិនបើយើងមានវ័យក្មេងនៅឡើយ។ បញ្ហាសក់ស្កូវមុនវ័យអាចបណ្ដាលមកពីបរិមាណនៃមេឡានីនដែលផលិតដោយឬសសក់ធ្លាក់ចុះទាប។ ជួនកាលសារធាតុគីមីដែលអ្នកបានប្រើប្រាស់លើសក់ក៏ធ្វើឱ្យស្ថានភាពកាន់តែអាក្រក់ឡើង។ ទោះជាយ៉ាងណា កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិជួយដោះស្រាយបញ្ហាសក់ស្កូវមុនវ័យ ៖
១. ខ្ញី
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកោសខ្ញីមួយចំនួនលាយជាមួយទឹកឃ្មុំ ១ស្លាបព្រាបាយមុនពេលទទួលទាន។ សមាសធាតុក្នុងខ្ញីនិងទឹកឃ្មុំនឹងជួយឱ្យសក់រឹងមាំមានសុខភាពល្អ ដូច្នេះបញ្ហាស្កូវមិនលេចឡើងលឿនពេកឡើយ។ អ្នកគួរទទួលទានល្បាយនេះជាប្រចាំ។
២. កាហ្វេ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែឆុងកាហ្វេ ១កែវនិងទុកឱ្យត្រជាក់សិន សឹមចាក់លាយជាមួយក្រែមបន្ទន់សក់ ២ពែង រួចអ្នកអាចបន្ថែមកាកកាហ្វេខ្លះចូលផងដែរ។ ក្រោយពីកក់សក់រួច ចូរលាបល្បាយក្រែមបន្ទន់លើសក់ និងរងចាំសម្រាប់រយៈពេល ១ម៉ោងមុនពេលលាងសម្អាតចេញ។
៣. ប្រេងដូង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបល្បាយទឹកក្រូចឆ្មារ និងប្រេងដូងលើសក់ ព្រមទាំងស្បែកក្បាល។ អនុវត្តជាប្រចាំ រហូតទទួលបានលទ្ធផលគាប់ចិត្ត។
៤. សំបកដំឡូងបារាំង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែចាក់សំបកដំឡូងបារាំង ១ពែងក្នុងទឹកធម្មតា ២ពែង និងដាក់ដាំឱ្យពុះ។ ជាបន្តត្រូវត្រងកាកចេញ និងទុកឱ្យត្រជាក់សិន។ បន្ទាប់មកចាប់ផ្ដើមកក់សក់ និងប្រើប្រាស់ក្រែមបន្ទន់ដូចពេលធម្មតា។ ក្រោយពីវែកចែកសក់រួច ចូរលាបទឹកសំបកដំឡូងបារាំងលើសក់ផ្នែកទាំងសងខាង រួចលាងសម្អាតចេញតាមក្រោយ។
៥. ខ្ទឹមបារាំង
អ្វីដែលអ្នកត្រូវធ្វើ គឺបកសំបកខ្ទឹមបារាំង និងកិនសាច់របស់វា។ បន្ទាប់មកម៉ាស្សាខ្ទឹមបារាំងដែលកិនហើយលើស្បែកក្បាល និងសក់របស់អ្នក ហើយទុកចោលសម្រាប់រយៈពេល ៣០ នាទី។ អ្នកអាចគ្រប់ក្បាលជាមួយមួកផ្លាស្ទិកពាក់ងូតទឹកដើម្បីការពារកុំឱ្យខ្ទឹមហៀរចូលភ្នែក។ លាងសម្អាតសក់ជាមួយនឹងសាប៊ូកក់សក់ ដើម្បីកម្ចាត់ក្លិនខ្ទឹម។ អនុវត្តរូបមន្តនេះរាល់ថ្ងៃសម្រាប់រយៈពេលយ៉ាងហោចណាស់ ១ សប្តាហ៍ទើបទទួលបានប្រសិទ្ធិភាពប្រសើរ។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕