ជំងឺសសៃឈាមបេះដូងកើនឡើងជាលំដាប់មកទល់សព្វថ្ងៃនេះ ហើយកត្តាហានិភ័យចម្បងមួយនៃជំងឺនេះបណ្ដាលមកពីការកើនឡើងនូវកូឡេស្តេរ៉ូលខ្ពស់ក្នុងឈាម។ ប៉ុន្តែកុំបារម្ភ! ក៏ព្រោះអ្នកអាចបញ្ចុះកម្រិតកូឡេស្តេរ៉ូលដោយគ្រាន់តែផ្លាស់ប្ដូរទម្លាប់មួយចំនួន។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗជួយទប់ស្កាត់កាត់បន្ថយកម្រិតកូឡេស្តេរ៉ូលមិនល្អ ៖
១. ញ៊ាំតែបៃតង
ការទទួលទានតែបៃតងជាប្រចាំ គឺល្អណាស់សម្រាប់បញ្ចុះកម្រិតកូឡេស្តេរ៉ូលមិនល្អដែលឡើងខ្ពស់ដោយរំញោចការផលិតកូឡេស្តេរ៉ូលល្អ។ សារធាតុប្រឆាំងអុកស៊ីតកម្មក្នុងតែបៃតងក៏ជួយទប់ស្កាត់កូឡេស្តេរ៉ូលក្នុងអាហារពីការហូរចូលក្នុងលំហូរឈាមផងដែរ។ ជាលទ្ធផលទប់ស្កាត់បញ្ហាស្ទះសសៃឈាម។ យោងតាមការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា អ្នកអាចទទួលទានតែបៃតងដល់ទៅ ៥ពែងក្នុងមួយថ្ងៃ ប៉ុន្តែប្រសិនបើតែងជួបប្រទះអាការៈមិនស្រួលក្រោយទទួលទានអ្វីដែលមានផ្ទុកជាតិកាហ្វេអ៊ីន ចូរបន្ថយការញ៊ាំតែបៃតង។
២. របបអាហារមានផ្ទុកជាតិសសៃខ្ពស់
របបអាហារមានផ្ទុកជាតិសសៃខ្ពស់មិនល្អតែល្អសម្រាប់ទប់ស្កាត់និងព្យាបាលអាការៈទល់លាមកប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយប្រយុទ្ធប្រឆាំងកូឡូស្តេរ៉ូលមិនល្អឡើងខ្ពស់ផងដែរ។ ការរួមបញ្ចូលអាហារសម្បូរជាតិសសៃក្នុងរបបអាហារប្រចាំថ្ងៃ គឺល្អណាស់សម្រាប់បញ្ចុះកម្រិតកូឡេស្តេរ៉ូលមិនល្អ។ បន្លែផ្លែឈើជាប្រភពនៃអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិសសៃ។
៣. របបអាហារមានផ្ទុកអាស៊ីតខ្លាញ់អូមេហ្កា ៣
ប្រសិនបើចង់បញ្ចុះកម្រិតនៃកូឡេស្តេរ៉ូលមិនល្អ ចូរព្យាយាមទទួលទានអាហារមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្កា ៣។ នេះក៏ព្រោះតែអាស៊ីតខ្លាញ់ប្រភេទនេះជួយបង្កើនកម្រិតនៃកូឡេស្តេរ៉ូលល្អ។ អាស៊ីតខ្លាញ់អូមេហ្កា ៣ ជួយគ្រប់គ្រងការរលាកដែលជាអ្វីមួយផ្សារភ្ជាប់នឹងបញ្ហាកូឡេស្តេរ៉ូលមិនល្អឡើងខ្ពស់ ព្រមទាំងបញ្ហាសម្ពធឈាមខ្ពស់ផងដែរ។ អាស៊ីតខ្លាញ់អូមេហ្កា ៣ ជួយរក្សាសសៃឈាមឱ្យមានសុខភាពល្អ កាត់បន្ថយការប្រមូលផ្ដុំកូឡេស្តេរ៉ូលក្នុងនោះ។ ប្រភពនៃអាហារដែលមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្កា ៣ រួមមានត្រីសម្បូរខ្លាញ់, ស៊ុត, គ្រាប់ធញ្ញជាតិ និងគ្រាប់ពូជជាដើម។
៤. កុំរំលងខ្ទឹមបារាំង និងខ្ទឹមស
មានផ្ទុកសម្បូរទៅដោយសារធាតុ flavonoid quercetin ដែលជួយទប់ស្កាត់ ក៏ដូចជាកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលមិនល្អក្នុងឈាមបានយ៉ាងប្រសើរ។ លើសពីនេះទៅទៀត ខ្ទឹមបារាំង ក៏ជាប្រភពនៃសារធាតុ sulphides ដែលជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកក្រពះ និងពោះវៀនធំផងដែរ។ រីឯខ្ទឹមសវិញ ជួយរក្សាសុខភាពសសៃឈាមបេះដូងល្អប្រសើរ ដោយវាមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម និងការរលាកដែលជួយកាត់បន្ថយបញ្ហារលាកផ្សេងៗក្នុងសសៃឈាម ក៏ដូចជាកម្រិតនៃកូឡេស្តេរ៉ូលមិនល្អ ព្រមទាំងទប់ស្កាត់ការបំផ្លាញដល់ជញ្ចាំងខាងក្នុងនៃសសៃឈាមផងដែរ។
៥. រួមបញ្ចូលរមៀតក្នុងរបបអាហារ
ការទទួលទានអាហារមានផ្ទុករមៀតជាប្រចាំក៏ផ្ដល់អត្ថប្រយោជន៍ណាស់ដែរចំពោះប្រព័ន្ធសសៃឈាមបេះដូង។ នេះក៏ព្រោះតែរមៀតជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយបន្ថយកម្រិតនៃកូឡេស្តេរ៉ូលមិនល្អទប់ស្កាត់ហានិភ័យនៃជំងឺបេះដូង។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕