ទឹកដោះគោត្រូវបានគេដឹងថាសម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែសំខាន់ៗជាច្រើនមុខដែលមានប្រយោជន៍ចំពោះសុខភាពដូចជា៖ វីតាមីន A វីតាមីន B វីតាមីន D ជាតិកាល់ស្យូម ប្រូតេអ៊ីន និងអាស៊ីតឡាក់ទិក (Lactic Acid)។
ចំណែកឯទឹកឃ្មុំវិញ មានគុណប្រយោជន៍ជាច្រើនយ៉ាងដែលមានគុណតម្លៃខាងសុខភាពតាំងពីយូរលង់ណាស់មកហើយ ដោយសារវាមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម ប្រឆាំងនឹងមេរោគបាក់តេរី និងរោគផ្សិតផ្សេងៗ ថែមទាំងអាចមានលទ្ធភាពរារាំង ការពារ និងព្យាបាលបញ្ហារលាកក្នុងរាងកាយ ជំងឺផ្លូវដង្ហើម ព្រមទាំងបញ្ហាសុខភាពជាច្រើនផ្សេងទៀត។
ប៉ុន្តែតើអ្នកបានដឹងដែរឬទេថា គ្រាន់តែទទួលទានទឹកដោះគោ ជាមួយនឹងទឹកឃ្មុំបូកផ្សំបញ្ចូលគ្នាថែមទៀតនោះ រឹតតែអាចជួយបង្កើនសមត្ថភាពក្នុងការជំនួយដល់សុខភាពទ្វេដងផងដែរ ដែលធ្វើឱ្យអ្នកនឹកស្មានមិនដល់។
ចង់ដឹងថា ការទទួលទានទឹកដោះគោលាយទឹកឃ្មុំមានប្រយោជន៍សម្រាប់សុខភាព និងសម្រស់អ្វីខ្លះមកតាមដានទាំងអស់គ្នា៖
ថែរក្សាស្បែក
ទាំងទឹកដោះគោ និងទឹកឃ្មុំ សុទ្ធតែមានគុណសម្បត្តិ អាចធ្វើការប្រឆាំងមេរោគបាក់តេរី និងមានសមត្ថភាពលាងសម្អាតសុខភាពរាងកាយពីខាងក្នុងបានដូចគ្នា។ ដូច្នេះហើយបានជាការទទួលទានទឹកដោះគោលាយទឹកឃ្មុំ ក៏អាចជួយធ្វើឱ្យស្បែករបស់អ្នកទន់ ស រលោង ស្រស់ស្អាត និងមានសុខភាពល្អពីខាងក្នុងបានផងដែរ។
ហើយប្រសិនជាចង់ធ្វើឱ្យស្បែកកាន់តែស្រស់ស្អាតពីផ្នែកខាងក្រៅទៀតនោះ អ្នកអាចលាយទឹកដោះគោ និងទឹកឃ្មុំក្នុងបរិមាណស្មើគ្នា រួចលាយវានៅក្នុងទឹកអាង រួចគេងត្រាំទឹកនោះឱ្យបានយូរតាមដែលអាចធ្វើបាន នោះស្បែករបស់អ្នករឹតតែមានសភាពរលោង ស្រស់ស្អាតជាងមុនមិនខាន។
ជំនួយប្រព័ន្ធរំលាយអាហារ
ទឹកដោះគោ និងទឹកឃ្មុំជាប្រភពនៃ Prebiotics Probiotics និងសារធាតុសំខាន់ៗចាំបាច់ជាច្រើនទៀត ដែលអាចជួយបង្កើនចំនួនបាក់តេរីល្អៗនៅក្នុងក្រពះពោះវៀន និងប្រព័ន្ធរំលាយអាហារឱ្យមានសុខភាពល្អជាងមុន ព្រមទាំងកាត់បន្ថយការរីកលូតលាស់បាក់តេរីមិនល្អផងដែរ។ នៅពេលមានតុល្យភាពបាក់តេរីល្អៗនៅក្នុងរាងកាយបែបនេះ វាអាចជួយធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរល្អ ព្យាបាលអាការរលាក និងបញ្ហាសុខភាពផ្សេងៗរួមមាន៖ បញ្ហាទល់លាមក រមួលក្រពើ ហើមប៉ោង និងតឹងក្នុងពោះជាដើម។
ផ្តល់ថាមពលរាងកាយ
ការទទួលទានទឹកដោះគោលាយទឹកឃ្មុំមួយកែវរាល់ព្រឹក ត្រូវបានគេដឹងថា អាចជួយផ្តល់ថាមពលដល់រាងកាយបានយ៉ាងប្រសិទ្ធភាពផងដែរ។ ម្យ៉ាងវិញទៀត ដោយសារទាំងទឹកដោះគោ និងទឹកឃ្មុំ មានជាតិប្រូតេអ៊ីន ព្រមទាំងសារធាតុកាបូអ៊ីដ្រាតដែលមានប្រយោជន៍ (Carbohydrates) វាថែមទាំងអាចជួយជម្រុញមុខងារនៃការំលាយអាហារ និងការដុតបំផ្លាញជាតិខ្លាញ់ឱ្យដំណើរការល្អទៀតផង។ ដូច្នេះទាំងមនុស្សចាស់ និងក្មេងៗសុទ្ធតែអាចទទួលទានទឹកដោះគោ និងទឹកឃ្មុំនេះបានដើម្បីសុខភាព។
ជួយដល់សុខភាពឆ្អឹង
ទឹកឃ្មុំ អាចមានលទ្ធភាពជួយស្រូបយកសារធាតុចិញ្ចឹមសំខាន់ៗចាំបាច់ពីចំណីអាហារទៅកាន់រាងកាយ ជាពិសេសគឺជាតិកាល់ស្យូម ហើយដូចដែលអ្នកបានដឹងរួចហើយថា ទឹកដោះគោជាប្រភពនៃជាតិកាល់ស្យូម។ ដូច្នេះហើយការទទួលទានទឹកដោះគោលាយជាមួយទឹកឃ្មុំ អាចធ្វើឱ្យដំណើរការស្រូបយកសារធាតុចិញ្ចឹម និងជាតិកាល់ស្យូមទៅកាន់រាងកាយកាន់តែបានលឿន និងច្រើនជាងមុន ដែលគេបានដឹងថាជាតិកាល់ស្យូមនេះ អាចជួយធ្វើឱ្យឆ្អឹងរបស់អ្នកមានសុខភាពល្អ ថែមទាំងអាចបង្ការជំងឺពុកឆ្អឹង និងការរលាកផ្សេងៗដូចជារលាកសន្លាក់ឆ្អឹងជាដើម។
ជួយដល់ការគេង
ការទទួលទានទឹកដោះគោ និងទឹកឃ្មុំ ត្រូវបានគេប្រើជាទូទៅសម្រាប់ជំនួយដល់ការគេង ធ្វើឱ្យគេងលក់ស្រួល និងគេងលក់ស្កប់ស្កល់ ថែមទាំងអាចបង្ការបញ្ហាគេងមិនលក់ជាដើម។ បន្ថែមពីនេះ ទឹកឃ្មុំអាចជួយបង្កើនកម្រិតអរម៉ូនអាំងស៊ុយលីនក្នុងរាងកាយដើម្បីជម្រុញសារធាតុ Tryptophan បម្លែងជា Serotonin ទៅកាន់ខួរក្បាលដើម្បីឱ្យមានភាពធូរស្រាលពីភាពតានតឹងនិងធ្វើឱ្យការគេងកាន់តែមានភាពល្អប្រសើររាងមុន។
ប្រឆាំងនឹងភាពចាស់
ប្រជាជននៅបណ្តាប្រទេសមួយចំនួនដូចជា ក្រិច រ៉ូម និងឥណ្ឌា បានផ្សំទឹកឃ្មុំ ជាមួយនឹងទឹកដោះគោ សម្រាប់ទទួលទាន ដើម្បីជួយធ្វើឱ្យរាងកាយរហ័សរហួន រឹងមាំ និងមានសម្រស់ក្មេងជាវ័យផងដែរ។ បន្ថែមពីនោះ ដោយសារទឹកឃ្មុំ និងទឹកដោះគោសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងរ៉ាឌីកាល់សេរី ដែលអាចជួយរារាំងផលប៉ះពាល់ផ្សេងៗដល់រាងកាយនោះ វានឹងជួយធ្វើឱ្យអ្នកមានសុខភាពល្អ ជាពិសេសគឺការពារផលប៉ះពាល់នៃសុខភាពស្បែក ប្រឆាំងនឹងភាពចាស់ជ្រីវជ្រួញ និងជួយបំបាត់ស្នាមផ្សេងៗដែលកើតមានលើស្បែកផងដែរ។
ប្រឆាំងមេរោគ និងបាក់តេរី
ការទទួលទានទឹកដោះគោក្តៅឧណ្ហៗ លាយជាមួយនឹងទឹកឃ្មុំ អាចជួយបង្កើនសមត្ថភាពនៃការប្រឆាំងមេរោគ និងបាក់តេរីឱ្យកាន់តែល្អជាងមុន ជាពិសេសគឺអាចព្យាបាលបញ្ហាទល់លាមក បញ្ហាក្រពះពោះវៀន បញ្ហាហើម និងតឹងពោះដោយសារខ្យល់(ឧស្ម័ន) ផងដែរ។ បន្ថែមពីនោះ វាមានប្រយោជន៍ខ្លាំងសម្រាប់ព្យាបាលអ្នកដែលមានបញ្ហាប្រព័ន្ធផ្លូវដង្ហើម ដូចជា៖ បញ្ហាក្អក និងផ្តាសាយជាដើម៕