ឆាប់ភ្លេចពិបាកនឹងចងចាំមែនទេ? វាអាចបណ្ដាលមកពីកត្តាស្មានមិនដល់មួយចំនួន! មានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីកត្តាដែលអាចបង្កបញ្ហាឆាប់ភ្លេច ៖
១. ស្ត្រេសរ៉ាំរ៉ៃ
ភាពតានតឹងក្នុងអារម្មណ៍សឹងតែគ្រប់ពេលអាចជះផលប៉ះពាល់ដល់សមត្ថភាពនៃការចងចាំគួរឱ្យបារម្ភ! នេះក៏ព្រោះតែស្ត្រេសធ្វើឱ្យអ្នកពិបាកគេងលក់បានស្កប់ និងបង្កើនហានិភ័យនៃជំងឺធ្លាក់ទឹកចិត្តថែមទៀតផង។
២. ធ្លាក់ទឹកចិត្តធ្ងន់ធ្ងរ
ធ្លាប់ដឹងទេថាបញ្ហាធ្លាក់ទឹកចិត្តធ្ងន់ធ្ងរអាចធ្វើឱ្យអ្នកឆាប់ភ្លេចខុសធម្មតា? ការសិក្សាស្រាវជ្រាវជាច្រើននិយាយថា បុរសនិងស្ត្រីវ័យចំណាស់ដែលទទួលរងនូវបញ្ហានៃជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរ គឺប្រឈមមុខខ្ពស់នឹងហានិភ័យនៃការបាត់បង់ការចងចាំ ជាពិសេសប្រសិនបើមានជំងឺផ្លូវចិត្តណាមួយមិនទាន់ព្យាបាលស្រាប់។
៣. ឥទ្ធិពលនៃថ្នាំមួយចំនួន
ថ្នាំមួយចំនួនដូចជាថ្នាំ antihistamines, ថ្នាំងងុយគេង, ថ្នាំបញ្ចុះកូឡេស្តេរ៉ូល, ថ្នាំប្រឆាំងជំងឺធ្លាក់ទឹកចិត្ត, ថ្នាំប្រឆាំងជំងឺថប់បារម្ភ, ថ្នាំបំបាត់ការឈឺចាប់ប្រភេទខ្លះ និងថ្នាំសម្រាប់គ្រប់គ្រងជំងឺទឹកនោមផ្អែម សុទ្ធតែមានឥទ្ធិពលអាចបង្កបញ្ហាឆាប់ភ្លេចពិបាកចងចាំ។
៤. កង្វះវីតាមីន B12
វីតាមីន B12 គឺចាំបាច់ណាស់សម្រាប់ដំណើរការមុខងារខួរក្បាលប្រក្រតី។ នេះហើយជាមូលហេតុដែលកង្វះសារធាតុចិញ្ចឹមនេះអាចបង្កបញ្ហាឆាប់ភ្លេចពិបាកចងចាំ ជាពិសេសចំពោះមនុស្សវ័យចំណាស់។ ដូច្នេះដើម្បីជាការប្រសើរ ចូរព្យាយាមរួមបញ្ចូលអាហារមានផ្ទុកសម្បូរដោយវីតាមីន B12 ដូចជាសាច់, ត្រី និងផលិតផលអាហារផ្សំឡើងពីទឹកដោះគោជាដើមក្នុងរបបអាហារប្រចាំថ្ងៃ។
៥. ទទួលទានគ្រឿងស្រវឹងច្រើនលើសកម្រិត
ក្នុងកម្រិតមធ្យមគ្រឿងស្រវឹងអាចផ្ដល់នូវអត្ថប្រយោជន៍ល្អចំពោះសុខភាព ប៉ុន្តែការទទួលទានច្រើនពេកនឹងផ្ដល់នូវបញ្ហាផ្សេងៗជំនួសវិញ។ មួយក្នុងចំណោមនោះ គឺការឆាប់ភ្លេចពិបាកនឹងចងចាំ។
៦. កង្វះសារធាតុរាវ ឬជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយ
តើអ្នកធ្លាប់ដឹងទេថាសូម្បីតែកង្វះជាតិទឹកក្នុងរាងកាយក៏អាចជះផលប៉ះពាល់ដល់ការចងចាំ? អ្នកជំនាញផ្នែកសុខភាពជាច្រើននិយាយថា ភាពខ្សោះជាតិទឹកក្នុងរាងកាយអាចបង្ករោគសញ្ញដែលមិនខុសគ្នាពីជំងឺវង្វេង (dementia)។ ប្រសិនបើអ្នកចង់បង្កើនការចងចាំ ចូរប្រាកដថាអ្នកទទួលទានទឹកបានច្រើនគ្រប់គ្រាន់ជាប្រចាំ។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕