ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថា ភេសជ្ជៈមួយចំនួនមានប្រសិទ្ធភាពជួយបំបាត់អាការៈថប់បារម្ភបានយ៉ាងឆាប់រហ័ស។ មានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីភេសជ្ជៈដែលអ្នកគួរទទួលទានដើម្បីបំបាត់អាការៈថប់បារម្ភ ៖
១. ទឹកដូង
ការទទួលទានទឹកដូងជាវិធីដ៏ល្អបំផុតមួយដែលអ្នកគួរធ្វើនៅពេលជួបប្រទះអាការៈថប់បារម្ភ។ អ្នកជំនាញជាច្រើនបានឱ្យដឹងថា ជាតិប៉ូតាស្យូមនិងម៉ាញ៉េស្យូមក្នុងទឹកដូងជួយសម្រួលសាច់ដុំ និងកាត់បន្ថយអាការៈនៃបញ្ហាថប់បារម្ភបានយ៉ាងប្រសើរ។ ជាតិរ៉ែទាំងពីរនេះក៏ជួយទប់ស្កាត់បញ្ហាប្រព័ន្ធរំលាយអាហារដែលច្រើនកើតមានកំឡុងពេលជំងឺថប់បារម្ភវាយប្រហារផងដែរ។ ដើម្បីជាការប្រសើរចូរជ្រើសរើសទទួលទានទឹកដូងស្រស់ៗ ដោយមិនបន្ថែមស្ករ ឬគ្រឿងផ្សំកែច្នៃបន្ថែមរសជាតិណាមួយ។
២. ទឹកដោះគោ
១ កែវនៃទឹកដោះគោអាចជួយបំបាត់អាការៈថប់បារម្ភគួរឱ្យកត់សម្គាល់តាមរយៈអាស៊ីតអាមីណូ tryptophan ដែលភេសជ្ជៈនេះមានផ្ទុក។ បន្ថែមពីនេះទឹកដោះគោក៏ជាប្រភពនៃជាតិម៉ាញ៉េស្យូម និងកាល់ស្យូមដែលល្អសម្រាប់បញ្ចុះសម្ពាធឈាមផងដែរ។ ដើម្បីទទួលបានលទ្ធផលប្រសើរ ចូរព្យាយាមទទួលទានទឹកដោះគោក្ដៅឧណ្ហៗ។
៣. តែបៃតង
ការទទួលទានតែបៃតងមិនត្រឹមតែជួយសម្រកទម្ងន់និងទប់ស្កាត់ជំងឺមហារីកប៉ុណ្ណោះទេ ប៉ុន្តែភេសជ្ជៈនេះក៏ល្អសម្រាប់បំបាត់អាការៈនៃជំងឺថប់បារម្ភផងដែរ។ នេះក៏ព្រោះតែតែបៃតងជាប្រភពដ៏ប្រសើរនៃសារធាតុ L-theanine ដែលមានប្រសិទ្ធភាពទប់ទល់អាការៈនៃជំងឺថប់បារម្ភគួរឱ្យកត់សម្គាល់។ សម្រាប់អ្នកដែលចាញ់កាហ្វេអ៊ីន ចូរជ្រើសរើសទទួលទានតែបៃតងប្រភេទគ្មានផ្ទុកជាតិកាហ្វេអ៊ីន។
៤. តែផ្កា Chamomile
ប្រសិនបើមិនចង់ទទួលទានតែបៃតងទេនោះ អ្នកអាចជ្រើសរើសទទួលទានតែផ្កា Chamomile ជំនួសវិញក៏បានដើម្បីទប់ទល់អាការៈនៃបញ្ហាថប់បារម្ភ។ ភេសជ្ជៈនេះក៏ជួយឱ្យអ្នកគេងលក់បានស្កប់ផងដែរ ប្រសិនបើទទួលទាននៅមុនពេលចូលគេង។
៥. ទឹកផ្លែឈើរីស្រស់
ភេសជ្ជៈនេះមានប្រសិទ្ធភាពអាចជួយឱ្យស្ងប់អារម្មណ៍និងផ្ដល់ភាពធូរស្បើយដល់រាងកាយ ហើយនេះជាមូលហេតុដែលអ្នកចាំបាច់គួរទទួលទានទឹកផ្លែឈើរីស្រស់ៗ ១កែវកំឡុងពេលជំងឺថប់បារម្ភវាយប្រហារ។ ទឹកផ្លែឈើរីស្រស់ក៏ល្អសម្រាប់ព្យាបាលជំងឺគេងមិនលក់, កាត់បន្ថយកូឡេស្តេរ៉ូលមិនល្អក្នុងឈាម និងបំបាត់ការឈឺរលាកសន្លាក់។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕