ទោះបីជាភាគច្រើននៃពួកយើងស្គាល់និងឧស្សាហ៍ទទួលទានខ្ទឹមបារាំង ប៉ុន្តែប្រហែលជាមិនធ្លាប់ដឹងទេថាទឹកបន្លែមើមនេះអាចយកមកប្រើធ្វើអ្វីខ្លះដើម្បីថែរក្សាសម្រស់? ហើយត្រូវយកមកធ្វើបែបណា? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះប្រើប្រាស់ទឹកខ្ទឹមបារាំងស្រស់ថែសម្រស់ ៖
១. ព្យាបាលមុន
ទឹកខ្ទឹមបារាំងស្រស់មានសមត្ថភាពកម្ចាត់បាក់តេរីនិងព្យាបាលការរលាក ដូច្នេះវាល្អណាស់សម្រាប់ព្យាបាលមុន។ អ្វីដែលអ្នកត្រូវធ្វើ គឺបន្ទាប់ពីលាងសម្អាតស្បែកមុខរួចជាមួយផលិតផលលាងសម្អាតមុខដែលអ្នកប្រើជាប្រចាំរួច ចូរប្រើប្រាស់បន្ទះសំឡីជ្រលក់ក្នុងទឹកខ្ទឹមបារាំងស្រស់ និងលាបផ្ដិតៗលើតំបន់ស្បែកដែលមានបញ្ហា។ លាងសម្អាតចេញក្រោយរយៈពេលពី ២ ទៅ ៣ នាទី ឬនៅពេលអ្នកមានអារម្មណ៍ចាក់ឆៀបៗ។
២. បំបាត់អង្គែ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្ទឹមបារាំងស្រស់ ១ស្លាបព្រាបាយកន្លះជាមួយទឹកក្រូចឆ្មារស្រស់ ១ស្លាបព្រាកាហ្វេ។ កូរឱ្យសព្វ សឹមលាបម៉ាស្សាល្បាយថ្នមៗលើសក់និងស្បែកក្បាល។ រងចាំសម្រាប់រយៈពេលពី ១៥ ទៅ ២០នាទី សឹមលាងសម្អាតចេញជាមួយសាប៊ូកម្រិតស្រាលនិងទឹកក្ដៅឧណ្ហៗ។ អនុវត្តឱ្យបាន ២ដងក្នុងមួយសប្តាហ៍។
៣. គ្រប់គ្រងសក់ជ្រុះ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទឹកខ្ទឹមបារាំងស្រស់ ៤ស្លាបព្រាបាយជាមួយទឹកឃ្មុំ ១ស្លាបព្រាបាយឱ្យសព្វចូលគ្នា។ បន្ទាប់មកសឹមលាបល្បាយលើស្បែកក្បាលនិងម៉ាស្សាថ្នមៗសម្រាប់រយៈពេល ៥នាទីដោយប្រើប្រាស់ចុងម្រាមដៃ។ រងចាំសម្រាប់រយៈពេល ៣០នាទី ឬទុកចោលសម្រាប់រយៈពេលពេញមួយយប់ក៏បានដោយគ្រាន់តែគ្របឱ្យជិតតាមរយៈការពាក់មួកផ្លាស្ទិក។ លាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ និងប្រើប្រាស់សាប៊ូកក់សក់កម្រិតស្រាល។ អនុវត្តឱ្យបាន ២ដងក្នុងមួយសប្តាហ៍។
៤. បន្ថយស្នាមសំលាក
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបទឹកខ្ទឹមបារាំងស្រស់លើស្នាមសំលាកខ្មៅៗនោះឱ្យបានច្រើនដងក្នុងមួយថ្ងៃ។ អនុវត្តជាប្រចាំរហូតសម្គាល់ឃើញមានភាពប្រសើរឡើង សឹមប្ដូរមកអនុវត្តរូបមន្តនេះត្រឹមតែម្ដងក្នុងមួយថ្ងៃវិញ។ អ្នកក៏អាចលាយម្សៅរមៀតជាមួយទឹកខ្ទឹមបារាំងស្រស់ផងដែរដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរយ៉ាងឆាប់រហ័ស។
៥. រក្សាស្នាមញញឹមស្រស់ស្អាត
នៅពេលផ្នែកណាមួយនៃអញ្ចាញរងការរលាកនិងឈឺចាប់ ចូរប្រើប្រាស់ទឹកខ្ទឹមបារាំងបន្តិចលាបម៉ាស្សាត្រង់តំបន់នោះ។ ចៀសវាងទទួលទានភេសជ្ជៈ ឬអាហារសម្រាប់រយៈពេលប៉ុន្មាននាទីសិនដើម្បីទុកពេលឱ្យទឹកខ្ទឹមបារាំងស្រស់កម្ចាត់បាក់តេរី និងការរលាក ហើយសង្គ្រោះអញ្ចាញធ្មេញ និងធ្មេញពីការបំផ្លាញ។ ជាលទ្ធផលអ្នកនឹងអាចសើចញញឹមបានដោយភាពជឿជាក់។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕