តើអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាមនុស្សខ្លះមានស្បែកភ្លឺរលោងស្រស់ស្អាត? មានកត្តាច្រើនណាស់ដែលធ្វើឱ្យស្បែកមានសភាពបែបនេះ ហើយមួយក្នុងចំណោមនោះ គឺការទទួលទានអាហារត្រឹមត្រូវ ។ អ្វីដែលយើងទទួលទានជះឥទ្ធិពលចំពោះសុខភាពរាងកាយទាំងមូលតែម្ដង រួមទាំងសម្រស់ផងដែរ។
ដូច្នេះប្រសិនបើចង់ទទួលបានស្បែកភ្លឺរលោងស្រស់ស្អាត អ្នកគួរតែធ្វើការផ្លាស់ប្ដូរមួយចំនួនក្នុងរបបអាហារប្រចាំថ្ងៃ ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីផ្លែឈើមួយចំនួនដែលអ្នកគួររួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃដើម្បីទទួលបាននូវសុខភាពស្បែកល្អប្រសើរស្រស់ស្អាតភ្លឺរលោង ៖
១. ផ្លែបឺរ
ដើម្បីរក្សាបាននូវស្បែកដែលមានសុខភាពល្អ ក្មេងជាងវ័យ ហើយភ្លឺរលោងស្រស់ស្អាត អ្នកគួរទទួលទានផ្លែបឺរជាប្រចាំនោះក៏ព្រោះតែផ្លែឈើនេះជាប្រភពដប្រសើរបំផុតមួយនៃជាតិខ្លាញ់សុខភាពល្អ វីតាមីន B-complex និងវីតាមីន E។
២. ក្រូច
មិនថាក្រូចឆ្មារ ក្រូចថ្លុង ឬក្រូចអ្វីនោះទេសុទ្ធតែជាប្រភពដ៏ល្អបំផុតមួយនៃវីតាមីន C ដែលជួយសារធាតុ proline និងអាស៊ីតអាមីណូ lysine បំលែងទៅជាកូឡាជែន។ វីតាមីន C ក៏សំខាន់ក្នុងការកម្ចាត់រ៉ាឌីកាល់សេរីដែលវាយប្រហាយនិងបង្កការបំផ្លាញអេឡាស្ទីននិងកូឡាជែនក្នុងស្បែកផងដែរ។
៣. ទំពាំងបាយជូរ
ផ្លែឈើនេះល្អចំពោះទាំងសុខភាពរាងកាយនិងសម្រស់។ ការទទួលទានផ្លែទំពាំងបាយជូរជួយសម្អាតឈាមនិងធ្វើឱ្យស្បែកមានសំណើមមិនស្រអាប់។ សារធាតុ polyphenols ក្នុងគ្រាប់ទំពាំងបាយជូរជួយការពារស្បែកមិនឱ្យទទួលរងការបំផ្លាញពីសំណាក់រ៉ាឌីកាល់សេរីនិងពន្យឺតដំណើរការនៃភាពចាស់តាមវ័យ។
៤. ផ្លែទទឹម
ផ្លែឈើនេះជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយពន្យឺតដំណើរការនៃភាពចាស់តាមវ័យរបស់ស្បែក។ លើសពីនេះទៅទៀតផ្លែទទឹមក៏មានផ្ទុកសម្បូរទៅដោយសមាសធាតុម្យ៉ាងហៅថា phytoestrogens ដែលបង្កើនការផលិតកូឡាជែននិងអាស៊ីត hylauronic ធ្វើឱ្យស្បែកតឹងណែន។
៥. ល្ហុង
ល្ហុងមានផ្ទុកសម្បូរទៅដោយវីតាមីន C និងវីតាមីន A ដែលសុទ្ធតែល្អសម្រាប់រក្សាសុខភាពស្បែក។ ការទទួលទានល្ហុងជាប្រចាំអាចជួយបង្កើនកម្រិតកូឡាជែនរបស់ស្បែកគួរឱ្យកត់សម្គាល់៕