អាការៈនេះជាញឹកញយបណ្ដាលមកការច្រាលទឹកអាស៊ីតក្រពះ។ គួរធ្វើយ៉ាងណាទើបឆាប់បាត់? មិនពិបាកឡើយ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដោះស្រាយបញ្ហានេះ ៖
១. ទឹកដោះគោស្រស់
ជាតិកាល់ស្យូមខ្ពស់ក្នុងទឹកដោះគោជួយទប់ស្កាត់ការប្រមូលផ្ដុំអាស៊ីតក្នុងក្រពះ។ ដូច្នេះកុំភ្លេចទទួលទានទឹកដោះគោស្រស់ត្រជាក់មួយកែវនៅពេលណាអ្នកមានអារម្មណ៍ថាក្រហាយៗក្នុងក្រពះ ឬក្រោយពេលញ៊ាំអាហាររួច។ ទោះជាយ៉ាងណាត្រូវប្រាកដថា ទឹកដោះគោស្រស់ដែលអ្នកទទួលទានគ្មានស្ករនិងសារធាតុបន្ថែមផ្សេងទៀត។ ទោះជាយ៉ាងណារូបមន្តនេះមិនសាកសមសម្រាប់អ្នកដែលចាញឡាក់តូស ឬប្រូតេអ៊ីន casein ឡើយ។
២. ទឹកខ្មេះផ្លែប៉ោម
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោមពី ២ ទៅ ៣ស្លាបព្រាកាហ្វេក្នុងទឹកធម្មតា ១កែវ។ អ្នកក៏អាចបន្ថែមទឹកឃ្មុំ ១ស្លាបព្រាបាយចូលដើម្បីបង្កើនរសជាតិផងដែរ។ កូរឱ្យសព្វ សឹមទទួលទាន។ អ្នកអាចទទួលទានភេសជ្ជៈនេះរាល់ពេលច្រាលទឹកអាស៊ីតក្រពះ ប្រសិនបើក្រោយទទួលទានអស់មួយកែវហើយនៅមិនទាន់ធូរស្បើយ ចូរទទួលទាន ១កែវថែមទៀតក្រោយរយៈពេលពី ២ ទៅ ៣ម៉ោង។
៣. ទឹកប្រទាលកន្ទុយក្រពើ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានទឹកប្រទាលកន្ទុយក្រពើស្រស់សុទ្ធ ១០០ភាគរយ ចំនួនកន្លះពែងមុនពេលញ៊ាំអាហារ។ អ្នកអាចទទួលទាននៅពេលចង់បំបាត់អាការៈក្រហាយទ្រូងច្រាលទឹកអាស៊ីតក្រពះ។
៤. តែខ្ញី
ខ្ញីមានលក្ខណៈសម្បត្តិប្រឆាំងការរលាក និងបំបាត់អាការៈចង្អោរចង់ក្អួតដែលល្អណាស់សម្រាប់ដោះស្រាយបញ្ហាក្រហាយក្រពះបណ្ដាលមកពីច្រាលទឹកអាស៊ីតក្រពះ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែឆុងតែខ្ញី ១ពែង រួចបន្ថែមទឹកឃ្មុំចូលបន្តិច និងទទួលទានឱ្យបានម្ដង ឬ ២ដងក្នុងមួយថ្ងៃជាការស្រេច។
៥. តែបៃតង
តែបៃតងក៏ជាមានផ្ទុកលក្ខណៈសម្បត្តិប្រឆាំងការរលាកដែលប្រសើរសម្រាប់ដោះស្រាយបញ្ហាក្រហាយក្រពះ និងច្រាលទឹកអាស៊ីតក្រពះ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែឆុងតែបៃតង ១ថង់តូចក្នុងទឹកក្ដៅ ១ពែងសម្រាប់រយៈពេលពី ២ ទៅ ៣នាទី បន្ទាប់មកបន្ថែមទឹកឃ្មុំចូលបង្កើនរសជាតិ។ ទទួលទានឱ្យបាន ១ ឬ ២ពែងក្នុងមួយថ្ងៃ។
៦. ទឹក
ប្រសិនបើទឹកដោះគោបែរជាធ្វើឱ្យអាការៈរបស់អ្នកកាន់តែអាក្រក់ជាងមុន ចូរទទួលទានទឹកធម្មតា ១ កែវ ជំនួសវិញ។ ទឹកមានប្រសិទ្ធិភាពធ្វើឲ្យទឹកអាស៊ីតក្រពះស្រាល ឬខ្សោយ ហើយដើម្បីជាការប្រសើរនោះចូរទទួលទានទឹក ១ ទៅ ២ កែវនៅពេលព្រឹកខណៈពេលពោះទទេរ ប្រសិនបើអ្នកងាយនឹងជួបប្រទះបញ្ហាច្រាលទឹកអាស៊ីតក្រពះ។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕