បញ្ហាឈឺចាប់សាច់ដុំអាចបណ្ដាលមកពីមូលហេតុជាច្រើនរួមបញ្ចូលទាំងការរបួស ការប្រើប្រាស់ខ្លាំងពេក ការធ្វើលំហាត់ប្រាណ បញ្ហាលំហូរឈាម កង្វះជាតិរ៉ែដូចជាកាល់ស្យូម ប៉ូតាស្យូម និងម៉ាញ៉េស្យូម កង្វះជាតិទឹកក្នុងរាងកាយនិងឥទ្ធិពលនៃការប្រើប្រាស់ឱសថមួយចំនួន។ ប៉ុន្តែបើចង់បន្ថយ ឬបំបាត់អាការៈឈឺចាប់ក៏មិនពិបាកដែរ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យពីអាហារមួយចំនួនដែលមានប្រសិទ្ធភាពជួយដោះស្រាយបញ្ហាឈឺចាប់សាច់ដុំឆាប់រហ័ស ៖
១. ត្រីសម្បូរខ្លាញ់
រួមមានត្រីសាលម៉ុនជាដើម គឺមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់ល្អអូមេហ្កា ៣ ដែលចាំបាច់សម្រាប់ពន្លឿនភាពជាសះស្បើយនៃសាច់ដុំ។ ការរួមបញ្ចូលត្រីសម្បូរខ្លាញ់ក្នុងរបបអាហារប្រចាំថ្ងៃក៏ល្អសម្រាប់ពង្រឹងភាពរឹងមាំនៃសាច់ដុំផងដែរ។
២. អាហារមានផ្ទុកប្រូបាយអូទិក
រួមមានគីមឈី និងយ៉ាអួរជាដើម គឺជួយសម្រួលដល់ការរំលាយអាហារ។ ជាលទ្ធផលសាច់ដុំនឹងទទួលបាននូវសារធាតុចិញ្ចឹមតាមតម្រូវការដើម្បីជាសះស្បើយបានឆាប់។
៣. បន្លែបៃតង
បន្លែបៃតង ព្រមទាំងបន្លែប្រភេទ cruciferous ដូចជាប្រូខូលី និងផ្កាខាណាត់ណាជាដើមសុទ្ធតែមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមដែលជួយពន្លឿនភាពជាសះស្បើយនៃការឈឺចាប់សាច់ដុំ។
៤. អាហារសម្បូរវីតាមីន D
វីតាមីន D មិនត្រឹមតែជះឥទ្ធិពលគួរឱ្យព្រួយបារម្ភលើឆ្អឹងប៉ុណ្ណោះទេ ប៉ុន្តែក៏ចំពោះសុខភាពសាច់ដុំផងដែរ។ កង្វះវីតាមីននេះអាចបង្កបញ្ហាឈឺចាប់ដុំធ្ងន់ធ្ងរ ខ្សោយសាច់ដុំ ម៉ាសសាច់ដុំថយចុះ។ កង្វះវីតាមីន D ថែមទាំងអាចបង្កអាការៈឈឺចាប់រ៉ាំរ់ៃពេញក្នុងរាងកាយទៀតផង។
៥. ស៊ុត
ក្រៅពីមានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីន ស៊ុតក៏ជាប្រភពដ៏ប្រសើរនៃអាស៊ីតអាមីណូ leucine ដែលធម្មតាមានក្នុងទឹកដោះគោ។ អាស៊ីតអាមីណូនេះចាំបាច់សម្រាប់សុខភាពសាច់ដុំ។
៦. ទឹកខ្មេះផ្លែប៉ោម
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោម ១ ឬ ២ ស្លាបព្រាបាយក្នុងទឹក ១ កែវ។ កូរឱ្យសព្វ សឹមទទួលទាន។ អ្នកក៏អាចប្រើប្រាស់ទឹកខ្មេះផ្លែប៉ោមលាបផ្ទាល់លើកន្លែងដែលឈឺចាប់សាច់ដុំ ឬរមួលក្រពើផងដែរ។
៧. គ្រាប់ធញ្ញជាតិ
ពិសេសគ្រាប់អាល់ម៉ុន ក្រៅពីត្រីនិងបន្លែ គ្រាប់ធញ្ញជាតិនេះក៏ជាប្រភពដ៏ប្រសើរនៃប្រូតេអ៊ីន។ អាលម៉ុនក៏មានផ្ទុកអាស៊ីតខ្លាញ់អូមេហ្កា ៦ ដែលដើរតួនាទីចាំបាច់សម្រាប់ភាពជាសះស្បើយនៃសាច់ដុំផងដែរ។
៨. រមៀត
សារធាតុ curcumin ក្នុងរមៀតជាអ្វីដែលធ្វើឱ្យគ្រឿងទេសនេះមានប្រយោជន៍ក្នុងការបំបាត់ភាពឈឺចាប់សាច់ដុំ។ curcumin ជួយបន្ថយការរលាកនិងទប់ស្កាត់ការខូចខាតនៃសាច់ដុំ ខណៈដែលពន្លឿនភាពជាសះស្បើយ។
៩. អាហារសម្បូរប្រូតេអ៊ីន
សាច់ដុំត្រូវការប្រូតេអ៊ីនដើម្បីរក្សាមុខងារត្រឹមត្រូវ ការលូតលាស់ និងពន្លឿនការជាសះស្បើយ។ ដូច្នេះអ្នកគួរកុំភ្លេចរួមបញ្ចូលអាហារសម្បូរប្រូតេអ៊ីនក្នុងរបបអាហារប្រចាំថ្ងៃ។
១០. ឪឡឹក
មិនត្រឹមតែមានផ្ទុកជាតិទឹកខ្ពស់ជួយបំបាត់ភាពស្រេកទឹកប៉ុណ្ណោះទេ ប៉ុន្តែក៏ជាប្រភពដ៏ប្រសើរនៃសារធាតុចិញ្ចឹមផ្សេងៗផងដែរ។ ផ្លែឈើនេះថែមទាំងមានផ្ទុកអាមីណូអាស៊ីត l-citrulline ដែលជួយបំបាត់ភាពឈឺចាប់នៃសាច់ដុំ និងពន្លឿនភាពជាសះស្បើយគួរឱ្យកត់សម្គាល់។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕