រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃទី២៦ ខែតុលានេះថា សម្រេចលើកលែងកាតព្វកិច្ចធ្វើចត្តាឡីស័កចំពោះអ្នកជំងឺកូវីដ-១៩ ដែលបានបញ្ចប់ការព្យាបាលនៅតាមមន្ទីរពេទ្យ ឬមណ្ឌលព្យាបាលជំងឺកូវីដ-១៩ និងអ្នកជំងឺកូវីដ-១៩ សម្រាកថែទាំ និងព្យាបាលនៅតាមផ្ទះ ។
ក្រសួងបានបន្តថា អ្នកជំងឺកូវីដ-១៩ សម្រាកថែទាំ និងព្យាបាលនៅតាមផ្ទះត្រូវបានអនុញ្ញាតឱ្យបញ្ចប់ការព្យាបាលទៅតាមលក្ខខណ្ឌខាងក្រោម ៖
ករណីអ្នកជំងឺកូវីដ-១៩ ពុំបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋានបានពេញលេញ អនុញ្ញាតឱ្យបញ្ចប់ការព្យាបាលនៅថ្ងៃទី១៤ ប្រសិនបើពុំមានរោគសញ្ញាជំងឺកូវីដ-១៩ រយៈពេល ៣ថ្ងៃចុង ក្រោយបន្តបន្ទាប់គ្នា (ថ្ងៃទី១១ ១២ និង១៣) និងពុំតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃទៀតទេ ។
បើករណីអ្នកជំងឺកូវីដ-១៩ បានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន បានពេញលេញ ហើយចាប់ពីថ្ងៃទី៦ ទៅពុំមានរោគសញ្ញាជំងឺកូវីដ-១៩ រយៈពេល៣ថ្ងៃបន្តបន្ទាប់គ្នា (ថ្ងៃទី៦ ៧ និង៨) ត្រូវធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដោយខ្លួនឯងនៅថ្ងៃទី៩ ។ ប្រសិនបើទទួលបានលទ្ធផលតេស្តកូវីដ-១៩ អវិជ្ជមាន អនុញ្ញាតឱ្យបញ្ចប់ការព្យាបាល និងពុំតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃទៀតទេ ។
ប្រសិនបើលទ្ធផលតេស្តកូវីដ-១៩ វិជ្ជមានត្រូវធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដោយខ្លួនឯងឡើងវិញនៅ ២ថ្ងៃបន្ទាប់ (ថ្ងៃទី១១) ហើយអនុញ្ញាត ឱ្យបញ្ចប់ការព្យាបាល ប្រសិនបើទទួលបានលទ្ធផលតេស្តកូវីដ-១៩ អវិជ្ជមាន និងពុំតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃទៀតទេ ។
ក្រសួងក៏បានលើកឡើងថា ក្នុងករណីពុំមានលទ្ធភាពធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដោយខ្លួនឯងនៅថ្ងៃទី៩ អនុញ្ញាតឱ្យបញ្ចប់ការព្យាបាលនៅថ្ងៃទី១២ ប្រសិនបើពុំមានរោគសញ្ញាជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី៩ ទៅរយៈពេល៣ថ្ងៃបន្តបន្ទាប់គ្នា (ថ្ងៃទី៩ ១០ និង១១) និងពុំតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃទៀតទេ។
ក្រសួងបានលើកឡើងទៀតថា លក្ខខណ្ឌចត្តាឡីស័ករយៈពេល ១៤ថ្ងៃចំពោះអ្នកជំងឺកូវីដ-១៩ ដែលបានបញ្ចប់ការព្យាបាលនៅតាមមន្ទីរពេទ្យ ឬមណ្ឌលព្យាបាលជំងឺកូវីដ-១៩ និងអ្នកជំងឺកូវីដ-១៩ សម្រាកថែទាំ និងព្យាបាលនៅតាមផ្ទះដែលបានដាក់ឱ្យប្រើប្រាស់នាពេលកន្លងមកត្រូវទុកជានិរាករណ៍។
ចំពោះអ្នកជំងឺកូវីដ-១៩ ដែលត្រូវបានអនុញ្ញាតឱ្យបញ្ចប់ការព្យាបាល ទោះបីត្រូវបានលើកលែងកាតព្វកិច្ចចត្តាឡីស័ក ប៉ុន្តែត្រូវតែបន្តអនុវត្តវិធានការសុខាភិបាលជាធរមានដោយចូលរួមអនុវត្តឱ្យបាននូវវិធានការ ៣កុំ ៣ការពារឱ្យបានខ្ជាប់ខ្ជួន ៕