បញ្ហាឡើងរោលកន្ទួលក្រហមមិនពិបាកព្យាបាលឡើយ! គួរធ្វើបែបណា? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តធម្មជាតិជួយដោះស្រាយបញ្ហានេះ ៖
១. តែបៃតង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែឆុងតែបៃតង ១ស្លាបព្រាកាហ្វេក្នុងទឹកក្ដៅ ១ពែងសម្រាប់រយៈពេលពី ៥ ទៅ ១០នាទី។ ទុករហូតដល់តែប្រែជាត្រជាក់សិន សឹមប្រើប្រាស់បន្ទះសំឡីជ្រលក់លាបទឹកតែបៃតងលើតំបន់ស្បែកដែលមានបញ្ហា។ រងចាំសម្រាប់រយៈពេលយ៉ាងហោចណាស់ ៣០នាទី សឹមលាងសម្អាតចេញ។ អនុវត្តម្ដងក្នុងមួយថ្ងៃជាប្រចាំ។
២. ប្រទាលកន្ទុយក្រពើ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបជែលប្រទាលកន្ទុយក្រពើស្រស់ៗលើស្បែកដែលមានបញ្ហារោលកន្ទួលក្រហម។ រងចាំសម្រាប់រយៈពេលយ៉ាងហោចណាស់ ៣០នាទី សឹមលាងសម្អាតចេញ។ អនុវត្តឱ្យបានម្ដង ឬ ២ដងក្នុងមួយថ្ងៃ។
៣. ទឹកខ្មេះផ្លែប៉ោម
លាយទឹកខ្មេះផ្លែប៉ោម ១ស្លាបព្រាបាយជាមួយទឹកកន្លះពែង។ កូរឱ្យសព្វ សឹមប្រើប្រាស់បន្ទះសំឡីជ្រលក់លាបទឹកខ្មេះផ្លែប៉ោមលើស្បែក។ រងចាំរហូតដល់ស្ងួតជ្រាបចូលក្នុងស្បែក។ អនុវត្តឱ្យបាន ២ដងក្នុងមួយថ្ងៃជាប្រចាំ។
៤. ប្រេងដូង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែចាក់ប្រេងដូងបន្តិចលើបាតដៃ រួចសឹមលាបថ្នមៗលើតំបន់ស្បែកដែលទទួលរងផលប៉ះពាល់។ រងចាំសម្រាប់រយៈពេលពី ៣០ ទៅ ៦០នាទី សឹមលាងសម្អាតចេញ។ អ្នកក៏អាចទុកចោលសម្រាប់រយៈពេលពេញមួយយប់ផងដែរ។ អនុវត្តម្ដងក្នុងមួយថ្ងៃ។
៥. ម្សៅ Baking soda
លាយម្សៅ Baking soda ១ស្លាបព្រាកាហ្វេក្នុងទឹកឱ្យក្លាយជាល្បាយខាប់ៗ។ បន្ទាប់មកលាបល្បាយលើរោលកន្ទួលក្រហម និងរងចាំរហូតដល់ស្ងួត សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។ អនុវត្តម្ដងក្នុងមួយថ្ងៃ។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕