ជំងឺទឹកនោមផ្អែមកើតមានយ៉ាងច្រើននៅក្នុងប្រទេសកម្ពុជានិងនៅក្នុងពិភពលោក។ប៉ុន្តែគេនៅតែមានការយល់ច្រឡំនៅឡើយអំពីជំងឺនេះហើយការយល់ច្រឡំទាំងនោះក៏ធ្វើអោយប៉ះពាល់ដល់ការគ្រប់គ្រងជំងឺទឹកនោមផ្អែម។ខាងក្រោមនេះគឺជាការយល់ច្រឡំដែលគេឃើញមានញឹកញាប់។
១. ទឹកនោមផ្អែមមិនមែនជាជំងឺគ្រោះថ្នាក់ដល់ជីវិតទេ
ទឹកនោមផ្អែមគឺជាជំងឺដែលពិឃាតជាសកល ដោយប្រកួតប្រជែងជាមួយនឹងជំងឺអេដស៍។ វាបានសម្លាប់មនុស្សប្រហែលជា ៣.៨ លាននាក់ក្នុងមួយឆ្នាំ។ នៅរាល់ ១០វិនាទី មានមនុស្សម្នាក់ស្លាប់ដោយ សារតែបុព្វហេតុដែលទាក់ទងទៅនឹងជំងឺទឹកនោមផ្អែម។
២. ជំងឺទឹកនោមផ្អែមអាចកើតមានតែក្នុងប្រទេសអ្នកមានប៉ុណ្ណោះ
ជំងឺទឹកនោមផ្អែមកើតមានលើមនុស្សគ្រប់រូបដោយមិនគិតពីប្រាក់ចំណូលលរបស់មនុស្សទេ។ ជំងឺនេះកំពុងតែ កើនឡើងជាប្រចាំ។ នៅលើពិភពលោកយើងនេះមានមនុស្សកើត ជំងឺទឹកនោមផ្អែមច្រើនជាង ២៤០លាន នាក់ទៅទៀត។ អត្រាកំណើននេះនឹងកើនឡើងរហូតដល់ ៣៨០លាននាក់នៅឆ្នាំ២០២៥។ នៅក្នុងប្រទេស ជាច្រើននៅក្នុងតំបន់អាស៊ី, មជ្ឈឹមបូព៌ា មហាសសមុទ្រអូសេអានី, និង តំបន់ការីប៊ីន ជំងឺទឹកនោមផ្អែមប៉ះពាល់មនុស្សរហូតដល់ ១២-២០% ហើយ នៅឆ្នាំ២០២៥ ៨០% នៃ អត្រាជំងឺទឹកនោមផ្អែមទាំងអស់នឹងឃើញមាននៅក្នុង ប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម។
៣. ជំងឺទឹកនោមផ្អែមទទួលថវិកាយ៉ាងច្រើននៅក្នុងពិភពលោក
ជំនួយអភិវឌ្ឍន៍ផ្លូវការទៅលើផ្នែកសុខភាពក្នុងឆ្នាំ២០០២ បានឡើងដល់ ២៩០០លានដុល្លារ ដែលក្នុងនោះ មានតែ ០,១%តែប៉ុណ្ណោះដែលបានយកទៅផ្គត់ផ្គង់ទៅលើប្រភេទជំងឺរាុំរ៉ៃដែលមិនមែនជាជំងឺឆ្លង។ ជំនួយភាគច្រើន គឺយកទៅ ឧបត្ថម្ភទៅលើជំងឺអេដស៍។ ជាងនេះទៅទៀត ធនាគារពិភពលោកបានអោយប្រាក់ កម្ចីចំនួន ៤២០០លាន ដុល្លារសម្រាប់ បញ្ហាសុខភាព កំណើនប្រជាជន និង អាហារូបត្ថម្ភ នៅចន្លោះឆ្នាំ១៩៩៧ និង ២០០២ ហើយមានតែ២,៥%តែប៉ុណ្ណោះដែល យកទៅប្រើលើជំងឺរាុំរ៉ៃទាំងអស់នេះ។
៤. ការថែរក្សាជំងឺទឹកនោមផ្អែមគឺមិនថ្លៃទេ
ការថែទាំអ្នកជំងឺទឹកនោមផ្អែមគឺត្រូវចំណាយច្រើនណាស់ ហើយវាងាយធ្វើអោយមាន បញ្ហាដល់ប្រពន្ធ័ ថែរក្សា សុខភាពណាស់។ ឱកាសសេដ្ឋកិច្ច ដែលអង្គការសហប្រជាជាតិចង់បង្កើតសម្រាប់ប្រទេសអភិវឌ្ឍន៍ តាមរយៈ គោលដៅ អភិវឌ្ឍន៍ សហសវត្សរ៍ នឹង ត្រូវប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារ ផលប៉ះពាល់សេដ្ឋកិច្ចដែលបណ្ដាល មកពីជំងឺទឹកនោម ផ្អែមក្នុងប្រទេសដែលមានប្រាក់ចំណូលទាប និង សមធ្យម។
៥. ជំងឺទឹកនោមផ្អែមអាចកើតមានតែលើមនុស្សចាស់តែប៉ុណ្ណោះ
ជំងឺទឹកនោមផ្អែមអាចកើតមានឡើងលើមនុស្សគ្រប់វ័យ។ មនុស្សប្រហែល ២៤៦ លាននាក់ដែលមានអាយុ ចន្លោះពី ២០ ទៅ ៧៩ឆ្នាំអាចនឹងកើតជំងឺទឹកនោមផ្អែម។ នៅក្នុងប្រទេសអភិវឌ្ឍន៍ ជំងឺទឹកនោមផ្អែមកើតមានឡើង យ៉ាងហោចណាស់ ៨០លាននាក់លើមនុស្សដែលមានអាយុចន្លោះពី ៤០-៥៩ ឆ្នាំ។
៦. ជំងឺទឹកនោមផ្អែមអាចកើតមានឡើងតែលើអ្នកធាត់ជ្រុល
ប្រហែលជា ១៥% នៃមនុស្សដែលកើតមានជំងឺទឹកនោមផ្អែមប្រភេទ២ គឺជាមនុស្សយុវវ័យដែលមិន ធាត់លើស ទម្ងន់ទេ។
៧. ជំងឺទឹកនោមផ្អែមភាគច្រើនកើតលើបុរស
ជំងឺទឹកនោមផ្អែមអាចកើតលើស្ដ្រីច្រើនជាងបុរសបន្ដិច។ វាក៏កំពុងកើនឡើងយ៉ាងខ្លាំងក្នុងចំណោមយុវវ័យ និងកំពុងគំរាម កំហែងបំផ្លេចបំផ្លាញដល់ប្រជាជនជនជាតិដើមផងដែរ។
៨. មនុស្សមិនអាចបង្ការជំងឺទឹកនោមផ្អែមបានទេ
ជំងឺទឹកនោមផ្អែមប្រភេទ១ គឺយើងមិនអាចបង្ការបានទេ តែជំងឺទឹកនោមផ្អែមប្រភេទ២ យើងអាចបង្ការវា
បានរហូតដល់ទៅ ៨០% ដោយការទទួលទានអាហារដែលធ្វើអោយមានសុខភាពល្អ, បង្កើនការហាត់ប្រាណ, និង ជំរុញការរស់នៅក្នុង របៀបមួយដែលធ្វើអោយយើងមានសុខភាពល្អ។
៩. ការបង្ការជំងឺទឹកនោមផ្អែមចំណាយច្រើនពេក
មានវិធីបង្ការជំងឺទឹកនោមផ្អែមជាច្រើនដែលមិនថ្លៃទេហើយចំណាយតិចតែមានប្រសិទ្ឋភាព។ ជាក់ស្ដែងដូចជាយុទ្ឋសាស្ដ្រកែលម្អបរិស្ថានរស់នៅអោយមានលក្ខណៈប្រសើរឡើង, ការផ្លាស់ប្ដូរចំណីអាហារ និង បង្កើនការហាត់ប្រាណអាចជួយកាត់បន្ថយការរាតត្បាតជំងឺនេះ។
ប្រភពៈ សហព័ន្ធជំងឺទឹកនោមផ្អែមអន្ដរជាតិនៅប្រ៊ុយសែល