ការលើកកម្ពស់ការយល់ដឹងនៅក្នុងចំណោមអ្នកវិជ្ជាជីវៈនិងសាធារណជនអំពីកត្ដាហានិភ័យនិងរោគសញ្ញារបស់ទឹកនោមផ្អែមជាជំហានដ៏មានសារសំខាន់ឆ្ពោះទៅរកការគ្រប់គ្រងនិងការបង្ការ។ ការបង្ការទឹកនោមផ្អែមអាចបែងចែកជាការបង្ការបឋមនិងបន្ទាប់បន្សំ៖
-ការបង្ការបឋម៖ គេត្រូវរកអោយឃើញនិងការពារបុគ្គលដែលមានហានិភ័យពីការកើតជំងឺទឹកនោមផ្អែម។ ដូច្នេះ វាមានឥទ្ឋិពលដោយកាត់បន្ថយទាំងសេចក្ដីត្រូវការសម្រាប់ការថែទាំជំងឺទឹកនោមផ្អែមនិងសេចក្ដីត្រូវការដើម្បី ព្យាបាលផលវិបាកដែលទាក់ទងនឹងជំងឺទឹកនោមផ្អែម។
ខណៈដែលមិនទាន់មានភស្ដុតាងរឹងមាំនៅឡើយដែលបង្ហាញថាទឹកនោមផ្អែមប្រភេទមួយអាចការពារបានឬអត់នោះ ការបង្ការបឋមចំពោះទឹកនោមផ្អែមប្រភេទពីរគឺមានលទ្ឋភាពអាចធ្វើបាន។ ការកែប្រែរបៀប រស់នៅសំដៅសម្រកនិងគ្រប់គ្រងទម្ងន់និងបង្កើនសកម្មភាពរាង្គកាយជាគោលដៅសំខាន់នៅក្នុងការបង្ការទឹកនោមផ្អែមប្រភេទពីរ។ ផលប្រយោជន៍នៃការកាត់បន្ថយទម្ងន់និងការបង្កើនសកម្មភាពរាង្គកាយមិនមែនមានសម្រាប់តែអ្នកទឹកនោមផ្អែមទេ វាទាំងនេះក៏មានតួនាទីមួយកាត់បន្ថយជំងឺបេះដូងនិងសម្ពាធឈាមខ្ពស់ផងដែរ។
-ការបង្ការបន្ទាប់បន្សំ៖ វាទាក់ទងនឹងការឆាប់រកឃើញនិងការបង្ការផលវិបាក។ ដូច្នេះវាកាត់បន្ថយតម្រូវការព្យាបាល។ ការឆាប់ ចាត់វិធានការនៅពេលមានទឹកនោមផ្អែម នឹងផ្ដល់ប្រយោជន៍ច្រើនចំពោះគុណភាពជីវិតនិងមានប្រសិទ្ឋភាព ពិសេសនៅពេលវិធានការនោះអាចទប់ស្កាត់ការបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ឥឡូវមានភស្ដុតាងដែលថាការគ្រប់ គ្រងល្អទៅលើកម្រិតជាតិស្ករអាចកាត់បន្ថយយ៉ាងច្រើនគួរសមចំពោះហានិភ័យដែលនាំអោយកើតមានផលវិបាក និងពន្យឺតការវិវត្ដន៍នៃជំងឺទឹកនោមផ្អែមគ្រប់ប្រភេទ។ ការគ្រប់គ្រងសម្ពាធឈាមខ្ពស់និងការកើនឡើងជាតិខ្លាញ់ក៏មានសារសំខាន់ដែរ។
ប្រភព៖ សហព័ន្ធជំងឺទឹកនោមផ្អែមនៅប្រ៊ុយសែល