ជួនកាលនៅពេលព្យាយាមកម្ចាត់អង្គែ អ្នកអាចធ្វើខុសដែលនាំឱ្យបញ្ហាកាន់តែអាក្រក់ឡើយ។ ឧទាហរណ៍ អ្នកបែរជាកក់សម្អាតសក់ញឹកញាប់ ឬតិចដឹងពេក។ ហើយរបៀបនៃការសិតសក់ក៏អាចជះឥទ្ធិពលគួរឱ្យកត់សម្គាល់ផងដែរ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញពីទម្លាប់ដែលធ្វើឱ្យឡើងអង្គែមិនឈប់ ៖
១. មិនសិតសក់ឱ្យបានត្រឹមត្រូវ
ការសិតសក់ជួយសម្រួលចរន្តឈាមរត់និងកម្ចាត់កោសិកាស្បែកងាប់ៗ។ តាមរយៈការសិតសក់ អ្នកអាចកម្ចាត់ធូលីពីស្បែកក្បាលបានផងដែរ។ ជាលទ្ធផលកាត់បន្ថយអង្គែបានយ៉ាងប្រសើរ។ អ្នកចាំបាច់គួរសិតសក់ ២ដងក្នុងមួយថ្ងៃ និងមិនគួរធ្វើច្រើនដងពេកឡើយដែលអាចនាំឱ្យសក់ជ្រុះ។ ព្យាយាមចៀសវាងការសិតសក់ខ្លាំងដែលអាចបង្កផលប៉ះពាល់ដល់ស្បែកក្បាលនាំឱ្យហើម។
២. ស្ត្រេសពេក
នៅពេលស្ត្រេស នោះប្រព័ន្ធភាពស៊ាំរាងកាយរបស់ពួកយើងនឹងទទួលរងផលប៉ះពាល់ដែលប្រែជារំញោចការផលិតជាតិប្រេងលើស្បែកក្បាល ព្រមទាំងរោគផ្សិត malassezia។ ប្រសិនបើអ្នកសម្គាល់ឃើញថា ចាប់ផ្ដើមឡើងអង្គែកំឡុងពេលជាក់លាក់ណាមួយ ចូរកត់ទុកនូវអ្វីដែលបានកើតឡើងកំឡុងពេលនោះ ហើយថាតើវាជះផលប៉ះពាល់បែបណាចំពោះសុខភាពសក់? ដើម្បីអាចផ្ដល់ភាពធូរស្បើយខ្លះដល់អារម្មណ៍ ចូរព្យាយាមធ្វើសកម្មភាពណាមួយដែលជួយកាត់បន្ថយស្ត្រេសដូចជាការហាត់ប្រាណ, ការហាត់យូហ្កា, ដើរលេង, ស្ដាប់តន្ត្រី និងលេងកីឡាជាដើម។
៣. កក់សក់ញឹកញាប់ពេក ឬមិនសូវកក់សក់សោះ
នៅពេលអ្នកខ្ជិល ឬមិនសូវកក់សម្អាតសក់ នោះស្បែកក្បាលនឹងប្រមូលផ្ដុំទៅដោយជាតិប្រេង ហើយគួបផ្សំនឹងញើសវាបង្កជាបរិយាកាសដ៏ប្រសើរសម្រាប់អង្គែឱ្យលេចឡើង។ ម្យ៉ាងវិញទៀត សាប៊ូកក់សក់ក៏មិនគួរត្រូវបានយកមកប្រើរាល់ថ្ងៃដែរ ខណៈដែលវានឹងកម្ចាត់ជាតិប្រេងចាំបាច់ដែលស្បែកក្បាលត្រូវការចាំបាច់សម្រាប់ការលូតលាស់ និងរក្សាភាពរឹងមាំ ហើយក៏ធ្វើឱ្យស្បែកក្បាលប្រែជាស្ងួត។ អ្នកជំនាញជាច្រើនណែនាំឱ្យអ្នកកក់សក់រៀងរាល់ពី ២ ទៅ ៣ថ្ងៃបានហើយដើម្បីចៀសផុតពីបញ្ហាដូចបានរៀបរាប់។
៤. អ្នកមិនប្រើប្រាស់ក្រែមបន្ទន់សក់
ក្រៅពីភាពកខ្វក់ និងសំណល់ផ្សេងៗ នៅពេលអ្នកកក់សម្អាតសក់ អ្នកក៏កម្ចាត់នូវជាតិប្រេងធម្មជាតិរបស់វាផងដែរ។ ជាតិប្រេងនោះចាំបាច់ត្រូវបានបំពេញបន្ថែម ហើយនេះជាតួនាទីរបស់ក្រែមបន្ទន់សក់។ តាមរយៈការប្រើប្រាស់ក្រែមបន្ទន់សក់ អ្នកក៏បានបន្ថែមនូវវីតាមីន និងសារធាតុចិញ្ចឹមដល់សក់ដែលជួយបង្កើនភាពភ្លឺរលោងមានទម្ងន់ និងទប់ស្កាត់បញ្ហាស្ងួតជ្រុលគួរឱ្យកត់សម្គាល់់។
៥. អ្នកលាងសម្អាតសក់មិនបានត្រឹមត្រូវ
អ្នកចាំបាច់គួរលាងសម្អាតសក់ឱ្យបានត្រឹមត្រូវ និងជ្រះសព្វ ដើម្បីអាចកម្ចាត់នូវរាល់កាកសំណល់ផ្សេងៗដែលអាចឱ្យឡើងអង្គែ។ ប្រសិនបើលាងសម្អាតមិនបានត្រឹមត្រូវនោះកាកសំណល់ គួបផ្សំនឹងភាពកខ្វក់ ព្រមទាំងការបញ្ចេញជាតិប្រេងពីស្បែកក្បាល នោះអ្នកចៀសមិនផុតពីបញ្ហាអង្គែឡើយ។
៦. អ្នកទទួលទានអាហារផ្អែម ឬមានផ្ទុកជាតិស្ករច្រើនពេក
ស្ករអាចជះឥទ្ធិពលលើសុខភាពសក់ដោយបង្កើតនូវអតុល្យភាពអ័រម៉ូនក្នុងរាងកាយ។ វាបង្កើនកម្រិតនៃជាតិស្ករក្នុងឈាម ដូច្នេះក្រពេញចាប់ផ្ដើមផលិតជាតិប្រេងកាន់តែច្រើនឡើង។ នេះហើយជាមូលហេតុដែលនាំឱ្យអ្នកមានបញ្ហាសក់ឡើងប្រេងខ្លាំងលឿន ប្រសិនបើរបបអាហារមានផ្ទុកសម្បូរទៅដោយជាតិស្ករ។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕