ទោះបីជាអាចផ្ដល់នូវអត្ថប្រយោជន៍ស្មានមិនដល់ជាច្រើនចំពោះសុខភាព ប៉ុន្តែប្រសិនបើទទួលទានច្រើនពេកវាក៏អាចជះនូវផលប៉ះពាល់មួយចំនួនចំពោះសុខភាពផងដែរ។ ថាតើផលប៉ះពាល់ទាំងនោះមានអ្វីខ្លះ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញពីមូលហេតុដែលអ្នកមិនគួរញ៊ាំខ្ញីច្រើនពេក ៖
១. វាអាចបង្កអាការៈក្រហាយទ្រូង
នៅពេលទទួលទានច្រើនពេកលើសពី ៤ក្រាមក្នុងមួយថ្ងៃ ខ្ញីអាចបង្កអាការៈក្រហាយទ្រូងកម្រិតស្រាល។ ផលរំខានផ្សេងទៀតអាចជាអាការៈឈឺ និងក្រហាយក្នុងពោះ។
២. បញ្ចុះជាតិស្ករក្នុងឈាមខ្លាំងពេក
ខ្ញីអាចផ្ដល់ផលល្អចំពោះអ្នកជំងឺទឹកនោមផ្អែមតាមរយៈការបញ្ចុះកម្រិតនៃជាតិស្ករក្នុងឈាម។ ទោះជាយ៉ាងណា ការទទួលទានអមជាមួយថ្នាំទឹកនោមផ្អែមផ្សេងទៀតអាចបង្កជាបញ្ហា។ ខ្ញីអាចជះឥទ្ធិពលលើថ្នាំ ហើយថែមទាំងធ្វើឱ្យកម្រិតនៃជាតិស្ករក្នុងឈាមធ្លាក់ចុះទាបពេកដែលមិនល្អឡើយ។
៣. វាអាចបង្កអាការរាគរូស
ប្រសិនបើទទួលទានក្នុងបរិមាណច្រើន ខ្ញីក៏អាចបណ្ដាលឱ្យអ្នកជួបប្រទះអាការៈរាគរូសផងដែរ។ នេះក៏ព្រោះតែវាមនផ្ទុកសារធាតុ Gingerols ដែលបង្កើនល្បឿននៃអាហារដែលត្រូវឆ្លងកាត់តាមពោះវៀននាំឱ្យរាគ។
៤. វាអាចបង្កអាការៈឈឺពោះ
ខ្ញីរំញោចការបញ្ចេញទឹកប្រមាត់ដែលមានអត្ថប្រយោជន៍សម្រាប់ការរំលាយអាហារ ប៉ុន្តែប្រសិនបើក្រពះរបស់អ្នក គឺទទេរ នោះវាអាចនាំឱ្យមានការរំញោចដល់ក្រពះខ្លាំងពេកបង្កបញ្ហាពិបាករំលាយអាហារ និងឈឺពោះ។ បន្ថែមពីនេះសារធាតុ gingerol ក្នុងខ្ញី (ដែលស្រដៀងនឹងសារធាតុ capsaicin នៃម្ទេសនិងគ្រឿងទេសផ្សេងទៀត) អាចធ្វើឱ្យក្រពះផលិតអាស៊ីតកាន់តែច្រើនឡើងផងដែរ។
៥. អាចនឹងគ្មានសុវត្ថិភាពកំឡុងពេលមានផ្ទៃពោះ
ទោះបីជាខ្ញីអាចកាត់បន្ថយអាការៈចង្អោរចង់ក្អួតចំពោះស្ត្រីមានផ្ទៃពោះ ប៉ុន្តែអ្នកក៏ចាំបាច់ត្រូវដឹងពីផលវិបាកនៃគ្រឿងទេសនេះផងដែរ។ យោងតាមការស្រាវជ្រាវជាច្រើនបានឱ្យដឹងថា ការទទួលទានខ្ញីអាចបង្កើនហានិភ័យនៃការរលូតកូន ប្រសិនបើមិនទទួលទានតិចជាង ១៥០០មីលីក្រាមក្នុងមួយថ្ងៃ។ ការទទួលទានខ្ញីច្រើនពេកកំឡុងពេលមានផ្ទៃពោះក៏អាចបង្កើនហានិភ័យនៃបញ្ហាច្រាលអាស៊ីតក្រពះ និងក្រហាយទ្រូងផងដែរ។ ខ្ញីអាចបង្កើនការហូរឈាមដែលមិនល្អសម្រាប់ស្ត្រីជាម្ដាយដែលបាត់បង់ឈាមច្រើនកំឡុងពេលសម្រាល។ ដូច្នេះចាំបាច់ត្រូវតមខ្ញីមួយរយៈពេលសិនទើបប្រសើរ។
- បរិមាណដែលត្រូវបានណែនាំ
ការទទួលទានប្រមាណត្រឹម ១៥០០មីលីក្រាមក្នុងមួយថ្ងៃអាចជួយព្យាបាលអាការៈចង្អោរចង់ក្អួត ខណៈដែលការញ៊ាំច្រើនជាងនេះអាចជះផលប៉ះពាល់គួរឱ្យបារម្ភជាច្រើន។ ទោះជាយ៉ាងណាដើម្បីជាការប្រសើរ ជាពិសេសចំពោះស្ត្រីមានផ្ទៃពោះចាំបាច់គួរពិភាក្សាជាមួយគ្រូពេទ្យជាមុនសិន។ សម្រាប់កូនក្មេងដែលមានវ័យចន្លោះពី ២ ទៅ ៦ឆ្នាំ មិនគួរញ៊ាំខ្ញីច្រើនជាង ២មីលីក្រាមក្នុងមួយថ្ងៃឡើយ។ ចំពោះមនុស្សពេញវ័យវិញ មិនគួរញ៊ាំច្រើនជាង ៤ក្រាមនៃមើមខ្ញីក្នុងមួយថ្ងៃនោះទេ។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕