មនុស្សគ្រប់គ្នាតែងចង់បានស្បែកថ្លា ភ្លឺរលោង ដូចតារាបង្ហាញម៉ូតនៅក្នុងទស្សនាវដ្តី។ អ្វីដែលអ្នកមិនដឹងនោះគឺ តារាបង្ហាញម៉ូតទាំងនេះក៏មានបញ្ហាស្បែកដែរ។ ប៉ុន្តែវាត្រូវបានបិទបាំងដោយប្រើគ្រឿងសំអាង ឬលុបវាចេញពេលរូបថតត្រូវផ្តិត។
ការពិតមនុស្សយើងមានស្បែកស្អាត ឬមិនស្អាតគឺតាំងពីកំណើត ដែលយើងទទួលប្រភេទស្បែកនេះពីឪពុកម្តាយរបស់យើង។ អ្នកខ្លះមានសំណាងដែលមានស្បែកថ្លារលោង ទោះជាគេថែឬមិនថែវាក៏ដោយ។ អ្នកខ្លះវិញមានបញ្ហាស្បែក ដូចជា កើតមុន, ស្បែកស្ងួតគ្រើម, ឬក៏ស្បែកភ្លឺខ្លាំង និងមានជាតិខ្លាញ់ច្រើន ទោះបីជាពួកគេខំថែវាយ៉ាងណាក៏ដោយ។
បើទោះបីជាអ្នកមិនអាចប្តូរប្រភេទស្បែករបស់អ្នកក៏ដោយ ក៏មានវិធីដែលអាចធ្វើឱ្យស្បែករបស់អ្នកបង្ហាញភាពល្អបំផុតរបស់វា។ ដំណឹងល្អគឺអ្នកមិនចំណាយច្រើននោះទេក្នុងការថែរក្សាស្បែករបស់អ្នក។
តើអ្នកទទួលបានអ្វីដែលអ្នកចំណាយលើវាទេ?
លុយរាប់លានដុល្លាបានចំណាយលើការឃោសនា ដើម្បីធ្វើឱ្យអ្នកជឿថា គ្រឿងផ្សំដែលមានក្នុងផលិតផលថែរក្សាស្បែកនឹងព្យាបាលបញ្ហាស្បែករបស់អ្នកយ៉ាងមានប្រសិទ្ធភាព។ វាជាការនិយាយបំផ្លើស ហើយគ្រឿងផ្សំពិសេស (ដូចជា collagen និង elastin) មិនអាចជ្រាបចូលទៅក្នុងស្រទាប់ស្បែកនិងប្តូរគុណភាពស្បែកបានរហូតឡើយ។
មនុស្សជាច្រើនជឿថា ផលិតផលកាន់តែថ្លៃកាន់តែមានប្រសិទ្ធភាព។ តាមពិតគឺតម្លៃនៃការឃោសនា និងតម្លៃនៃការវេចខ្ចប់ បានបូកបញ្ចូលទៅក្នុងតម្លៃនៃផលិតផល។ អ្នកនឹងត្រូវចំនាយកាន់តែច្រើនសំរាប់ផលិតផលដែលមានឈ្មោះល្បី។ តម្លៃទាំងអស់នេះ មានតម្លៃថ្លៃជាងតម្លៃនៃផលិតផលទៅទៀត។ ផលិតផលដែលមានតម្លៃថោក ក៏អាចមានប្រសិទ្ធភាពដូចផលិតផលដែលមានតម្លៃថ្លៃដែរ។
ប្រសិនបើផលិតផលទាំងនោះមិនមានប្រសិទ្ធភាពដូចដែលគេបានសន្យា តើពួកគេនឹងធ្វើយ៉ាងណា? តើអ្នកអាចថែរក្សាស្បែកដោយមិនចំណាយច្រើនបានរបៀបណា? សូមងាកមកមើលថាផលិតផលទាំងអស់នេះមានតួនាទីអ្វីខ្លះ និងវិធីផ្សេងទៀតដែលអ្នកអាចទទួលបានលទ្ធផលដូចគ្នា។
ទឹកលាងសំអាត (cleanser)
- ការមានស្បែកស្អាតអាចបង្ការការឡើងមុន, ប៉ុន្តែការលាងស្បែកច្រើនដងពេក (ច្រើនជាង ២ដងក្នុងមួយថ្ងៃ) អាចបំផ្លាញស្បែក។
- ការលាងសំអាតដោយប្រយ័ត្នអាចជំរះស្បែកដែលខូច និងជាតិប្រេងដែលលើស ដែលវាអាចរាំងស្ទះរន្ធញើស និងធ្វើឱ្យមានមុននិងមានស្នាមជាំ។
- ផ្ទុយទៅវិញ, ចំពោះមនុស្សមួយចំនួន សាប៊ូនិងទឹកអាចមានប្រសិទ្ធភាពដូចទឹកលាងសំអាតដែលមានលក់នៅក្នុងទីផ្សារដែរ។ សាប៊ូនិងទឹកក៏អាចលាងជំរះគ្រឿងសំអាងខ្លះបានដែរ។
- ប្រសិនបើស្បែករបស់អ្នកស្ងួតខ្លាំង ឬមិនត្រូវនឹងសាប៊ូ អ្នកអាចប្រើ sorbolene។
ទឹកជូតមុខ (toner)
- ទឹកជូតមុខអាចហៅម្យ៉ាងទៀតថា ទឹកជួយបន្តឹងស្បែក (astringent) និងប្រេងធ្វើឱ្យស្បែកភ្លឺ (clarifying lotion)។ វាត្រូវបានគេអះអាងថាជួយបន្តឹងរន្ធញើស, បង្រួមរន្ធញើស, និងរក្សាលំនឹងនៃការផលិតជាតិប្រេងក្នុងស្បែក។
- អ្នកស្រាវជ្រាវបង្ហាញថា ការអះអាងនេះគឺមិនពិតទេ។ ផលិតផលភាគច្រើនគឺធ្វើពីជាតិអាល់កុល ឬជាតិជួយបន្តឹងស្បែក ដែលអាចធ្វើឱ្យប៉ះពាល់ស្បែក។
- ជាតិអាល់កុលអាចធ្វើឱ្យស្បែកមានភាពស្រស់ថ្លា ឬតឹងនិងស្អាត (ដូចបុរសក្រោយពេលប្រើប្រេងសំរាប់កោរពុកមាត់ ដែលមានជាតិអាល់កុលដែរ) ដោយសារការលាងជំរះជាតិប្រេងពីស្បែក មិនមែនដោយសារការបង្រួមរន្ធញើសនោះទេ។
- អ្នកមានស្បែកស្ងួតត្រូវការប្រេងធម្មជាតិ ហើយអាចនឹងធ្វើឱ្យខូចស្បែកប្រសិនបើប្រើទឹកជូតឬទឹកបន្តឹងស្បែក។
- ទឹកជូតមុខមានសារប្រយោជន៍សំរាប់ជម្រះជាតិប្រេងលើសដែលសល់ពីការលាងមុខ ប៉ុន្តែ សាប៊ូនិងទឹកក៏អាចជំរះបានដូចគ្នា។
ប្រសិនបើអ្នកចូលចិត្តប្រើទឹកជូតមុខ អ្នកអាចបន្តប្រើវាបាន (លុះត្រាតែវាមិនធ្វើឱ្យស្បែករបស់អ្នករោល)។ អ្នកអាចទទួលបានលទ្ធផលដូចគ្នានឹងការប្រើផលិតផលតម្លៃថ្លៃ ពីការប្រើផលិតផលតម្លៃថោក។
ជាតិសំណើម (Moisturizer)
- ទោះបីជាគ្មានភស្តុតាងវិទ្យាសាស្ត្រច្រើនបញ្ជាក់ថា ជាតិសំណើមអាចធ្វើឱ្យមានភាពខុសប្លែក ប៉ុន្តែវាអាចធ្វើឱ្យស្បែកទន់ ដូច្នេះហើយវាធ្វើឱ្យស្បែកមានភាពល្អឡើងវិញ។ មានភស្តុតាងខ្លះដែលថា គ្រឿងផ្សំក្នុងផលិតផលជាតិសំណើម ខ្លះអាចការពារស្បែក។ អានពាក្យណែនាំមុននឹងប្រើប្រាស់។
- មនុស្សភាគច្រើនមិនត្រូវការផលិតផលជាតិសំណើមទេ ព្រោះស្បែកមានរបៀបរក្សាលំនឹងកំរិតសំណើមដោយខ្លួនវា។ ប៉ុន្តែប្រសិនបើអ្នកចូលចិត្តប្រើ Moisturizer អ្នកអាចបន្តការប្រើប្រាស់។ គួរចងចាំថា អ្នកមិនចាំបាច់ចំណាយប្រាក់ច្រើនសំរាប់ផលិតផលថ្លៃៗនោះទេ។
ការណែនាំផ្សេងទៀតពីការថែទាំស្បែក
ការការពារកម្តៅថ្ងៃ
ប្រសិនបើអ្នកចង់ថែរក្សាស្បែក ហើយចង់រក្សាភាពក្មេងវ័យ នោះអ្នកត្រូវតែការពារស្បែករបស់អ្នកពីកម្តៅ។ ការត្រូវកម្តៅថ្ងៃគឺជាមូលហេតុចម្បងនៃការបំផ្លាញស្រទាប់ស្បែកខាងក្រៅ និងស្បែកឆាប់ចាស់។
- ព្យាយាមមិនឱ្យត្រូវកម្តៅថ្ងៃ ដោយពាក់មួកការពារកម្តៅថ្ងៃនិងសំលៀកបំពាក់ដែលគ្របស្បែកជិត (និងវ៉ែនតាការពារកម្តៅថ្ងៃ)។
- ប្រសិនបើអ្នកចេញក្រៅ គួរប្រើឡេការពារកម្តៅថ្ងៃ (វាជួយការពាររស្មី UVA និង UVB)។ ត្រូវធ្វើតាមការណែនាំរបស់ផលិតផល និងលាបឡេការពារជាប្រចាំ ពេញ ១ថ្ងៃនិងក្រោយពេលហែលទឹក។ មនុស្សជាច្រើនមិនបានលាបឡេការពារឱ្យបានគ្រប់គ្រាន់នោះទេ។ ឧទាហរណ៍៖ អ្នកត្រូវការឡេយ៉ាងតិចប្រវែងពេញ ១ម្រាមដៃ សំរាប់ដៃម្ខាង។
បារីនិងសុរា
- ការទទួលទានសុរានិងបារី អាចប៉ះពាល់ដល់ពណ៌ស្បែកនិងធ្វើឱ្យខូចគុណភាពស្បែក។ នេះដោយសារតែជាតិនីកូទីនដែលមាននៅក្នុងផ្សែងថ្នាំជក់ បង្រួមបំពង់ឈាមដែលនាំយកអុកស៊ីហ្សែនទៅកាន់ស្បែក។
- ស្បែកដែលមានអុកស៊ីហ្សែនតិចមានពណ៌ប្រផេះ
- ស្នាមជ្រួញនឹងកើតមានដោយសារស្បែកស្ងួតនិងមានភាពរួញ
- ជ័រដែលមានក្នុងផ្សែងបារីជាប់នឹងធ្មេញនិងម្រាមដៃរបស់អ្នក (ធ្វើឱ្យឡើងពណ៌លឿង)។
ការទទួលទានអាហារដែលល្អចំពោះសុខភាព/លំហាត់ប្រាណ
ការទទួលទានអាហារដែលល្អចំពោះសុខភាព និងការហាត់ប្រាណទៀងទាត់ នឹងជួយរក្សារាងកាយរបស់អ្នកឱ្យមានសុខភាពល្អ។ ប្រសិនបើរាងកាយរបស់អ្នកមានសុខភាពល្អ និងដំណើរការល្អ វានឹងបង្ហាញឱ្យឃើញនៅលើគុណភាពស្បែកនិងស្បែកមានពណ៌ថ្លា។