ថ្លើម គឺជាប្រព័ន្ធមុខងារដ៏សំខាន់មួយនៃរាងកាយ ហើយវាមានតួនាទីចម្បងកក្នុងការកម្ចាត់ជាតិពុល និងសារធាតុគីមីគ្រោះថ្នាក់ផ្សេងៗចេញពីរាងកាយ ក៏ដូចជាសរីរាង្គដទៃទៀត។ ប្រសិនបើអ្នកមានបញ្ហាទាក់ទងនឹងការរំលាយអាហារ ឬតឹងពោះ រួមជាមួយបញ្ហានៃចំណង់អាហារទៀតនោះបានន័យថា ថ្លើមរបស់អ្នកកំពុងត្រូវការការយកចិត្តទុកដាក់បន្តិចហើយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការលាងសម្អាតថ្លើម គឺសំខាន់ណាស់ ក៏ព្រោះរាងកាយបង្កើតជាតិពុល និងសារធាតុបង្កជំងឺមហារីក ជាច្រើនប្រភេទ ដូច្នេះប្រសិនបើថ្លើមគ្មានសុខភាពល្អ ឬទទួលបានការសម្អាតទេនោះ ថាតើវាអាចកម្ចាត់ជាតិពុល ឬសម្អាតកាកសំណល់ចេញពីរាងកាយបានយ៉ាងម៉េចទៅ។ អ្វីដែលយើងទទួលទានប្រចាំថ្ងៃ គឺមានឥទ្ធិពលដោយផ្ទាល់លើសរីរាង្គខាងក្នុងរបស់យើង ក៏ដូចជាថ្លើម។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងនូវអាហារដ៏ល្អៗមួយចំនួនដែលអ្នកគួរទទួលទានដើម្បីផ្ដល់សុខភាពល្អដល់ថ្លើម និងអាចសម្អាតថ្លើមបានតាមបែបធម្មជាតិ ៖
១. ខ្ទឹមស
ការទទួលទានខ្ទឹមស គឺជាមធ្យោបាយបែបធម្មជាតិល្អបំផុតដើម្បីសម្អាតថ្លើម។ ខ្ទឹមសមានផ្ទុកនូវសារធាតុប្រឆាំងនឹងបាក់តេរី រួមទាំងអុកស៊ីដង់ ដែលល្អចំពោះសុខភាពថ្លើម។ព្យាយាមទទួលទានខ្ទឹមស ដោយបន្ថែមវាចូលជាមួយរបបអាហារប្រចាំថ្ងៃរបស់អ្នក។ ក្រៅពីល្អចំពោះថ្លើម ខ្ទឹមសក៏មានប្រសិទ្ធិភាពជួយពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយផងដែរ។ ខ្ទឹមសថែមទាំងមានផ្ទុកនូវសារធាតុសេលេញ៉ូមដែលមានអត្ថប្រយោជន៍ណាស់ សម្រាប់ការបន្សាបជាតិពុល ហើយវាក៏ជួយបំពេញនូវកង្វះនៃសារធាតុចិញ្ចឹម និងសារធាតុរ៉ែដែលចាំបាច់ចំពោះសុខភាពរាងកាយទៀតផង។
២. ផ្លែឈើដែលមានជាតិវីតាមីន C
ផ្លែឈើដែលមានផ្ទុកជាតិវីតាមីន C គឺជាល្អបំផុតសម្រាប់ការសម្អាតថ្លើម។ វីតាមីនCរួមបញ្ចូលទាំងសារធាតុប្រឆាំងអុកស៊ីដង់ និងកម្ចាត់បាក់តេរី អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំក៏ដូចជាចំពោះដំណើរការនៃការបន្សាបជាតិពុលផងដែរ។ ដូច្នេះប្រសិនបើអ្នកចង់សម្អាតថ្លើមនោះ ចូរព្យាយាមទទួលទានវីតាមីន C ឲ្យបានជាប្រចាំ។
៣. ផ្លែបឺរ ឬអាវូកាដូ
ផ្លែបឺរ គឺមានឥទ្ធិពលមិនគួរឲ្យជឿក្នុងការជម្រុញពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយ ហើយវាក៏ធ្វើឲ្យប្រព័ន្ធរំលាយអាហារមានភាពប្រសើរឡើងផងដែរ។ ផ្លែបឺរមានផ្ទុកសារធាតុប្រឆាំងបាក់តេរី និងអុកស៊ីដង់ ដែលជួយសម្អាតថ្លើមរបស់អ្នក។ ផ្លែបឺរក៏ជួយថ្លើមក្នុងដំណើរការបន្សាបជាតិពុល ឬបញ្ចេញជាតិពុល ក៏ដូចជាសារធាតុគីមីគ្រោះថ្នាក់ចេញពីរាងកាយតាមរយៈទឹកនោម និងលាមកផងដែរ។ ដូច្នេះចូរព្យាយាមទទួលទានផ្លែបឺរជាប្រចាំ។
៤. ប្រូខូលី ឬផ្កាខាត់ណាខៀវ
ផ្កាខាត់ណាខៀវ ក៏ជាបន្លែដ៏ល្អមួយប្រភេទសម្រាប់ការលាងសម្អាតថ្លើម ក៏ដូចជាចំពោះសុខភាពក្រពះ។ វាផ្ទុកសារធាតុស្ពាន់ធ័រ និងសារធាតុប្រឆាំងអុកស៊ីដង់ជាច្រើនដែលជួយកម្ចាត់ជាតិពុលចេញពីថ្លើម និងបន្សាបជាតិពុល រួមទាំងសារធាតុគីមីគ្រោះថ្នាក់ចេញពីរាងកាយ។ ការទទួលទានផ្កាខាត់ណាខៀវជាប្រចាំ ជួយលើកកម្ពស់កម្រិតនៃការដុតរំលាយអាហារនៃរាងកាយ ក៏ដូចជារំញោចប្រព័ន្ធភាពស៊ាំផងដែរ។
៥. បន្លែបៃតង
ព្យាយាមទទួលទានបន្លែបៃតងឲ្យបានច្រើន ក៏ព្រោះបន្លែទាំងនេះមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងនឹងអុកស៊ីដង់ ឬអុកស៊ីតកម្ម ដែលល្អបំផុតចំពោះសុខភាពថ្លើម។ វាក៏ជួយក្នុងការបន្សាបជាតិពុលនៃថ្លើម រួមទាំងបង្កើនប្រសិទ្ធិភាពប្រព័ន្ធរំលាយអាហារ និងប្រព័ន្ធភាពស៊ាំនៃរាងកាយផងដែរ។
៦. រមៀត
រមៀតមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងបាក់តេរី ដែលជួយក្នុងការសម្អាតថ្លើម។ អ្នកអាចបន្ថែមម្ស៉ៅរមៀតទៅក្នុងអាហារផ្សេងៗប្រចាំថ្ងៃ ដើម្បីទទួលបានសុខភាពថ្លើមល្អ។
៧. គ្រាប់វាល់ណឺត
គ្រាប់ធញ្ញជាតិនេះមានផ្ទុកនូវសារធាតុចិញ្ចឹមមានប្រយោជន៍ច្រើន ហើយក៏ល្អចំពោះការសម្អាតថ្លើមផងដែរ។ គ្រាប់វាល់ណឺតសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្កា ៣, សារធាតុ glutathione និងធាតុចាំបាច់ច្រើនទៀត ក៏ដូចជាសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយធ្វើឲ្យថ្លើមមានសុខភាពល្អរឹងមាំ។ វាបញ្ចេញជាតិពុលគ្រោះថ្នាក់ទាំងអស់ចេញពីរាងកាយ។ ទោះជាយ៉ាងណា អ្នកមិនគួរបរិភោគវាច្រើនពេកឡើយ។
៨. ការ៉ុត និងស្ពៃក្ដោប
បន្លែទាំង ២ នេះ ក៏អាចជួយក្នុងការជម្រុញភាពរឹងមាំនៃថ្លើម និងថែមទាំងសម្អាតថ្លើមតាមបែបធម្មជាតិផងដែរ។ ស្ពៃក្ដោប និងការ៉ុតមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម ហើយថែមទាំងជាប្រភពដ៏ល្អនៃសារធាតុចិញ្ចឹម ក៏ដូចជាសារធាតុរ៉ែ ចាំបាច់ជាច្រើន។
៩. ផ្លែប៉ោម
ផ្លែប៉ោម មានផ្ទុកនូវសារធាតុចិញ្ចឹម និងសារធាតុរ៉ែល្អៗជាច្រើនសម្រាប់សុខភាពរួមបញ្ចូលទាំង វីតាមីន C, សារធាតុប្រឆាំងអុកស៊ីតកម្ម និងបាក់តេរី ដែលជួយសម្លាប់ពពួកបាក់តេរីអាក្រក់ ហើយបង្កើនចំនួនបាក់តេរីល្អជំនួសវិញ ដែលជួយឲ្យមុខងារថ្លើមកាន់តែល្អប្រសើរ។ ព្យាយាមទទួលទានផ្លែប៉ោមមួយថ្ងៃ ១ ផ្លែ អ្នកអាចទទួលទានទឹកផ្លែប៉ោមក៏បាន ប៉ុន្តែកុំបន្ថែមស្ករ៕