បញ្ហាក្រួសក្នុងថង់ប្រមាត់? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគ្រឿងផ្សំធម្មជាតិ ប៉ុន្តែមានប្រសិទ្ធភាពកម្ចាត់ក្រួសក្នុងថង់ប្រមាត់បានយ៉ាងប្រសើរ ៖
១. រមៀត
មានផ្ទុកលក្ខណៈសម្បត្តិប្រឆាំងការរលាក និងសារធាតុប្រឆាំងអុកស៊ីតកម្ម ព្រមទាំងជួយបង្កើនភាពរលាយនៃទឹកប្រមាត់។ ជាលទ្ធផលក្រួសមិនងាយនឹងកកើតរូបរាងឡើងឡើយ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅរមៀត ឬរមៀតម៉ដ្ឋ កន្លះស្លាបព្រាបាយជាមួយទឹកឃ្មុំ កន្លះស្លាបព្រាបាយ រួចទទួលទានល្បាយនេះរាល់ថ្ងៃជាការស្រេច។
២. ទឹកក្រូចឆ្មារស្រស់
មានផ្ទុកសម្បូរទៅដោយវីតាមីន C ខណៈដែលថ្នាំគ្រាប់វីតាមីននេះអាចផ្ដល់ការការពារប្រឆាំងនឹងការលេចឡើងនូវក្រួសក្នុងថង់ប្រមាត់។ ដូច្នេះការទទួលទានភេសជ្ជៈទឹកក្រូចឆ្មារស្រស់ជាប្រចាំអាចជួយផ្ដល់អត្ថប្រយោជន៍ដូចគ្នា។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកក្រូចឆ្មារស្រស់ ១ស្លាបព្រាកាហ្វេក្នុងទឹកក្ដៅឧណ្ហៗ ១កែវ។ កូរឱ្យសព្វ សឹមទទួលទានភេសជ្ជៈនេះរាល់ព្រឹកមុនពេលញ៊ាំអ្វីផ្សេង។ អ្នកក៏អាចទទួលទានភេសជ្ជៈក្រូចឆ្មារនៅកំឡុងពេលផ្សេងទៀតបន្ទាប់ពីនេះផងដែរ។
៣. ប្រេងដូង
ប្រសិនបើអ្នកងាយនឹងរងគ្រោះដោយសារបញ្ហាក្រួសក្នុងប្រមាត់ រូបមន្តនេះ គឺល្អណាស់សម្រាប់អ្នក។ ប្រេងដូងមានផ្ទុកជាតិខ្លាញ់ល្អចាំបាច់ដែលងាយត្រូវបានរំលាយដោយថ្លើម។ ការប្រមូលផ្ដុំនៃអាស៊ីតខ្លាញ់មិនល្អ, កូឡេស្តេរ៉ូល និងសារធាតុអំបិលទឹកប្រមាត់ក្នុងថង់ទឹកប្រមាត់ត្រូវបានទប់ស្កាត់។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកម្ដៅប្រេងដូងចំនួន ៣ស្លាបព្រាបាយ បន្តិចសិន បន្ទាប់មកសឹមបន្ថែមទឹកផ្លែប៉ោមស្រស់ ៤ស្លាបព្រាបាយ, ទឹកក្រូចឆ្មារស្រស់ចំនួនម្ខាង, ខ្ទឹម ១កំពឹស (ដាក់ក៏បាន មិនដាក់ក៏បាន) និងខ្ញីមួយដុំតូចចូល រួចកិនក្រឡុកឱ្យសព្វ។ ទទួលទានល្បាយនេះម្ដងក្នុងមួយថ្ងៃសម្រាប់រយៈពេលពី ២ ទៅ ៣ សប្តាហ៍។
៤. តែបៃតង
មានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលផ្ដល់ឱ្យរាងកាយនូវថាមពល និងកាត់បន្ថយការរលាក។ វាក៏ល្អសម្រាប់ទប់ស្កាត់ក្រួសក្នុងថង់ប្រមាត់។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែឆុងតែបៃតង ២ស្លាបព្រាកាហ្វេក្នុងទឹកក្ដៅ ១ពែងសម្រាប់រយៈពេលពី ៥ ទៅ ១០នាទី។ ត្រងកាកចេញ រួចបន្ថែមទឹកឃ្មុំ និងក្រូចឆ្មារចូលបន្តិចដើម្បីបង្កើនរសជាតិ។ ទទួលទានឱ្យទាន់ក្ដៅឧណ្ហៗពី ២ ទៅ ៣ពែងក្នុងមួយថ្ងៃ។
៥. មើមឆៃថាវ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែចិតសំបកមើមឆៃថាវ ១ផ្លែ និងកុំភ្លេចលាងសម្អាតឱ្យស្អាតជាមុនសិន សឹមកាត់ជាដុំតូចៗ រួចកិនលាយជាមួយទឹកបន្តិចដើម្បីធ្វើជាភេសជ្ជៈមើមឆៃថាវស្រស់ៗ។ ទទួលទានឱ្យបានពី ៥ ទៅ ៦ស្លាបព្រាបាយកំឡុងពេលពេញមួយថ្ងៃសម្រាប់ក្រួសក្នុងថង់ប្រមាត់ដែលមានទំហំធំ។ សម្រាប់ក្រួសក្នុងថង់ប្រមាត់ដែលមានទំហំតូច ចូរទទួលទានត្រឹមតែពី ១ ទៅ ២ស្លាបព្រាបាយក្នុងមួយថ្ងៃបានហើយ។ អ្នកចាំបាច់គួរទទួលទានមើមឆៃថាវក្នុងកម្រិតធម្យមបានហើយ ការទទួលទានច្រើនជាងបរិមាណណែនាំអាចផ្ដល់ផលប៉ះពាល់គួរឱ្យបារម្ភមកវិញ។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕