ធុរ៉េន ជាផ្លែឈើមួយប្រភេទដែលពេញនិយមណាស់ក្នុងប្រទេសកម្ពុជា ហើយភាគច្រើននៃពួកយើងសុទ្ធតែស្គាល់ និងចូលចិត្តទទួលទានផ្លែឈើនេះ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែប្រហែលជាមិនធ្លាប់បានចាប់អារម្មណ៍ដឹងទេថា ការទទួលទានផ្លែឈើនេះច្រើនពេកអាចបង្កផលប៉ះពាល់មួយចំនួនចំពោះសុខភាព! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីបញ្ហាដែលនឹងកើតឡើងនៅពេលអ្នកទទួលទានធុរ៉េនច្រើនពេក ៖
១. ភើ
បើទោះជាអាការៈនេះកើតមានត្រឹមរយៈពេលខ្លី ហើយបាត់ទៅវិញដោយឯកឯងក៏ដោយ ប៉ុន្តែការភើរបស់អ្នកបន្ទាប់ពីទទួលទានធុរ៉េននឹងមានក្លិនដូចផ្លែឈើនេះដែលអាចបង្កជាការរំខានជាមិនខាន។ ដូច្នេះដើម្បីជៀសផុតបញ្ហា កុំទទួលទានច្រើនពេកទេ ហើយគួរជ្រើសរើសប្រភេទណាដែលមិនសូវមានក្លិនខ្លាំង។
២. ហើម និងឈឺពោះ
អ្នកអាចនឹងមានអារម្មណ៍មិនស្រួលក្នុងពោះ ឬតឹងហើមពោះជាមិនខាន ប្រសិនបើអ្នកទទួលទានធុរ៉េនច្រើនពេក ហើយនោះក៏ព្រោះតែបរិមាណនៃជាតិសសៃ dietary fiber ដែលផ្លែឈើនេះមានផ្ទុក។ លើសពីនេះទៅទៀត ការទទួលទានធុរ៉េនជាមួយនឹងភេសជ្ជៈមានផ្ទុកជាតិអាល់កុលអាចបណ្ដាលឲ្យអ្នកឈឺរមួលក្នុងពោះខ្លាំង ដោយសារធុរ៉េនមានផ្ទុកនូវសារធាតុដែលរារាំងអង់ស៊ីមថ្លើមមិនឲ្យដំណើរការកម្ចាត់ជាតិពុលក្នុងគ្រឿងស្រវឹងបានត្រឹមត្រូវដូចប្រក្រតី។
៣. ពិបាកក្នុងការរំលាយអាហារ
ការទទួលទានធុរ៉េនច្រើនពេក ឬការទទួលទានធុរ៉េនជាមួយគ្រឿងស្រវឹងមិនត្រឹមតែធ្វើឈឺហើមពោះប៉ុណ្ណោះទេ ប៉ុន្តែក៏បង្កបញ្ហាដល់ការរំលាយអាហារផងដែរ។ នោះក៏ព្រោះតែសមាសធាតុស្ពាន់ធ័រក្នុងធុរ៉េនរារាំងសកម្មភាពនៃអង់ស៊ីមមួយរបស់ថ្លើមមិនឲ្យបំបែកជាតិអាកុលបានដែលជាលទ្ធផលនៃការពិបាករំលាយអាហារ និងកម្ចាត់ជាតិពុល។ លើសពីនេះទៅទៀត ធុរ៉េន មានផ្ទុកសម្បូរទៅដោយជាតិកាឡូរី ដូច្នេះការបន្ថែមជាតិអាល់កុលនឹងកាន់តែធ្វើឲ្យក្រពះ និងថ្លើមពិបាកដំណើរការ។
៤. កម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់
ធុរ៉េន ជាផ្លែឈើមួយប្រភេទដែលមានផ្ទុកសម្បូរទៅដោយជាតិស្ករធម្មជាតិ ដូច្នេះការទទួលទានផ្លែឈើនេះច្រើនពេកនឹងធ្វើឲ្យកម្រិតនៃជាតិស្ករក្នុងឈាមកើនឡើងខ្ពស់គួរឲ្យព្រួយបារម្ភជាក់ជាមិនខាន។ ហេតុនេះហើយទើបអ្នកជំងឺទឹកនោមផ្អែមគួរជៀសវាងទទួលទានផ្លែឈើនេះ។
៥. កើនទម្ងន់
ក៏ព្រោះតែមានផ្ទុកបរិមាណជាតិស្ករធម្មជាតិខ្ពស់ ធុរ៉េន អាចបណ្ដាលឲ្យអ្នកកើនទម្ងន់បាននៅពេលទទួលទានវាក្នុងបរិមាណច្រើនពេក ហើយញឹកញាប់៕