ទោះបីជាឧស្សាហ៍ទទួលទាន ប៉ុន្តែភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថា អាហារមួយចំនួនអាចយកមកប្រើព្យាបាលអាការៈហើមជើងបានគួរឱ្យភ្ញាក់ផ្អើល។ អាហារទាំងនោះមានអ្វីខ្លះ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីវិធីព្យាបាលអាការៈហើមជើងដោយប្រើរូបមន្តធម្មជាតិ ៖
១. ត្រសក់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែហាន់ត្រសក់ជាបន្ទះស្ដើងៗ បន្ទាប់មកសឹមយកមកបិតលើជើងដែលហើម និងប្រើប្រាស់ស្បៃរុំ ហើយរុំឱ្យជាប់សម្រាប់រយៈពេលពី ២០ ទៅ ៣០នាទី។ អនុវត្តរាល់ពេលដែលអ្នកជួបប្រទះអាការៈហើមជើង។ អ្នកក៏អាចកិនពូតយកទឹកត្រសក់ស្រស់ៗលាបលើជើងបានផងដែរ។
២. ស្លឹកស្ពៃក្ដោប
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែជូតស្ពៃក្ដោបប៉ុន្មានសន្លឹកឱ្យស្អាត (កុំលាងជាមួយទឹក) បន្ទាប់មកដាក់ក្នុងទូរទឹកកកឱ្យត្រជាក់ រួចសឹមយកមកបិតស្អំលើជើងដែលហើម ដោយអ្នកអាចប្រើប្រាស់ស្បៃរុំពីលើបាន ប៉ុន្តែកុំរឹតតឹង។ រងចាំសម្រាប់រយៈពេល ៣០នាទី សឹមស្រាយចេញ។ អនុវត្តសារឡើងវិញក្រោយរយៈពេលពី ៣ ទៅ ៤ ម៉ោងប្រសិនបើចាំបាច់។
៣. ក្រូចឆ្មារ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកក្រូចឆ្មារស្រស់ ១ស្លាបព្រាកាហ្វេជាមួយម្សៅឈើអែម កន្លះស្លាបព្រាកាហ្វេ, ប្រេងអូលីវ ១ស្លាបព្រាកាហ្វេ និងទឹកដោះគោស្រស់ ១ស្លាបព្រាកាហ្វេឱ្យសព្វចូលគ្នា។ បន្ទាប់មកសឹមលាបល្បាយលើជើងដែលហើម និងរងចាំសម្រាប់រយៈពេលពី ២ ទៅ ៣ម៉ោង សឹមលាងសម្អាតចេញ។ ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ អ្នកអាចទុកចោលសម្រាប់រយៈពេញមួយយប់តែម្ដង។ អនុវត្តនៅមុនពេលចូលគេង ដើម្បីទទួលបានជើងដែលមានភាពទន់រលោង និងលែងហើមនៅពេលព្រឹក។
៤. ទឹកខ្មេះផ្លែប៉ោម
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោម កន្លះពែងជាមួយទឹកក្ដៅឧណ្ហៗពី ២ ទៅ៣ពែង រួចទុកមួយឡែកសិន។ បន្ទាប់មកលាយទឹកខ្មេះផ្លែប៉ោម កន្លះពែងទៀតជាមួយទឹកត្រជាក់ពី ២ ទៅ ៣ពែង។ ជាបន្តអ្នកត្រូវប្រើប្រាស់ក្រណាត់ ឬកូនកន្សែងស្អាតមួយជ្រលក់ក្នុងល្បាយទឹកខ្មេះផ្លែប៉ោមក្ដៅឧណ្ហៗ រួចកុំភ្លេចពូតទឹកចេញ មុនពេលយកមករុំជុំវិញជើងដែលហើម។ រងចាំរហូតដល់កន្សែង ឬក្រណាត់បាត់បង់កម្ដៅសិន សឹមរុំជើងម្ដងទៀតជាមួយល្បាយទឹកខ្មេះផ្លែប៉ោមត្រជាក់ម្ដងសម្រាប់រយៈពេលប្រហែល ៥នាទី។ អ្នកអាចអនុវត្តសារឡើងវិញម្ដងទៀតក្រោយរយៈពេលពី ២ ទៅ ៣ ម៉ោង ប្រសិនបើអាការៈហើមមិនទាន់ធូរស្រាល។
៥. ជីវ៉ាន់ស៊ុយ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែឆុងស្លឹកជីវ៉ាន់ស៊ុយក្រៀម ១ស្លាបព្រាបាយក្នុងទឹកក្ដៅ ១ពែងសម្រាប់រយៈពេលពី ២ ទៅ ៣នាទី។ ត្រងកាកចេញ និងទទួលទានឱ្យទាន់ក្ដៅឧណ្ហៗពី ២ ទៅ ៣ពែងក្នុងមួយថ្ងៃជាការស្រេច។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕