អាហារមួយចំនួនអាចជួយព្យាបាលអាការៈនៃជំងឺរលាកក្រពះពោះវៀនគួរឱ្យកត់សម្គាល់។ មានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលល្អសម្រាប់ជំងឺរលាកក្រពះពោះវៀន ៖
១. ចេកខ្ចី
មានផ្ទុកសម្បូរទៅដោយសារជាតិ pectin ដែលអាចជួយកាត់បន្ថយអាការៈនៃជំងឺរលាកក្រពះពោះវៀនដូចជារាគរូសបានយ៉ាងប្រសើរ។ វាក៏ជួយពន្លឿនភាពជាសះស្បើយនៃបញ្ហាសុខភាពនេះផងដែរ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែស្ងោរចេកខ្ចីចំនួន ១ ផ្លែទាំងសំបកក្នុងទឹកធម្មតាតាមការចាំបាច់ដោយរម្ងាស់សម្រាប់រយៈពេលពី ៧ ទៅ ១០នាទី។ ទុកឱ្យចេកចុះត្រជាក់បន្តិចសិន សឹមបកសំបកចេញ។ កិនផ្លែឈើនេះឱ្យម៉ដ្ឋដោយអាចបន្ថែមអំបិលបន្តិចចូលដើម្បីបង្កើនរសជាតិ។ អ្នកទទួលទានសុទ្ធ ឬលាយជាមួយបាយក៏បាន។ អនុវត្តឱ្យបានពី ១ ទៅ ២ដងជាប្រចាំរហូតដល់អាការៈធូរស្បើយ ឬមានភាពប្រសើរឡើង។
២. ទឹកខ្មេះផ្លែប៉ោម
មានផ្ទុកលក្ខណៈសម្បត្តិប្រឆាំងមេរោគបាក់តេរីដូចជា E. coli និងអាចជួយកម្ចាត់បាក់តេរីដែលបង្កជំងឺរលាកក្រពះពោះវៀនបានផងដែរ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោមឆៅ ១ស្លាបព្រាបាយជាមួយទឹកក្ដៅឧណ្ហៗ ១ពែងឱ្យសព្វចូលគ្នា។ បន្ទាប់មកសឹមទទួលទានឱ្យបានម្ដងក្នុងមួយថ្ងៃជាប្រចាំរហូតដល់អាការៈមានភាពធូរស្បើយ។
៣. យ៉ាអួរប្រូបាយអូទិក
ជួយស្ដារឡើងវិញនូវបាក់តេរីល្អៗក្នុងពោះវៀន។ ជាលទ្ធផលជួយកាត់បន្ថយការរលាកក្នុងស្រទាប់ពោះវៀន និងធ្វើឱ្យអាការៈនៃជំងឺរលាកក្រពះពោះវៀនមានភាពប្រសើរឡើង។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានយ៉ាអួរប្រូបាយអូទិក ១ចានគោមក្នុងមួយថ្ងៃ។ ទោះជាយ៉ាងណារូបមន្តនេះមិនសាកសមសម្រាប់អ្នកដែលមានប្រតិកម្មជាមួយអាស៊ីតឡាក់តិច (lactic acid) ឡើយ។
៤. ទឹកឃ្មុំ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកឃ្មុំឆៅពី ១ ទៅ ២ស្លាបពា្រកាហ្វេក្នុងទឹកក្ដៅ ១ពែង។ កូរឱ្យសព្វ សឹមទទួលទានឱ្យទាន់ក្ដៅឧណ្ហៗ។ អនុវត្តឱ្យបានពី ២ ទៅ ៣ដងក្នុងមួយថ្ងៃជាប្រចាំ។ ទោះជាយ៉ាងណាទឹកឃ្មុំមិនសាកសមឱ្យក្មេងក្រោមអាយុ ១ឆ្នាំទទួលទានឡើយ។
៥. ខ្ញី
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែឆុងខ្ញីមួយបន្ទះ (ប្រវែង២.៥សង់ទីម៉ែត្រ) ជាមួយទឹក ១ពែងឱ្យពុះដោយរម្ងាស់សម្រាប់រយៈពេលពី ២ ទៅ ៣នាទីសិន សឹមត្រងកាកចេញ។ ទទួលទានឱ្យទាន់ក្ដៅឧណ្ហៗឱ្យបាន ២ដងក្នុងមួយថ្ងៃជាប្រចាំ។
៦. រមៀត
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបន្ថែមម្សៅរមៀត ១ស្លាបព្រាកាហ្វេក្នុងទឹកក្ដៅ ១កែវ។ កូរឱ្យសព្វ សឹមទទួលទានឱ្យទាន់ក្ដៅឧណ្ហៗម្ដងក្នុងមួយថ្ងៃ។
៧. ក្រូចឆ្មារ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកក្រូចឆ្មារស្រស់ ចំនួនម្ខាងក្នុងទឹកក្ដៅឧណ្ហៗ ១កែវ។ កូរឱ្យសព្វ សឹមទទួលទានម្ដងក្នុងមួយថ្ងៃ។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕