ថ្លើម គឺជាសរីរាង្គដ៏សំខាន់មួយនៃរាងកាយដែលរវល់ជាប់ពេញមួយថ្ងៃ ហើយដំណើរការមុខងារយ៉ាងល្អឥតខ្ចោះដោយគ្មានកំហុស។ វាដើរតួនាទីចាំបាច់ក្នុងការរក្សាឲ្យរាងកាយក៏ដូចជាប្រព័ន្ធរំលាយអាហារមានសុខភាពល្អ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)លើសពីនេះទៅទៀត ថ្លើម គឺមានមុខងារបន្សាបជាតិពុលក្នុងរាងកាយ និងរក្សាឲ្យកម្រិតនៃការរំលាយអាហារមានតុល្យភាព។ អ្វីដែលអ្នកទទួល និងទម្លាប់ផ្សេងៗរបស់អ្នក គឺសុទ្ធតែមានឥទ្ធិពលលើសុខភាពថ្លើម។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីទម្លាប់ទូទៅបំផុតមួយចំនួនដែលអាចបង្កផលប៉ះពាល់ដល់សុខភាពថ្លើម ហើយអ្នកគួរតែបញ្ឈប់ ឬផ្លាស់ប្ដូរចេញភ្លាម ៖
១. ការទទួលទានគ្រឿងស្រវឹង
ថ្លើម គឺមានតួនាទីសំខាន់ក្នុងការបញ្ចេញនូវរាល់ជាតិពុលដែលបង្កគ្រោះថ្នាក់ដល់រាងកាយ។ ការទទួលទានជាតិអាល់កុល ឬគ្រឿងស្រវឹងច្រើនហួសពេកជាប្រចាំអាចធ្វើឲ្យមានការបំផ្លាញដល់សមត្ថភាពនៃថ្លើម។ ប្រសិនបើអ្នកទទួលទានស្រាច្រើនរាល់ថ្ងៃនោះថ្លើមនឹងរវល់តែធ្វើការកម្ចាត់នូវជាតិពុលនៃស្រា ហើយគ្មានពេលដើម្បីបំពេញមុខងារផ្សេងទៀតឡើយ។ គ្រឿងស្រវឹងសម្លាប់កោសិកាថ្លើមដែលមានសុខភាពល្អ ហើយកាត់បន្ថយថាមពលថ្លើម បន្ទាប់មកថ្លើមនឹងប្រែជាងាយកើតមានជំងឺផ្សេងៗ រួមទាំងការរលាកជាច្រើនផងដែរ។ ដូច្នេះសូមព្យាយាមជៀសវាងទទួលទានគ្រឿងស្រវឹងច្រើនលើសពេក បើអ្នកចង់ឱ្យថ្លើមមានសុខភាពល្អ។
២. ការទទួលទានថ្នាំច្រើនពេក
ហេតុផលដ៏សំខាន់មួយផ្សេងទៀតដែលអាចធ្វើឱ្យខូចថ្លើមនោះ គឺការទទួលទានថ្នាំច្រើនលើសពេក។ មនុស្សមួយចំនួនតែងទទួលទានថ្នាំពេទ្យដោយគ្មានវេជ្ជបញ្ជា ឬការយល់ដឹងផ្នែកវេជ្ជសាស្ត្រច្បាស់លាស់ ហើយពួកគេមិនចាប់អារម្មណ៍ដឹងទេថាការធ្វើបែបនេះ គឺផ្ដល់ផលប៉ះពាល់គួរឲ្យព្រួយបារម្ភចំពោះសុខភាពថ្លើម។
៣. ទទួលទានរបបអាហារមិនល្អ
ទម្លាប់នៃការទទួលទានអាហារកែច្នៃ ឬការទទួលទានអាហារកំប៉ុង និងកញ្ចប់ច្រើនបង្កឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ ហើយបង្កើនជាតិខ្លាញ់ក្នុងរាងកាយធ្វើឲ្យអ្នកធាត់។ ទទួលទានអាហារមិនត្រឹមត្រូវដែលគ្មានសារធាតុចិញ្ចឹមអាចបង្កើតជាតិខ្លាញ់ព័ទ្ធជុំវិញថ្លើមហៅថា ជំងឺខ្លាញ់រុំថ្លើមដែលមិនមែនបណ្ដាលមកពីជាតិអាកុល។ ថ្លើមត្រូវប្រឹងធ្វើការកាន់តែខ្លាំងឡើងដើម្បីកម្ចាត់ខ្លាញ់នេះដែលបណ្ដាលឲ្យកោសិកានៃថ្លើមទទួលរងការខូចខាត ហើយវាក៏អាចបង្កឲ្យខ្សោយថ្លើមផងដែរ។ ដូច្នេះចូរព្យាយាមទទួលទានបន្លែបៃតង និងផ្លែឈើឲ្យបានច្រើនជំនួសអាហារកែច្នៃវិញទើបប្រសើរ។
៤. ការជក់បារី
ការជក់បារីជាប្រចាំអាចបណ្ដាលឲ្យមានផលប៉ះពាល់ចំពោះសុខភាពថ្លើម ក៏ដូចជាសមត្ថភាពក្នុងការបំពេញមុខងារ។ ការជក់បារីផលិតនូវសារធាតុគីមីគ្រោះថ្នាក់ដែលបំផ្លាញកោសិកាថ្លើម និងពន្យឺតដំណើរការនៃមុខងាររបស់ថ្លើមដែលធ្វើឲ្យថ្លើមប្រែជាគ្មានប្រយោជន៍ ហើយបណ្ដាលឲ្យខ្សោយថ្លើម។ ដូច្នេះចូរព្យាយាមបញ្ឈប់ ឬកែប្រែទម្លាប់នៃការជក់បារីរបស់អ្នក ដើម្បីរក្សាបាននូវសុខភាពល្អ។
៥. កង្វះនៃលំហាត់ប្រាណ
ការហាត់ប្រាណ គឺចាំបាច់សម្រាប់មនុស្សគ្រប់រូបដែលចង់ទទួលបានសុខភាពល្អទាំងផ្នែកខាងក្នុង និងខាងក្រៅនៃរាងកាយ។ កង្វះនៃលំហាត់ប្រាណ ក៏អាចបង្កើតជាតិខ្លាញ់ច្រើនលើសជុំវិញថ្លើមដែលនឹងបណ្តាលឲ្យថ្លើមទទួលរងការរលាក ហើយកោសិកាត្រូវបំផ្លាញ។ ត្រឹមការធ្វើលំហាត់ប្រាណបែបស្រាលៗធម្មតាឲ្យបានជាប្រចាំ គឺគ្រប់គ្រាន់នឹងរក្សាបាននូវថ្លើមដែលមានសុខភាពល្អហើយ មិនចាំបាច់ត្រូវលើកទម្ងន់ ឬអាវ៉ង់ ឡើយ។
៦. ការទប់នោម
នៅពេលអ្នកមានអារម្មណ៍ឈឺនោម ចូរប្រញាប់ទៅនោមភ្លាម កុំព្យាយាមទប់ ឬទ្រាំ ក៏ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់ថ្លើម និងតម្រង់នោមបាន។ ជាពិសេសចំពោះ ការឈឺនោមនៅពេលព្រឹក គឺអ្នកមិនគួរទប់ឡើយ៕