កំពុងជួបប្រទះអាការៈនៃជំងឺគេងមិនលក់មែនទេ? ការប្រើប្រាស់ថ្នាំដើម្បីជួយឱ្យឆាប់គេងលក់មិនមែនជាជម្រើសដ៏ប្រសើរឡើយ! គួរធ្វើបែបណា? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិជួយព្យាបាលជំងឺគេងមិនលក់ ៖
១. ផ្លែចេក
ចេក និងសំបករបស់វាមានផ្ទុកសម្បូរទៅដោយប៉ូតាស្យូម, ម៉ាញ៉េស្យូម, សារធាតុ tryptophan និងវីតាមីនដែលចាំបាច់សម្រាប់គ្រប់គ្រងមុខងារខួរក្បាលនិងរាងកាយ។ សារធាតុចិញ្ចឹមទាំងនេះក៏ជួយរក្សាកម្រិតត្រឹមត្រូវនៃអ័រម៉ូន melatonin និង serotonin ដែលផ្ដល់ភាពធូរស្រាលដល់ខួរក្បាល ហើយឆាប់គេងលក់។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកាត់ផ្នែកខាងចុងនៃចេក ១ផ្លែចេគ រួចសឹមដាក់ស្ងោរចេកក្នុងទឹកពី ១ ទៅ ២ពែងសម្រាប់រយៈពេល ១០នាទី។ ត្រងយកទឹកចេកស្ងោរចេញ រួចសឹមបន្ថែមម្សៅឈើអែម ១ចិបចូល និងកូរឱ្យសព្វ។ ទទួលទានឱ្យទាន់ក្ដៅឧណ្ហៗ និងអនុវត្តនៅរាល់ពេលអ្នកពិបាកគេងលក់។ អ្នកក៏អាចទទួលទានចេកទុំ ១ផ្លែមុនពេលចូលគេងផងដែរ ដើម្បីទទួលបានអត្ថប្រយោជន៍កាន់តែប្រសើរ។
២. ខ្ទឹមស
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែចិញ្ច្រាំខ្ទឹមស ១កំពឹស រួចចាក់ចូលក្នុងទឹកដោះគោ ១ពែង និងបន្ថែមទឹកធម្មតា ៤ស្លាបព្រាបាយចូល។ ដាំឱ្យពុះសល់ទឹកដោះគោខ្ទឹមសត្រឹម ១ពែង សឹមទទួលទានឱ្យទាន់ក្ដៅឧណ្ហៗពី ២ ទៅ ៣នាទី មុនចូលគេង។ អ្នកក៏អាចគ្រាន់តែដាក់ខ្ទឹមសក្រោមខ្នើយគេងក៏បាន។ ការដាក់ខ្ទឹមសដែលបកសំបករួចក្រោមខ្នើយក៏មានប្រសិទ្ធភាពជួយឱ្យអ្នកឆាប់គេងលក់ផងដែរ។ ខ្ទឹមសមានផ្ទុកសម្បូរទៅដោយវីតាមីន b1 ដែលជួយសម្រួលដល់ការគេងលក់បានស្រួលដោយបង្កើនការបញ្ចេញមេឡាតូនីន។ ម្យ៉ាងវិញទៀតខ្ទឹមសមានឥទ្ធិពលលើប្រព័ន្ធសសៃប្រសាទធ្វើឱ្យអ្នកស្ងប់ចិត្ត។
៣. ផ្លែបឺរ
ក្រៅពីជាប្រភពដ៏ល្អបំផុតមួយនៃជាតិម៉ាញ៉េស្យូមហើយនោះ ផ្លែបឺរក៏មានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់សុខភាពល្អនិងវីតាមីន B ដែលជួយកាត់បន្ថយបញ្ហាថប់បារម្ភជួយឱ្យឆាប់គេងលក់ផងដែរ។ ភាគច្រើននៃពួកយើងសុទ្ធតែបានដឹងហើយថាផលវិបាកនៃការថប់បារម្ភ គឺគេងមិនលក់។
៤. ផ្លែគីវី
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានផ្លែគីវីស្រស់ៗ ២ផ្លែ រយៈពេល ១ម៉ោងមុនចូលគេង។ បន្តអនុវត្តបែបនេះរាល់យប់ ហើយអ្នកនឹងចាប់ផ្ដើមសម្គាល់ឃើញលទ្ធផលក្នុងរយៈពេលពី ២ ទៅ ៣សប្តាហ៍។
៥. ទឹកឃ្មុំ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានទឹកឃ្មុំធម្មជាតិពី ១ ទៅ ២ស្លាបព្រាបាយមុនចូលគេងជាការស្រេច។
៦. ប្រេងដូង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយប្រេងដូង ១ស្លាបព្រាបាយជាមួយទឹកឃ្មុំធម្មជាតិ ១ស្លាបព្រាកាហ្វេ និងអំបិលសមុទ្រ ១ចិប។ កូរឱ្យសព្វ សឹមទទួលទានល្បាយនេះនៅមុនពេលចូលគេងជាការស្រេច។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕