ការឆ្លងមេរោគផ្លូវបង្ហូរនោមមិនត្រឹមតែបង្កភាពរំខាន និងឈឺចាប់ប៉ុណ្ណោះទេ ប៉ុន្តែក៏នាំឱ្យមានការរលាកតម្រងនោមផងដែរ។ ថាតើមានអាហារអ្វីដែលជួយប្រយុទ្ធប្រឆាំងនឹងជំងឺរលាកតម្រងនោម ឬការឆ្លងមេរោគផ្លូវបង្ហូរនោមដែរឬទេ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិដោះស្រាយបញ្ហានៃឆ្លងមេរោគផ្លូវបង្ហូរនោម ៖
១. ភេសជ្ជៈទឹកក្រូចឆ្មារ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកក្រូចឆ្មារស្រស់ ចំនួនម្ខាង ក្នុងទឹកក្ដៅឧណ្ហៗ ១ពែង។ កូរឱ្យសព្វ សឹមទទួលទាននៅពេលព្រឹកពោះទទេរមិនទាន់ញ៊ាំអ្វីផ្សេង។ ទឹកក្រូចឆ្មារស្រស់មានផ្ទុកលក្ខណៈសម្បត្តិប្រឆាំងបាក់តេរី និងរោគផ្សិត។ ការទទួលទានភេសជ្ជៈនេះជាប្រចាំនឹងជួយកម្ចាត់មេរោគឆ្លងផ្សេងៗពីក្នុងរាងកាយ។ ទឹកក្រូចឆ្មារស្រស់ក៏មានផ្ទុកសម្បូទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលនឹងជួយកម្ចាត់រាក់ពពួករ៉ាឌីកាល់សេរីគ្រោះថ្នាក់ផងដែរ។ ទោះជាយ៉ាងណាដោយសារក្រូចឆ្មារមានផ្ទុកជាតិអាស៊ីត ចូរខ្ពុរសម្អាតក្នុងមាត់ជាមួយទឹកធម្មតាក្រោយទទួលទានភេសជ្ជៈនេះ។
២. ផ្លែម្នាស់
អ្វីដែលអ្នកត្រូវ គឺគ្រាន់តែទទួលទានផ្លែម្នាស់ដែលហាន់រួចជាដុំៗយ៉ាងហោចណាស់ឱ្យបានចំនួន ១ពែងក្នុងមួយថ្ងៃ ឬទទួលទានទឹកផ្លែម្នាស់ស្រស់ជាការស្រេច។ ការទទួលទានផ្លែម្នាស់ក៏អាចជួយបង្កើនប្រសិទ្ធភាពថ្នាំអង់ទីប៊ីយូទិចសម្រាប់ព្យាបាលជំងឺរលាកតំរងនោមពន្លឿនភាពជាសះស្បើយផងដែរ តាមរយៈអង់ស៊ីម bromelain ដែលវាមានផ្ទុក។
៣. យ៉ាអួរ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានយ៉ាអួរសុទ្ធ (គ្មានផ្ទុកគ្រឿងផ្សំបន្ថែមរសជាតិនិងគ្មានជាតិផ្អែម) ឱ្យបាន ១ចានគោមក្រោយពេលញ៊ាំអាហារទាំង ៣ពេល។
៤. អាហារសម្បូរវីតាមីន C
រូបមន្តបែបធម្មជាតិដ៏ងាយមួយទៀតទប់ទល់បញ្ហាឆ្លងមេរោគផ្លូវបង្ហូរនោម គឺបង្កើនការទទួលទានអាហារមានផ្ទុកសម្បូរទៅដោយវីតាមីន C។ វីតាមីន C ធ្វើឱ្យទឹកនោមកាន់តែមានជាតិអាស៊ីតខ្ពស់ដែលរារាំងការរីកលូតលាស់នៃបាក់តេរីក្នុងផ្លូវបង្ហូរនោម។ អ្នកក៏អាចពិគ្រោះជាមួយគ្រូពេទ្យដើម្បីប្រើប្រាស់ថ្នាំគ្រាប់វីតាមីន C ផងដែរ។
៥. តែជីវ៉ាន់ស៊ុយ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែចិញ្ច្រាំជីវ៉ាន់ស៊ុយ ២ដុំឱ្យម៉ដ្ឋ រួចចាក់ចូលក្នុងទឹកធម្មតា ៤ពែង។ ដាំឱ្យពុះសម្រាប់រយៈពេល ១៥នាទី សឹមត្រងកាកចេញ។ ទទួលទានទឹកតែនេះឱ្យទាន់ក្ដៅឧណ្ហៗ ២ដងក្នុងមួយថ្ងៃ។ នេះក៏ព្រោះតែជីវ៉ាន់ស៊ុយជាប្រភពដ៏ប្រសើរនៃសារធាតុ flavonoid និងមានលក្ខណៈសម្បត្តិប្រឆាំងការរលាក។ នៅពេលទទួលទានជាប្រចាំ តែជីវ៉ាន់ស៊ុយដើរតួនាទីជាភ្នាក់ងារបញ្ចុះទឹកនោម ហើយកម្ចាត់មេរោគឆ្លងដែលបង្កដោយបាក់តេរីចេញពីរាងកាយបានយ៉ាងប្រសើរ។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕