មុនកប់ក្រោមស្បែកអាចត្រូវបានព្យាបាលនិងកម្ចាត់ដោយប្រើប្រាស់រូបមន្តងាយៗបែបធម្មជាតិ។ មានអ្វីខ្លះទៅ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីវិធីព្យាបាលមុនកប់ក្រោមស្បែកតាមបែបធម្មជាតិ ៖
១. ទឹកឃ្មុំ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបទឹកឃ្មុំបន្តិចលើតំបន់ស្បែកដែលមានបញ្ហា និងរងចាំសម្រាប់រយៈពេលពី ២០ ទៅ ៣០នាទី ឬទុកចោលពេញមួយយប់ សឹមលាងសម្អាតចេញក៏បាន។ អនុវត្តឱ្យបានពី ១ ទៅ ២ដងក្នុងមួយថ្ងៃជាប្រចាំ។ ទឹកឃ្មុំមានលក្ខណៈសម្បត្តិប្រឆាំងការរលាកដែលល្អណាស់សម្រាប់ព្យាបាលមុនដោយកាត់បន្ថយការរលាកក្នុងតំបន់ស្បែកដែលទទួលរងផលប៉ះពាល់។
២. ប្រទាលកន្ទុយក្រពើ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបជែលប្រទាលកន្ទុយក្រពើស្រស់ដោយផ្ទាល់លើមុនកប់ក្រោមស្បែក និងរងចាំសម្រាប់រយៈពេលពី ២០ ទៅ ៣០នាទី សឹមលាងសម្អាតចេញ។ អនុវត្តឱ្យបានពី ២ ទៅ ៣ដងក្នុងមួយថ្ងៃជាប្រចាំ។ ប្រទាលកន្ទុយក្រពើក៏មានលក្ខណៈសម្បត្តិប្រឆាំងការរលាកនិងពន្លឿនភាពជាសះស្បើយដែលជួយកាត់បន្ថយការហើម ព្រមទាំងរលាកក្នុងតំបន់ស្បែកដែលទទួលរងផលប៉ះពាល់។
៣. ស្អំកម្ដៅ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែដាក់ស្អំកម្ដៅដែលក្ដៅឧណ្ហៗលើមុនកប់ក្រោមស្បែកសម្រាប់រយៈពេលពី ១០ ទៅ ១៥នាទី សឹមយកចេញ។ អ្នកអាចអនុវត្តបានពី ២ ទៅ ៣ដងក្នុងមួយថ្ងៃជាប្រចាំ។ ការស្អំកម្ដៅអាចជួយរុញមុនដែលកប់ឱ្យចេញមកលើផ្ទៃស្បែក ហើយវាក៏ជួយបឺតខ្ទុះដែលមានក្នុងមុនដោយការបើករន្ធញើសផងដែរ។ វាថែមទាំងជួយបំបាត់អាការៈឈឺចាប់ដោយសារមុនគួរឱ្យកត់សម្គាល់។
៤. ទឹកខ្មេះផ្លែប៉ោម
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោម ១ស្លាបព្រាបាយជាមួយទឹកធម្មតា ៣ស្លាបព្រាបាយ។ កូរឱ្យសព្វ សឹមប្រើប្រាស់ដុំសំឡីជ្រលក់ក្នុងទឹកល្បាយ និងលាបផ្ដិតៗពេញលើតំបន់ស្បែកដែលទទួលរងផលប៉ះពាល់។ រងចាំសម្រាប់រយៈពេលពី ១០ ទៅ ១៥នាទី សឹមលាងសម្អាតចេញ និងអនុវត្តឱ្យបានម្ដងក្នុងមួយថ្ងៃ។
៥. ទឹកក្រូចឆ្មារស្រស់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកក្រូចឆ្មារស្រស់ៗ ១ស្លាបព្រាកាហ្វេក្នុងទឹកធម្មតា ២ស្លាបព្រាកាហ្វេ។ កូរឱ្យសព្វ សឹមប្រើប្រាស់សំឡីត្បារត្រចៀកជ្រលក់លាបល្បាយលើមុន។ រងចាំសម្រាប់រយៈពេលពី ២០ ទៅ ៣០នាទី សឹមលាងសម្អាតចេញ។ ទឹកក្រូចឆ្មារស្រស់មានផ្ទុកលក្ខណៈសម្បត្តិប្រឆាំងបាក់តេរី និងការរលាកដែលជួយព្យាបាលមុន និងទប់ស្កាត់ការលេចឡើងមកវិញម្ដងទៀត។
៦. ទឹកកក
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែរុំទឹកកកប៉ុន្មានដុំតូចៗក្នុងកន្សែង ឬក្រណាត់ស្អាតមួយ រួចដាក់វាស្អំផ្អឹបលើតំបន់ស្បែកដែលមានបញ្ហាសម្រាប់រយៈពេល ៥នាទី។ អនុវត្តឱ្យបានពី ៣ ទៅ ៤ដងក្នុងមួយថ្ងៃ។
ណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕