ពិតណាស់ការទទួលទានអំបិលច្រើនពេកអាចបង្កើនហានិភ័យនៃបញ្ហាសុខភាពគួរឱ្យបារម្ភ! ទោះជាយ៉ាងណា ប្រសិនបើអ្នកមិនញ៊ាំសោះនោះ វាក៏បង្កជាគ្រោះថ្នាក់ផ្សេងៗចំពោះសុខភាពផងដែរ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីផលវិបាកនៃការមិនញ៊ាំអំបិលសោះតែម្ដង ៖
១. អាចចាប់ផ្ដើមកើនទម្ងន់
អំបិលអ៊ីយ៉ូត គឺសំខាន់ណាស់សម្រាប់អ័រម៉ូនរបស់អ្នក ហើយប្រសិនបើអ្នកផ្ដាច់អំបិលទាំងស្រុងតែម្ដងនោះ ប្រភពផ្សេងៗនៃអ៊ីយ៉ូតនឹងប្រែជាមានកម្រិត។ ជាលទ្ធផលអ្នកអាចនឹងជួបបញ្ហាដូចជាកើនទម្ងន់, ហើមមុខ, ស្ងួតស្បែក, ខ្សោយសាច់ដុំ និងអស់កម្លាំង។
២. អាចជះផលប៉ះពាល់លើសុខភាពបេះដូង
របបអាហារដែលមានជាតិសូដ្យូម ឬអំបិលទាបអាចផ្ដល់នូវអត្ថប្រយោជន៍ច្រើនណាស់ ពិសេសសម្រាប់អ្នកដែលមានបញ្ហាបេះដូង។ ទោះជាយ៉ាងណាមិនមែនគ្រប់គ្នាសុទ្ធតែទទួលបានផលល្អពីការផ្ដាច់អំបិលពីក្នុងរបបអាហារឡើយ ជាពិសេសសម្រាប់អ្នកដែលមានសុខភាពបេះដូងល្អ។ នេះក៏ព្រោះតែនៅពេលយើងទទួលទានអំបិលតិច ឬច្រើនពេក គឺសុទ្ធតែអាចជះផលប៉ះពាល់ដល់ស្ថានភាពបេះដូងដែលមានស្រាប់។
៣. អាចបង្កើនភាពធន់នឹងអាំងស៊ុយលីន
ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា នៅពេលរាងកាយមិនទទួលបាននូវជាតិសូដ្យូមគ្រប់គ្រាន់ពីក្នុងរបបអាហារទេនោះ វាអាចជះផលប៉ះពាល់ដល់ភាពធន់នឹងអាំងស៊ុយលីនគួរឱ្យបារម្ភ។ នេះមានន័យថារាងកាយនឹងមិនអាចឆ្លើយតបបានល្អនឹងអាំងស៊ុយលីន ហើយបង្កជាបញ្ហាជាតិស្ករក្នុងឈាមឡើងខ្ពស់។
៤. បង្កើនហានិភ័យនៃរោគសញ្ញាខ្សោះជាតិទឹកក្នុងរាងកាយ
នៅពេលកម្រិតនៃជាតិសូដ្យូមធ្លាក់ចុះទាបពេកក្នុងឈាម អ្នកអាចនឹងជួបប្រទះនូវរោគសញ្ញាមួយចំនួននៃបញ្ហាខ្សោះជាតិទឹកក្នុងរាងកាយដូចជាស្ងួតមាត់, វិលមុខ, ស្រេកទឹក និងមិនសូវឈឺនោម។
៥. ចាប់ផ្ដើមមានអារម្មណ៍ចង់ក្អួត
ការមិនញ៊ាំអំបិលសោះអាចជះផលប៉ះពាល់គួរឱ្យកត់សម្គាល់លើកម្រិតនៃកូឡេស្តេរ៉ូលក្នុហឈាម។ ខណៈដែលជាធម្មតាមិនបង្ហាញរោគសញ្ញាអ្វីនូវដំណាក់កាលដំបូង វាអាចវាយប្រហារលើផ្នែកផ្សេងៗទៀតនៃរាងកាយ រួមបញ្ចូលទាំងបេះដូង។ មួយក្នុងចំណោមរោគសញ្ញាដែលអ្នកអាចជួបប្រទះនោះ គឺចង្អោរចង់ក្អួត។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕