ទារករបស់ខ្ញុំហាក់ដូចជាចេះតែរសេះរសោះ មើលទៅឃើញថាមិនស្រួលខ្លួន គឺដូចជាឈឺពោះ។ ធ្វើដូចម្តេចទើបខ្ញុំអាចដឹងបានថាមានអ្វីកើតឡើង?
វាដូចជាពិបាកណាស់នឹងកំណត់ថាតើទារកឈឺពោះឬយ៉ាងណា ក៏ប៉ុន្តែការរសេះរសោះខ្លាំងហួសពេកគឺជាសញ្ញាមួយ។ សូមយកចិត្តទុកដាក់ពិនិត្យមើលថាតើទារករបស់អ្នកមិនស្រួលខ្លួននៅពេលណា (តើបន្ទាប់ពីបញ្ចុកចំណីអាហារបានបន្តិចឬ?) ក៏ដូចជាពិនិត្យរកមើលរោគសញ្ញាផ្សេងៗទៀត ដូចជាគ្រុន ក្អួត ឬរាគរូស។ សូមប្រើប្រាស់ព័ត៌មានខាងក្រាមនេះជាជំនួយ – ហើយបើសិនជាចាំបាច់ – វេជ្ជបណ្ឌិតអាចនឹងកំណត់ថាតើមានអ្វីកើតឡើងបាន។
តើអ្វីខ្លះដែលធ្វើឲ្យពោះរបស់ទារកមានបញ្ហា?
បណ្តាលក្ខណ្ឌខាងក្រោមនេះគឺជាមូលហេតុរួមដែលតែងតែធ្វើឲ្យទារកឈឺពោះ។ វាអាចមានមូលហេតុជាច្រើនទៀត គ្រាន់តែថានោះមិនមែនជាមូលហេតុរួមទេ។
បើសិនជាទារករបស់អ្នកស្រាប់តែចាប់ឈឺ ហើយអ្នកគិតថាកូនមានឈឺនៅក្នុងពោះ សូមទូរស័ព្ទទៅសាកសួរគ្រូពេទ្យ ដើម្បីជៀសវាងការធ្វើខុស។
១ ការចុកពោះ (colic):ការចុកពោះគឺជាពាក្យដែលគេតែងតែយកមកប្រើពន្យល់ការដែលទារកឈឺពោះ ឬមានរោគសញ្ញាឈឺចុកចាប់ផ្សេងៗទៀត។ តើការចុកពោះនោះជាអ្វីពិតប្រាកដទៅ? នោះគឺជាពាក្យដែលគេប្រើអធិប្បាយការដែលទារកចេះតែយំជាប់ មិនអាចគ្រប់គ្រងបាន ទោះជាទារកនោះមានសុខភាពល្អក្តី។ បើសិនជាទារករបស់អ្នកមានអាយុក្រោម៥ខែ ហើយចេះតែយំយ៉ាងខ្លាំងលើសពី៣ម៉ោងក្នុង១ថ្ងៃ លើសពី៣ថ្ងៃក្នុង១សប្តាហ៍ និងជាប់យ៉ាងតិច៣សប្តាហ៍ ហើយមិនមានការពន្យល់ខាងវេជ្ជសាស្ត្រណាមួយទេចំពោះទុក្ខអាសន្ននោះ គេអាចនិយាយបានថាកូនរបស់អ្នកមានចុកពោះហើយ។
ទារកប្រមាណជា២០ភាគរយសុទ្ធតែធ្លាប់ចុកពោះ។ ទារកខ្លះមានរោគសញ្ញា ចុកពោះ ២៤ម៉ោងក្នុង១ថ្ងៃ ៧ថ្ងៃក្នុង១សប្តាហ៍ ខ្លះទៀតយំនៅម៉ោងដដែលៗជារៀងរាល់ថ្ងៃ ជារឿយៗ គឺនៅក្នុងពេលរសៀលឬពេលព្រលប់។ ការចុកពោះនេះមិនមែនជាជម្ងឺមួយទេ ហើយវាក៏មិនបង្ក អន្តរាយអ្វីយូរអង្វែងដល់ទារករបស់អ្នកដែរ។ ក៏ប៉ុន្តែវាក៏មិនមែនជារឿងលេង សើចចំពោះរូប អ្នក ឬកូនដែរ។
បើទារករបស់អ្នកមានចុកពោះ អ្នកអាចសង្កេតឃើញថាពោះរបស់វាដូចជាឡើងធំបន្តិច។ វាអាចទធាក់ជើង ធ្វើឲ្យលេចផោមនៅពេលដែលវាស្រែកយំ។ តាមពិតទៅ កាលណាវាយំ វា លេបខ្យល់ចូលទៅក្នុងពោះច្រើន ដែលជាហេតុធ្វើឲ្យវាកាន់តែឈឺខ្លាំងឡើង។
ជាអកុសល គ្មានអ្វីសម្រាប់ព្យាបាលការចុកពោះទេ។ បើទោះជាយ៉ាងណាក្តី មាតាបិតានិង គ្រូពេទ្យមានការណែនាំជាច្រើនដើម្បីសាកល្បងបន្ធូរបន្ថយទឹកភ្នែកនិងការឈឺចាប់។ ព័ត៌មានដែល ល្អគឺទារកភាគច្រើនអាចបានធូរស្រាលច្រើនមកវិញក្នុងចន្លោះពី៣ទៅ៤ខែ ហើយឈប់មានចុកពោះ តទៅទៀតហើយ កាលណាវាមានអាយុលើសពី៥ខែទៅ។
២ ដំណើរការច្រាល់ត្រលប់វិញក្នុងក្រពះ-បំពង់ក(gastroesophageal reflux)
ទារកភាគច្រើនៗតែក្អែរបន្តិចបន្ទាប់ពីបៅរួច ឬជួនកាលក្អួតតែម្តង។ បើសិនជាទារករបស់អ្នកក្អែរញឹកញាប់ គេនិយាយថាវាមានដំណើរច្រាល់ពីក្រពះមកបំពង់កហើយ។ ទារកណាដែលមានដំណើរត្រលប់នេះ ក្អែរកាន់តែច្រើនឡើងៗ ក្នុង១ឆ្នាំដំបូង។
ក៏ប៉ុន្តែបើសិនជាទារករបស់អ្នកមានរោគសញ្ញាផ្សេងទៀតជាមួយនឹងការក្អែរឬក្អួត ដូចជាមានសញ្ញាឈឺពោះ (ចំកោងខ្នង លើកជើង) ឬក្អក ឬឈ្លក់ពេលបៅ នោះគេអាចនឹងមានការច្រាល់ពីក្រពះមកបំពង់កនេះហើយ ដែលគេសរសេរកាត់ថា GERD (gastroesophageal reflux disease)។
ចំពោះទារកណាដែលមាន GERD ចំណីអាហារនិងទឹករំលាយអាហារបានមកប្រមូលផ្តុំគ្នានៅក្នុងបំពង់ក ធ្វើឲ្យរមាស់ដល់ស្បែកបំពង់ក។ វេទនារម្មណ៍ឈឺចាប់នេះវាដូចគ្នាទៅនឹងការឆ្អល់ចុងដង្ហើម (heartburn) ចំពោះមនុស្សចាស់។ GERD អាចធ្វើឲ្យអាហារូបត្ថម្ភមិនគ្រប់គ្រាន់ និងបញ្ហាផ្សេងៗទៀត ដូចជាការខ្សោះជាតិទឹកជាដើម។ ដូច្នេះអ្នកគួរយកទារកទៅជួបជាមួយនឹងគ្រូពេទ្យ កាលណាអ្នកសង្ស័យថាកូនមានជម្ងឺនេះ។ គ្រូពេទ្យជាច្រើនអាចធ្វើរោគវិនិច្ឆ័យ GERD ងាយស្រួលជាងជម្ងឺឈឺពោះឯទៀតៗ ព្រោះទារកដែលមានជម្ងឺនេះបញ្ចេញសកម្មភាពដូចៗគ្នា: ទារកឃ្លាន ខ្លាំងណាស់ ម្ល៉ោះហើយប្រតោងដោះឬដបទឹកដោះជាប់ រួចបឺតយ៉ាងខ្លាំងចំនួន១៥ទៅ២០នាទី។ បន្ទាប់មកវាចាប់ចំកោងខ្នង ទធាក់ខ្លួនចេញរួចចាប់យំ។ ទារកទធាក់ខ្លួនចេញ ហើយយំ នៅពេល ដែលដំណើរការច្រាល់(reflux)ចាប់ផ្តើមឡើង។
បើគ្រូពេទ្យសង្ស័យថាទារករបស់អ្នកមាន GERD គាត់នឹងធ្វើតេស្តមួយចំនួន រួចឲ្យឱសថមួយក្នុងចំណោមឱសថឯទៀត បន្ថែមពីលើយុទ្ធសាស្ត្របំបៅកូនមួយចំនួន ដែលអាចជួយកាត់បន្ថយការឈឺចុកចាប់បាន។
៣ ជម្ងឺរលាកក្រពះ-ពោះវៀន (gastroenteritis) ឬហៅថា “គ្រុនក្រពះ” (stomach flu)
តើទារករបស់អ្នកមានក្អួត ឬរាគដែរឬទេ? បើមានដូច្នេះមែន គេអាចមានជម្ងឺរលាកក្រពះ-ពោះវៀនហើយ ដែលគេច្រើនតែហៅថា “គ្រុនក្រពះ”។ គឺជាជម្ងឺដែលមានច្រើនជាងគេទី២នៅក្នុងសហរដ្ឋអាមេរិក បន្ទាប់ពីជម្ងឺរលាកបំពង់ដង្ហើមខាងលើ។
គ្រូពេទ្យប្រើពាក្យរលាកក្រពះ-ពោះវៀនចំពោះរាល់ការរលាកក្រពះ-រលាកពោះវៀន បណ្តាលមកពីការបង្ករោគដោយវីរុសឬបាក់តេរី។ វីរុសជាមេរោគច្រើនជាងគេ មានដូចជា rotavirus, adenovirus, calicivirus និង astrovirus ជាដើម។
ជម្ងឺរលាកក្រពះ-ពោះវៀនក៏អាចត្រូវបានបណ្តាលមកពីការបង្ករោគដោយបាក់តេរីបានដែរ ដូចជា salmonella, shigella, staphylococcus, campylobacter ឬ E.coli ជាដើម។ ហើយក៏មានជម្ងឺរលាក ក្រពះ-ពោះវៀនដែលបណ្តាលមកពីប៉ារាស៊ីតផងដែរ ដូចជា giardia ជាដើម។ ទារកអាចមានរោគសញ្ញាស្រាលឬធ្ងន់ធ្ងរ អស់ពេលពីរបីម៉ោង ឬច្រើនថ្ងៃ អាស្រ័យទៅតាមមូលហេតុ។
ដោយជម្ងឺរលាកក្រពះនិងពោះវៀនភាគច្រើនត្រូវបានបង្កឡើងដោយវីរុស អ្នកមិនអាចប្រើអង់ទីប៊ីយ៉ូទិចព្យាបាលវាបានទេ។ និយាយដូច្នេះមិនមែនមានន័យថាអ្នកត្រូវអង្គុយចុះ រង់ចាំឲ្យការឈឺចាប់បាត់ទៅវិញនោះទេ។ ព្រោះថាបើសិនជាវាធ្វើឲ្យទារកក្អួតឬរាគ ជាមួយនឹងគ្រុនហើយមិនចង់បរិភោគចំណីផងនោះ នោះវានឹងធ្វើឲ្យខ្សោះជាតិទឹកយ៉ាងឆាប់រហ័ស។
ដូច្នេះសំខាន់គឺត្រូវផ្តល់ជាតិទឹកឲ្យទារកឲ្យបានគ្រប់គ្រាន់ (ទឹកដោះតាមរូបមន្តផ្សេងៗ ឬទឹកដោះម្តាយ) នៅក្នុងពេលដែលគេប្រយុទ្ធតទល់នឹងជម្ងឺ។ សូមពិភាក្សាជាមួយនឹងគ្រូពេទ្យរបស់ទារក។ គាត់អាចផ្តល់យោបល់ឲ្យបន្តក់សូលុយស្យុងអេឡិកត្រូលីតណាមួយដែលមានលក់នៅតាមឱសថស្ថាន ដើម្បីជំនួសទឹក រ៉ែ និងអំបិលដែលទារកបានបាត់បង់ទៅ ជាពិសេសកាលណាគេមិនអាចបៅបាន។
សូមពិនិត្យរកមើលសញ្ញានៃការខ្សោះជាតិទឹក ហើយសូមទូរស័ព្ទទៅគ្រូពេទ្យកាលណាអ្នកគិតថាទារកបានខ្សោះជាតិទឹក។ ហើយបើសិនជាទារកបានខ្សោះជាតិទឹកខ្លាំង សូមនាំកូនទៅបន្ទប់សង្គ្រោះបន្ទាន់ភ្លាម។
តាមដែលអាចធ្វើទៅបាន អ្នកអាចចង់ឲ្យកូនបែរមករករបបហូបចុកធម្មតាឡើងវិញ (រួមទាំងចំណីរឹងផងដែរបើសិនជាគេបានចាប់ញ៉ាំហើយ) ប៉ុន្តែសូមកុំឲ្យចំណីមានជាតិខ្លាញ់ឲ្យសោះ។
ដើម្បីយល់ដឹងកាន់តែច្រើនអំពីការព្យាបាល សូមអាន:
- ការរាគ
- ការក្អួត
- ការខ្សោះជាតិទឹក។
៤ ប្រតិកម្មចំពោះទឹកដោះ (milk allergy) ឬការមិនទទួលឡាក់តូស (lactose intolerance)
ទារករបស់អ្នកមានប្រតិកម្មរ (allergy) ចំពោះទឹកដោះកាលណាប្រព័ន្ធអ៊ីមុយនីតេ(immunity) ឬប្រព័ន្ឋភាពស៊ាំ របស់វាធ្វើការឆ្លើយតបទៅនឹងប្រូតេអ៊ីនដែលមាននៅក្នុងទឹកដោះនោះ។ ប្រតិកម្មចំពោះទឹកដោះច្រើនកើតមានចំពោះទារកនិងកុមារ។
ការមិនទទួលឡាក់តូស – ដែលមានន័យថារាងកាយរបស់ទារកមិនបានផលិតអង់ហ្ស៊ីមចាំបាច់សម្រាប់រំលាយឡាក់តូស ដែលជាជាតិស្ករទី១នៅក្នុងទឹកដោះ – មិនសូវកើតមានលើទារកទេ។ វាច្រើនតែកើតមាននៅពេលក្រោយ ក្នុងកុមារភាពឬនៅក្នុងវ័យជំទង់។
ពិតណាស់ថាលោកអ្នកមិនត្រូវឲ្យកូនបៅទឹកដោះគោទេ កាលណាគេមានអាយុមិនទាន់គ្រប់១ខួប។ ក៏ប៉ុន្តែបើសិនជាទារកមានប្រតិកម្មរ ហើយលោកអ្នកឲ្យគេបៅរូបមន្តទឹកដោះណាមួយ នោះទារកអាចនឹងមានប្រតិកម្មជាមិនខានទេ។ សូម្បីតែអ្នកឲ្យកូនបៅដោះក៏ដោយ ប៉ុន្តែបើសិនជាអ្នក
ទទួលទានផលិតផលទឹកដោះគោ នោះក៏ធ្វើឲ្យទារកមានប្រតិកម្មរបានដែរ។
រោគសញ្ញានៃប្រតិកម្មរចំពោះទឹកដោះ និងការមិនទទួលឡាក់តូសរួមមានការក្អួត រាគរូស និងឈឺពោះ។ ក្នុងករណីមានប្រតិកម្មរខ្លាំងចំពោះទឹកដោះ ទារកអាចជួបនឹងប្រតិកម្មដែលធ្វើឲ្យប៉ះពាល់ដល់ជីវិតបាន ដែលគេហៅថាសុកអាណាហ្វ៊ីឡាក់ទិច (anaphylactic shock)។
ដើម្បីឲ្យប្រាកដអំពីបញ្ហា គ្រូពេទ្យអាចសំណូមពរឲ្យអ្នកកាត់ផ្តាច់ផលិតផលទឹកដោះពីរបបហូបចុករបស់ទារកចំនួនពីរឬបីថ្ងៃសិន រួចសឹមដាក់បញ្ចូលមកវិញបន្តិចម្តងៗ។ បើកូនបៅដោះរបស់អ្នក អ្នកអាចត្រូវបានស្នើសុំឲ្យឈប់បរិភោគផលិតផលទឹកដោះខ្លួនឯង ព្រោះប្រូតេអ៊ីនដែលធ្វើឲ្យប្រតិកម្មអាចឆ្លងកាត់ដោះអ្នកចូលទៅក្នុងទឹកដោះដែលកូនបៅបាន។ បើសិនជាការផ្លាស់ប្តូររបបហូបចុកបានធ្វើឲ្យទារកមានការធូរស្រាល អ្នកត្រូវតែឈប់បរិភោគផលិតផលទឹកដោះ ឬកាត់បន្ថយសិន រហូតទាល់តែដល់ពេលផ្តាច់ដោះកូន។
បើសិនជាអ្នកឲ្យកូនបៅរូបមន្តទឹកដោះណាមួយ អ្នកត្រូវប្តូរម៉ាករករូបមន្តថ្មីណាមួយ រហូតទាល់តែវាមិនធ្វើឲ្យប៉ះពាល់ដល់ក្រពះទារករបស់អ្នក។ អ្នកអាចធ្លាប់បានឮគេនិយាយថាទឹកសណ្តែកគឺជាដំណោះស្រាយ ក៏ប៉ុន្តែ៥ទៅ១០ភាគរយនៃកុមារដែលមានប្រតិកម្មចំពោះទឹកដោះគោអាចមានប្រតិកម្មចំពោះទឹកសណ្តែកដែរ។
៥ ការទល់លាមក និងការផ្លាស់ប្តូររបបហូបចុក
ទារកភាគច្រើនចាប់ទទួលទានអាហាររឹងនៅចន្លោះពី៤ដល់៦ខែ។ រយ:ពេលនោះគឺជាពេលចំបងដែល ទារកមានការឈឺក្រពះដោយសារចំណីអាហារ។ ឧទាហរណ៍ដូចជាសណ្តែកបារាំង (peas) ធ្វើឲ្យទារក មានផោមច្រើននៅក្នុងប៉ុន្មានថ្ងៃដំបូងដែលគេចាប់បរិភោគវា ក៏ប៉ុន្តែនោះគឺមួយរយ:កាលតែប៉ុណ្ណោះ។
បញ្ហាក្រពះដែលច្រើនកើតមានចំពោះទារកដែលចាប់ផ្តើមបរិភោគចំណីអាហាររឹង គឺការទល់ លាមក។ ការទល់លាមកត្រូវបានគេឲ្យនិយមន័យថា គឺជាការដែលទារកមិនបន្ទោរបង់លាមក(bowel movement) ចំនួនពីរឬបីថ្ងៃ បន្ទាប់មកបន្ទោរបង់លាមកមករឹង។ បើសិននេះគឺជាករណីរបស់ទារកលោកអ្នក សូមឧស្សាហ៍ដាក់កូនឲ្យអង្គុយឲ្យបានជាប់ (លើកន្ថោរ) ។ ប៉ុន្មានសប្តាហ៍ក្រោយ ប្រព័ន្ធរំលាយអាហាររបស់វានឹងដំណើរការតម្រូវទៅតាមរបបហូបចុកហើយៗវាក៏នឹងចាប់មានចលនាពោះវៀនទៀងទាត់ឡើងវិញជាមិនខានទេ។
បើទារកចាប់បរិភោគចំណីរឹង អ្នកអាចជួយបានដោយផ្តល់ឲ្យនូវចំណីណាដែលធ្វើឲ្យលាមកទន់ជ្រាយ ដូចជាសណ្តែកបារាំងនិងល្ហុងទុំ លាយឡំជាមួយនឹងចំណីដែលធ្វើឲ្យលាមករឹង (ដូចជាចេក ប៉ោម និងទឹកប៉ោម ការ៉ុត និងបាយ។ ការឲ្យកូនផឹកទឹកឲ្យច្រើនក៏អាចជួយបានដែរ។
បន្ថែមពីលើនោះ ការហាត់ប្រាណក៏ជួយដល់ការធ្វើចលនារបស់ពោះវៀនផងដែរ។ សូមសាកល្បងដាក់ទារកផ្តេកលើខ្នង រួចចាប់ជើងវាឲ្យធ្វើចលនាដូចជាធាក់កង់។
៦ ការស្ទះពោះវៀន Intestinal blockage
សូមកុំបង្អង់រង់ចាំមើលអ្វី បើសិនជាទារករបស់លោកអ្នកនៅជាល្អទេ ស្រាប់តែចាប់ឈឺចុកចាប់ភ្លាមៗ ទធាក់ជើងឡើងលើ រួចស្រែកយំយ៉ាងខ្លាំង។ ការឈឺចុកចាប់នេះវាលើសពីការចុកពោះទៅទៀត ជាពិសេសកាលណាកូនឈឺកាន់តែខ្លាំងឡើងៗ និងកាន់តែញាប់ឡើងៗ ហើយមានក្អួតផង។
នេះអាចជារោគសញ្ញានៃ ការស្ទះពោះវៀន( intussusception ) ដែលច្រើនកើតមានលើទារកដែលមានអាយុចាប់ពី៥ខែដល់២ខួប។ ជម្ងឺនេះមិនសូវកើតមានទេ ក៏ប៉ុន្តែវាអាចគម្រាមដល់ជីវិតបាន ដូច្នេះសូមទូរស័ព្ទហៅគ្រូពេទ្យភ្លាម។ បើមិនអាចទាក់ទងគ្រូពេទ្យបានទេ សូមយកទារកទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ ព្រោះគេអាចត្រូវការការវះកាត់។