ថាតើអាការៈគេងមមើអាចបណ្ដាលមកពីកត្តាអ្វីខ្លះ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីកត្តាដែលអាចបណ្ដាលគេងមមើ ៖
១. ហ្សែន
ការសិក្សាស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រជាច្រើនបានបង្ហាញថា ការគេងមមើនិយាយ គឺអាចបណ្ដាលមកពីកត្តាហ្សែន។ ម្យ៉ាងវិញទៀតយោងតាមការសិក្សាស្រាវជ្រាវក្នុងប្រទេសហ្វាំងឡង់ និងជប៉ុនបានរកឃើញថា កូនភ្លោះជាញឹកញយជួបប្រទះអាការៈគេងមមើនិយាយដែលអាចគួបផ្សំនឹងគេងមមើដើរ ព្រមទាំងសុបិន្តអាក្រក់ផងដែរ។ បន្ថែមពីនេះអ្នកស្រាវជ្រាវមួយចំនួនបានលើកឡើងថា ឪពុកម្ដាយដែលឧស្សាហ៍គេងមមើ គឺអាចមានកូនដែលគេងមមើដូចគ្នា។
២. គេងមិនគ្រប់
អ្នកជំនាញផ្នែកសុខភាពជាច្រើនជឿថា ការគេងមិនគ្រប់ ឬស្ត្រេសពេកអាចបណ្ដាលឱ្យគេងមមើនិយាយមិនដឹងខ្លួន។ នៅពេលពួកយើងមិនបានគេងសម្រាកគ្រប់គ្រាន់ទេនោះ វាអាចជះឥទ្ធិពលលើខួរក្បាលនិងគុណភាពនៃការគេង។
៣. ជំងឺពាក់ព័ន្ធនឹងការគេង
តាមពិតទៅការគេងមមើ គឺជាជំងឺពាក់ព័ន្ធនឹងការគេងមួយរួចទៅហើយដែលត្រូវបានស្គាល់ថាជា somniloquy។ វាអាចកើតមានចំពោះនរណាម្នាក់គ្រប់ពេលវេលា ប៉ុន្តែចំពោះអ្នកដែលមានជំងឺពាក់ព័ន្ធនឹងការគេងផ្សេងទៀតអាចជួបប្រទះនឹងហានិភ័យនៃបញ្ហារំខានក្នុងការគេង ព្រមទាំងគេងមមើនិយាយ។ វេជ្ជៈបណ្ឌិតជាច្រើនជឿថា វាមានទំនាក់ទំនងផ្សារភ្ជាប់គ្នារវាងជំងឺ somniloquy, ការគេងមមើ និងសុបន្តិអាក្រក់។
៤. ឥទ្ធិពលនៃថ្នាំមួយចំនួន
មានថ្នាំច្រើនណាស់ដែលអាចបង្កការរំខានដល់ការគេងជាផលប៉ះពាល់។ ថ្នាំដែលអាចបណ្ដាលឱ្យអ្នកគេងមមើនិយាយ ឬមមើដើរ គឺជាធម្មតាតែងជះផលប៉ះពាល់ដល់ការគ្រប់គ្រងសាច់ដុំកំឡុងពេលគេង។ នៅពេលបរិមាណនៃភាពតឹងសាច់ដុំកើនឡើង វាអាចបណ្ដាលឱ្យអ្នកធ្វើសកម្មភាពផ្សេងៗដូចជាទាត់, ដាល់, លោតពីគ្រែ និងនិយាយ។ ថ្នាំមួយចំនួនដូចជាថ្នាំប្រឆាំងជំងឺធ្លាក់ទឹកចិត្តអាចបណ្ដាលឱ្យអ្នកនិយាយពេលគេងលក់។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕