ក្នុងនាមជាឪពុកម្តាយ មិនមែនចេះតែធ្វើអ្វីលើកូនក៏បាននោះទេ។ បើទោះជាអ្នកជាអ្នកបង្កើតកូនក៏ដោយ អ្នកក៏ត្រូវចេះគោរព និងយល់ពីកូនរបស់អ្នកដែរ។
អាថ៌កំបាំងក្នុងចិត្ត
នៅពេលដែលកូនធំសមល្មមដឹងនិយាយស្ដាប់គ្នាបានច្រើនហើយ ឪពុកម្តាយគប្បីសាកល្បងនិយាយរឿងអាថ៌កំបាំងនៅក្នុងចិត្តជាមួយកូន បានញឹកញាប់តាមរយៈការនិយាយឱ្យស្លាប់ខ្លះ បញ្ចេញឱ្យឃើញតាម អារម្មណ៍ខ្លះ ឬសូមឱ្យកូនៗឧស្សាហ៍បញ្ចេញការយល់ឃើញរបស់គេចេញ មកខ្លះ។
ការធ្វើដូចនេះ កូនអាចនឹងក្លាហានហ៊ានបញ្ចេញនូវអាថ៌កំបាំងក្នុង ចិត្តរបស់គេមកក្រៅហើយពេលគេធំឈានចូលវ័យជំទង់ប្រសិនបើមានថ្ងៃមួយគេមិនសប្បាយចិត្តនឹងរឿងអ្វីមួយ គេនឹងក្លាហានចូលមកនិយាយ ពិភាក្សានឹងឪពុកម្តាយដោយស្វ័យប្រវត្តិ។
បោះរបស់លេងកូនចោល
សូម្បីតែរបស់លេងនោះជារបស់ចាស់និងរហែកធ្លុះធ្លាយយ៉ាងណា ក៏ដោយចុះ ឪពុកម្តាយមិនត្រូវបោះវាចោលដោយមិនបានប្រាប់កូនជាមុន ឡើយ។ របស់លេងដូចជាស្រោមជើង ភួយដណ្តប់ សៀវភៅសរសេរដ រូបគំនូរ របស់លេងផ្សេងៗដែលជាកម្មសិទ្ធិរបស់កូន មិនថាកូនអ្នកជាកូន ក្មេងឬវ័យជំទង់ទេ យើងត្រូវនិយាយប្រាប់ដល់កូនជាមុនជានិច្ចបើទោះជា របស់លេងនោះសមគួរដល់ពេលត្រូវបោះចោលហើយនិងព្រោះហេតុផល យ៉ាងនេះយ៉ាងនោះជាដើម។
លួងលោមចិត្ត
ពេលកូនធ្វើអ្វីខុសភ្លាត់ ឪពុកម្ដាយត្រូវចេះលួងលោមចិត្តកូនដើម្បី ឱ្យកូនបានកម្ចាត់បង់នូវក្តីអស់សង្ឃឹមឱ្យវាវិនាសបាត់ពីទ្រូងនិងដើម្បីចង្អុល បង្ហាញឱ្យកូនឃើញថា វាជាការធម្មតាទេដែលមនុស្សគ្រប់រូបធ្វើខុស។ គ្មាន អ្នកណាម្នាក់ថាមិនមានការខុសភ្លាត់នោះទេ មនុស្សទាំងអស់តែងតែជួបវា ជារឿងធម្មតា កុំនិយាយស្តីបន្ទោសជាដដែលៗឱ្យសោះ ព្រោះថាធ្វើបែប នេះកូននឹងមិនហ៊ានសារភាពកំហុសពេលគេធ្វើខុសនោះទេ និងមិនហ៊ាន ប្រឈមមុខជាមួយនឹងសេចក្ដីពិតនៃជីវិតឡើយ។ អ្នកគួរតែលួងលោមចិត្ត កូននិងណែនាំផ្លូវដែលល្អជាងមុនឱ្យកូនយកទៅអនុវត្តនិងឱ្យកូនព្យាយាម ធ្វើល្អបន្តទៅទៀត។
ឈ្មោះរបស់កូន
ឪពុកម្តាយដ៏សែនល្អត្រូវតែល្អិតល្អន់ក្នុងការដាក់ឈ្មោះឱ្យកូនទាំង ឈ្មោះលេងទាំងឈ្មោះពិត … គួរដាក់ឈ្មោះឱ្យបានពីរោះនិងមានអត្ថន័យ ច្បាស់លាស់ល្អ។
ទោះបីជាឈ្មោះអាចប្តូរផ្លាស់គ្នាបានមែន ក៏ប៉ុន្តែតើអ្នកណាចង់ ផ្លាស់ប្តូរឈ្មោះដែលឪពុកម្តាយដាក់ឱ្យតាំងពីកំណើតនោះ?
ឪពុកម្តាយមួយចំនួនដាក់ឈ្មោះឱ្យកូនភ្លេចគិតថា កូនអាចនឹង ខ្មាសអៀនឬត្រូវគេបង្អាប់។ ចូរកុំដាក់ឈ្មោះដែលបញ្ជាក់ពីចំណុចខ្សោយរបស់កូន គួរស្វែងរកឈ្មោះដែលរីករាយ និងពីរោះឱ្យដល់កូនរបស់អ្នកទើបជាការល្អបំផុត។
មិត្តភក្តិរបស់កូន
ទោះបីជាកូននៅក្មេង ប៉ុន្តែប្រសិនបើមិត្តភក្តិរបស់កូនមកលេងផ្ទះ ឪពុកម្តាយគួររកនំនិងភេសជ្ជៈមកទទួលជប់លៀងពួកគេ។
អ្នកគួរបដិបត្តិបែបនេះរហូតដល់កូនធំ ក្លាយជាមនុស្សចេះគិតគូរ បានល្អ កូននឹងសប្បាយរីករាយក្នុងចិត្តដែលឪពុកម្តាយរបស់ខ្លួនឱ្យតម្លៃ ចំពោះគេដូច្នេះ។ តទៅកូនក៏នឹងក្លាយជាក្មេងដែលមាននិស្ស័យល្អនិងចេះ ផ្ដល់កិត្តិយសដល់អ្នកដទៃផងដែរ។
ថ្ងៃកំណើត
អ្នកប្រហែលធ្លាប់បានឮមិត្តភក្តិមួយចំនួននិយាយថា គាត់អត់ដឹង ពីថ្ងៃកំណើតរបស់ខ្លួន ព្រោះកាលពីនៅក្មេងៗឪពុកម្តាយមិនបានរៀបចំ បុណ្យខួបកំណើតឱ្យ រឿងបែបនេះស្តាប់មើលទៅល្អដែរ ព្រោះឪពុកម្តាយ របស់គេបង្រៀនមិនឱ្យខ្ជះខ្ជាយលុយកាក់ក្នុងការរៀបចំពិធីជប់លៀងថ្ងៃ កំណើត ប៉ុន្តែបើនិយាយតាមការជាក់ស្តែងទៅរឿងបែបនេះហៅថាជារឿង គួរឱ្យសោកសៅច្រើនជាង។
ការរៀបចំធ្វើបុណ្យខួបកំណើតឱ្យកូន វាមិនមែនជារឿងខ្ជះខ្ជាយ នោះទេប្រសិនបើអ្នកចេះរៀបចំឱ្យបានត្រឹមត្រូវ ដូចជា បង្រៀនកូនឱ្យចេះ ទៅវត្ត ទៅលែងសត្វ លែងត្រី ធ្វើបុណ្យរាប់បាត្រ បបួលពួកម៉ាកស្និទ្ធៗពីរ បីនាក់មកលេងផ្ទះ ធ្វើម្ហូបទទួលទានរួមគ្នា ជប់លៀងភេសជ្ជៈឬនំដល់ពួក ម៉ាករបស់កូននិងឈរមើលពេលកូនអធិដ្ឋានផ្លុំទៀនខួបកំណើតពន្លត់។
ដឹងទេថា! នាទីនោះជាពេលវេលាដ៏មានសេចក្តីសុខនិងជាការចង ចាំដ៏ស្រស់ស្អាតក្នុងចិត្តវិញ្ញាណរបស់ក្មេង។ នេះគឺជាផ្នែកល្អមួយដែលធ្វើ ឱ្យក្មេងចេះពេញចិត្តក្នុងជីវិតរបស់ខ្លួន ចេះសប្បាយជាមួយនឹងជីវិតរបស់ ខ្លួន និងមានភាពកក់ក្តៅនៅក្នុងការរស់នៅជាមួយសង្គម។ អ្នកក៏គួរគប្បី បង្រៀនកូនឱ្យចេះកំណត់គោលដៅនៅក្នុងថ្ងៃខួបកំណើត ហើយជំរុញឱ្យ គេធ្វើវាឱ្យបានសម្រេចបរិបូណ៌ស្របនឹងពេលធ្វើខួបកំណើតរបស់ខ្លួន បើ ដូច្នេះខួបកំណើតនោះនឹងមានអត្ថន័យយ៉ាងមហស្ចារ្យ។
ចាញ់-ឈ្នះ
ពេលឪពុកម្តាយលេងហ្គេមផ្សេងៗជាមួយនឹងកូន គួរបណ្ដោយឱ្យ កូនចាញ់ខ្លះឈ្នះខ្លះដើម្បីធ្វើឱ្យកូនសប្បាយចិត្តជាមួយនឹងជ័យជម្នះផងនិង ចេះទទួលស្គាល់ពេលចាញ់ផង បើមិនដូច្នោះទេអាចនឹងធ្វើឱ្យកូនពិបាក នឹងទទួលយកបរាជ័យណាស់នៅពេលក្រោយ។ កាលលេងជាមួយកូនគួរ សាកល្បងគិតរកហ្គេមថ្មីៗមកលេងដើម្បីបន្ថែមភាពសប្បាយរីករាយដែល មានស្រាប់និងអភិវឌ្ឍគំនិតឱ្យល្អប្រសើរឡើងមួយកម្រិតទៀត។
របស់ផ្ទាល់ខ្លួន
គប្បីគោរពរបស់របរផ្ទាល់ខ្លួនរបស់កូន លួចរុះរើរបស់ផ្ទាល់ខ្លួន របស់កូនដោយមិនបានទទួលការអនុញ្ញាតពីគេ។
សៀវភៅសរសេរដៃរបស់កូនថតតុដែលកូនចាក់សោទុកត្រូវសុំ ការអនុញ្ញាតមុនជានិច្ច។ ក្មេងនឹងមានអារម្មណ៍ពេញចិត្តពេលគេមានពំ ដែនផ្ទាល់ខ្លួនខ្លះនិងមានគេចេះស្គាល់ឬគោរពព្រំដែនផ្ទាល់ខ្លួនរបស់គេ។
កិច្ចប្រតិបត្តិ
គប្បីឱ្យកូនៗសរសេររាយឈ្មោះនូវកិច្ចការផ្សេងៗដែលខ្លួនគេចង់ ធ្វើរួមជាមួយឪពុកម្ដាយដូចជាចង់ទៅទស្សនានៅមាត់សមុទ្រឬចង់ឱ្យឪពុក មួយលេងតេស្តត៍ជាមួយគេជាដើម។
ចូររក្សាឯកសាររឿងដែលកូនចង់ធ្វើទាំងនោះទុកឱ្យល្អ ហើយរក ឱកាសធ្វើតាមឯកសារទាំងនោះឱ្យក្លាយជាការពិត។ បើមិនបានទាំងអស់ យ៉ាងហោចណាស់ក៏ធ្វើឱ្យបានមួយក្នុងចំណោមឯកសាររឿងទាំងអស់នោះ។
ទូរសព្ទ
នៅពេលអ្នកត្រូវធ្វើដំណើរទៅកាន់ទីឆ្ងាយ ចាំបាច់ត្រូវទូរស័ព្ទមកនិយាយ ជាមួយកូនប្រសិនកូនធំល្មមនិយាយជាមួយនឹងគ្នាបាន។ មួយវិញទៀតត្រូវ តែត្រលប់មកកាន់ផ្ទះឱ្យត្រូវទៅតាមពេលវេលាដែលបានប្រាប់កូនទុកនោះ៕