ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថា ការទទួលទានទឹកក្រូចច្របាច់អាចជួយព្យាបាលអាការៈទល់លាមកបាន។ ភេសជ្ជៈនេះមានផ្ទុកសម្បូរទៅដោយជាតិសសៃដែលជួយសម្រួលចលនាពោះវៀនគួរឱ្យកត់សម្គាល់។ ការទទួលទានទឹកក្រូចច្របាច់ស្រស់ៗជាពិសេសមានលាយសាច់ក្រូចទៀតនោះ គឺនឹងផ្ដល់ឱ្យរាងកាយនូវជាតិសសៃគ្រប់គ្រាន់តាមតម្រូវការសម្រួលដល់ពោះវៀន ហើយអ្នកប្រាកដជាអាចចូលបន្ទប់ទឹកបានដោយគ្មានបញ្ហាឡើយ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរបៀបញ៊ាំទឹកក្រូចច្របាច់ព្យាបាលទល់លាមក ៖
១. ប្រេងអូលីវ និងទឹកក្រូចច្របាច់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបន្ថែមប្រេងអូលីវ ១ស្លាបព្រាបាយក្នុងទឹកក្រូចច្របាច់មានលាយសាច់ក្រូច ១កែវ។ កូរឱ្យសព្វ សឹមទទួលទានជាការស្រេច។ ប្រេងអូលីវក៏ជាអាហារដែលល្អបំផុតសម្រាប់ព្យាបាលអាការៈទល់លាមកផងដែរ។ វាជួយក្នុងការរំញោចដល់ប្រព័ន្ធរំលាយអាហារដែលជាលទ្ធផលសម្រួលដល់ការធ្វើចលនាឆ្លងកាត់ពោះវៀនធំ។ នៅពេលអ្នកទទួលទានជាប្រចាំ វាអាចទប់ស្កាត់បញ្ហាទល់លាមកនៅពេលអនាគតទៀតផង។
២. ទឹកផ្លែព្រូនស្រស់ និងទឹកក្រូចច្របាច់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកផ្លែព្រូនស្រស់ កន្លះពែង ជាមួយទឹកក្រូចច្របាច់ស្រស់មានលាយសាច់ក្រូច កន្លះពែង។ កូរឱ្យសព្វ សឹមទទួលទានតាមតម្រូវការ ឬអ្នកអាចញ៊ាំ ១កែវទៀតឡើយវិញរយៈពេលពី ២ ទៅ ៣ម៉ោងក្រោយ។ ផ្លែព្រូន និងទឹករបស់វាជាធម្មតាត្រូវបានយកមកប្រើដើម្បីព្យាបាលអាការៈទល់លាមក។ វាមានផ្ទុកសម្បូរទៅដោយជាតិសសៃ និងសារធាតុ sorbitol ដែលជួយបន្ទន់លាមកធ្វើឱ្យឆ្លងកាត់ចេញទៅក្រៅរាងកាយបានយ៉ាងងាយ។
៣. ទឹកក្រូចច្របាច់ និងប្រទាលកន្ទុយក្រពើ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយជែលប្រទាលកន្ទុយក្រពើស្រស់ៗដែលលាង និងចិតសំបករួចស្អាតចំនួន ២ស្លាបព្រាបាយក្នុងទឹកក្រូចច្របាច់ ១ពែង។ កូរឱ្យសព្វ សឹមទទួលទាន និងអនុវត្តសារឡើងវិញពី ៤ ទៅ ៥ម៉ោងម្ដងប្រសិនបើមិនធូរស្រាល។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕