ទោះបីជាអាចផ្ដល់ផលល្អៗចំពោះសុខភាព ប៉ុន្តែបើញ៊ាំច្រើនពេក ម្រះនឹងប្រែជាផ្ដល់គ្រោះថ្នាក់គួរឱ្យបារម្ភផ្ទុយមកវិញមិនខាន។ ថាតើមានអ្វីខ្លះ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកមិនគួរញ៊ាំម្រះច្រើនពេក ៖
១. បង្កើនហានិភ័យនៃការរលូតកូន
ប្រសិនបើញ៊ាំច្រើនពេក ម្រះអាចបង្កើនលំហូរឈាមរដូវ និងហានិភ័យនៃការរលូតកូនគួរឱ្យបារម្ភ។ វាក៏បង្កើនការកន្ត្រាក់នៃសាច់ដុំស្បូនផងដែរ។ ស្ត្រីដែលកំពុងបំបៅដោះកូនមិនត្រូវបានណែនាំឱ្យទទួលទានម្រះក្នុងកម្រិតច្រើនពេកឡើយ។
២. ជះឥទ្ធិពលលើថ្នាំមួយចំនួន
ការគួបផ្សំគ្នារវាងម្រះនិងថ្នាំមួយចំនួនអាចបញ្ចុះកម្រិតនៃជាតិស្ករក្នុងឈាមខ្លាំងពេកដែលមិនល្អឡើយចំពោះសុខភាព។ ដូច្នេះចំពោះបុគ្គលដែលកំពុងប្រើប្រាស់ថ្នាំទឹកនោមផ្អែម គួរពិគ្រោះជាមួយវេជ្ជបណ្ឌិតជាមុនសិនមុនពេលទទួលទានម្រះ។
៣. បង្កផលប៉ះពាល់ដល់ថ្លើម
ការទទួលទានម្រះច្រើនពេកយូរទៅអាចបណ្ដាលឱ្យរលាកថ្លើម។ យោងតាមការពិសោធន៍ សារធាតុ monorcharins ក្នុងផ្លែម្រះនៅពេលទទួលទានច្រើនពេកអាចបង្កបញ្ហាលើថ្លើមរបស់សត្វកណ្ដុរ។ បន្ថែមពីនេះម្រះមិនបង្កការបំផ្លាញដោយផ្ទាល់ទៅលើថ្លើមឡើយ ប៉ុន្តែការញ៊ាំច្រើនពេកយូរៗទៅអាចបង្កើនអង់ស៊ីមថ្លើមដែលជាលទ្ធផលនៃស្ថានភាពមួយហៅថាការឡើងរឹងនៃសសៃឈាម។
៤. បណ្ដាលឱ្យចង្វាក់បេះដូងលោតមិនទៀង
នៅចង្វាក់បេះដូងលោតមិនទៀង វាអាចបណ្ដាលឱ្យឈាមប្រមូលផ្ដុំនៅផ្នែកម្ខាងនៃបេះដូង។ ជាលទ្ធផលអាចបង្កើនហានិភ័យនៃជំងឺដាច់សសៃឈាមខួរក្បាល ឬគាំងបេះដូង។
៥. បណ្ដាលឱ្យក្អួតនិងរាគរូស
ម្រះអាចបណ្ដាលឱ្យក្អួតនិងរាគរូសដោយសារបន្លែល្វីងនេះជាប្រភពនៃសមាសធាតុ tetracyclic triterpenoid ដែលមានជាតិពុល។ ការពិសោធន៍លើសត្វកណ្ដុរ នៅពេលផឹកច្រើនពេកទឹកម្រះអាចបង្កអាការៈពុល។
៦. បង្កបញ្ហាតម្រងនោម
ការញ៊ាំច្រើនពេកម្រះអាចជះឥទ្ធិពលលើមុខងារតម្រងនោម។ យោងតាមការពិសោធន៍លើសត្វកណ្ដុរ ប្រសិនបើទទួលទានម្រះឡើងដល់ ៤០០០មីលីក្រាមក្នុងមួយគីឡូ គឺចាត់ទុកថាមានសុវត្ថិភាព និងមិនបង្កផលប៉ះពាល់ដល់មុខងារតម្រងនោមរបស់សត្វកណ្ដុរឡើយ។ ការទទួលទានម្រះច្រើនជាងបរិមាណដែលត្រូវបានណៃនាំអាចបង្កបញ្ហាផ្សេងៗដល់សុខភាពតម្រងនោម។ ទោះជាយ៉ាងណាក៏ដោយ ការសិក្សាស្រាវជ្រាវច្រើនបន្ថែមទៀតត្រូវបានទាមទារដើម្បីអាចស្វែងយល់លម្អិតនិងច្បាស់លាស់ពីឥទ្ធិពលនៃការទទួលទានម្រះច្រើនទៅលើតម្រងនោមរបស់មនុស្ស។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕