ទោះបីជាភាគច្រើននៃពួកយើងស្គាល់ និងឧស្សាហ៍ទទួលទានតែជីអង្កាម ប៉ុន្តែប្រហែលជាមិនធ្លាប់ដឹងទេថា ភេសជ្ជៈនេះអាចជះផលប៉ះពាល់មួយចំនួនលើសុខភាពរាងកាយ។ មានអ្វីខ្លះ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីឥទ្ធិពលអវិជ្ជមានចំនួន ៧ពីតែជីអង្កាម ៖
១. មិនត្រូវបានណែនាំសម្រាប់បុគ្គលដែលមានបញ្ហាពិបាករំលាយអាហារ
បុគ្គលដែលមានបញ្ហាពិបាករំលាយអាហារ ចាំបាច់គួរធ្វើការពិគ្រោះយោបល់ជាមួយគ្រូពេទ្យសិនមុនពេលទទួលទានតែជីអង្កាម។ ខណៈដែលភេសជ្ជៈនេះអាចជះឥទ្ធិពលលើប្រសិទ្ធិភាពនៃថ្នាំពិបាករំលាយអាហារ ហើយបង្កផលរំខានបន្ថែមទៀត។
២. បញ្ចុះជាតិស្ករក្នុងឈាម
តែជីអង្កាមអាចបញ្ចុះកម្រិតនៃជាតិស្ករក្នុងឈាម។ ភេសជ្ជៈនេះក៏អាចមានប្រតិកម្មជាមួយនឹងថ្នាំទឹកនោមផ្អែមផងដែរ។ ដូច្នេះដើម្បីជាការប្រសើរបុគ្គលដែលមានជំងឺទឹកនោមផ្អែម គួរចៀសវាងទទួលទានតែជីអង្កាម ឬញ៊ាំវានៅក្រោយពេលទទួលបានការអនុញ្ញាតពីវេជ្ជបណ្ឌិត។
៣. ប្រតិកម្មអាឡែកស៊ី
ផលប៉ះពាល់នៃការទទួលទានតែជីអង្កាមក៏អាចជាលទ្ធផលនៃការវិវត្តន៍ជាប្រតិកម្មអាឡែកស៊ីផងដែរ។ អាការៈឈឺក្បាល, ធីងធោង និងដំបៅឈឺមាត់ជារោគសញ្ញាមួយចំនួននៃប្រតិកម្មជាមួយនឹងជីអង្កាម។ នៅពេលអ្នកសម្គាល់ឃើញរោគសញ្ញាទាំងនេះ ចូរចៀសវាងទទួលទានតែ ឬពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញភ្លាម។
៤. មិនត្រូវបានណែនាំសម្រាប់បុគ្គលដែលមានជំងឺច្រាលទឹកអាស៊ីតក្រពះ
សម្រាប់អ្នកដែលឧស្សាហ៍ជួបប្រទះបញ្ហាច្រាលទឹកអាស៊ីតក្រពះមិនគួរជ្រើសរើសទទួលទានជីអង្កាម ឬតែជីអង្កាមឡើយ។ ខណៈពេលដែលមនុស្សមួយចំនួនបានធូរស្បើយពីរោគសញ្ញានៃជំងឺច្រាលទឹកអាស៊ីតក្រពះ អ្នកផ្សេងទៀតបែរជាជួបប្រទះអាការៈកាន់តែអាក្រក់ឡើងពីការទទួលទានតែជីអង្កាម។ នេះក៏ព្រោះតែជីអង្កាមអាចអនុញ្ញាតឱ្យអាស៊ីតក្រពះហូរច្រាលមកក្នុងបំពង់អាហារវិញ។
៥. ប្រតិកម្មជាមួយថ្នាំមួយចំនួន
តែជីអង្កាមក៏អាចមានប្រតិកម្មជាមួយនឹងថ្នាំមួយចំនួនផងដែរដូចជាថ្នាំសម្រាប់អាស៊ីតក្រពះ, ថ្នាំសម្ពាធឈាម, ថ្នាំ cyclosporine និងថ្នាំទឹកនោមផ្អែម។ ដូច្នេះដើម្បីជាការប្រសើរ ប្រសិនបើអ្នកកំពុងប្រើប្រាស់ថ្នាំណាមួយ ចូរពិគ្រោះជាមួយគ្រូពេទ្យសិនមុននឹងទទួលទានតែជីអង្កាម។
៦. បញ្ហាក្រពះ
មួយក្នុងចំណោមផលប៉ះពាល់ចម្បងៗនៃជីអង្កាមនោះ គឺបញ្ហាក្រពះ។ រាគរូស, ឈឺសាច់ដុំ, ចុករមួលក្នុងពោះ, ងងុយគេង, ញ័រ និងអត្រានៃចង្វាក់បេះដូងធ្លាក់ចុះ គឺជារោគសញ្ញាមួយចំនួនដែលកើតឡើងដោយសារការទទួលទានតែជីអង្កាមច្រើនពេក។
នៅពេលប្រើប្រាស់បានត្រឹមត្រូវ និងមិនលើសកម្រិត តែជីអង្កាមអាចផ្ដល់អត្ថប្រយោជន៍ និងមានសុវត្ថិភាពចំពោះសុខភាព។ ទោះជាយ៉ាងណាដើម្បីជាការប្រសើរអ្នកចាំបាច់គួរប្រឹក្សាយោបល់ជាមួយគ្រពេទ្យអំពីឥទ្ធិពលវិជ្ជមាន និងផលប៉ះពាល់នៃភេសជ្ជៈធម្មជាតិនេះជាមុនសិន។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕