ទោះបីជាពួកយើងសុទ្ធតែធ្លាប់បានដឹងពីអត្ថប្រយោជន៍ដ៏ប្រសើរនៃការទទួលទានផ្លែឪឡឹក ប៉ុន្តែប្រហែលជាមិនដែលចាប់អារម្មណ៍ទេថាប្រសិនបើញ៊ាំច្រើនពេកផ្លែឈើនេះអាចជះផលប៉ះពាល់អ្វីខ្លះ? ប្រយ័ត្ន! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីបញ្ហាដែលអាចកើតឡើងនៅពេលញ៊ាំឪឡឹកច្រើនពេក ៖
១. បញ្ហាពាក់ព័ន្ធនឹងពោះវៀន
ឪឡឹកមានផ្ទុកសម្បូរទៅដោយសារធាតុ lycopene។ ដូច្នេះកុំទទួលទានឪឡឹកក្នុងបរិមាណច្រើនពេក។ វាអាចបណ្ដាលឱ្យចង្អោរចង់ក្អួត, ហើមពោះ, រាគរូស, ក្អួត, ពិបាករំលាយអាហារ និងឡើងហ្គាសក្នុងពោះ។ រោគសញ្ញាទាំងនេះអាចកាន់តែអាក្រក់ឡើងចំពោះមនុស្សចាស់ ខណៈប្រព័ន្ធរំលាយអាហារងាយនឹងចុះខ្សោយក្នុងវ័យនេះ។
២. ជំងឺពាក់ព័ន្ធនឹងសសៃឈាមបេះដូង
ឪឡឹកមានផ្ទុកកម្រិតនៃជាតិប៉ូតាស្យូមខ្ពស់។ ការទទួលទានអាហារសម្បូរប៉ូតាស្យូមក្នុងបរិមាណច្រើនពេកអាចបង្កបញ្ហាសសៃឈាមបេះដូងដូចជាបាត់ ឬខ្សោយជីពចរ, ចង្វាក់បេះដូងលោតមិនទៀង, គាំងបេះដូងជាដើម។ វាក៏ជះផលប៉ះពាល់លើការគ្រប់គ្រងប្រព័ន្ធសសៃប្រសាទនៃរាងកាយផងដែរ។
៣. មិនល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម
នៅពេលបុគ្គលណាម្នាក់កំពុងមានបញ្ហាធន់នឹងអាំងស៊ុយលីនដូចជាអ្នកជំងឺទឹកនោមផ្អែម នោះកម្រិតនៃជាតិស្ករងាយនឹងកើនឡើងក្នុងឈាមណាស់។ វាមិនជ្រាបចូលក្នុងកោសិកានៃរាងកាយឡើយ! នៅពេលមានកង្វះជាតិគ្លុយកូសនៅក្នុងកោសិកា នោះបរិមាណនៃអាំងស៊ុយលីនកាន់តែច្រើននឹងត្រូវបានផលិត។ ឪឡឹកមានផ្ទុកសម្បូរទៅដោយជាតិស្ករធម្មជាតិអាចធ្វើឱ្យកម្រិតជាតិស្ករក្នុងរាងកាយកើនឡើង។ នោះហើយជាមូលហេតុដែលអ្នកជំងឺទឹកនោមផ្អែមគួរតែចៀសវាងទទួលទានផ្លែឈើនេះ។
៤. សម្ពាធឈាមធ្លាក់ចុះទាប
ការញ៊ាំឪឡឹកច្រើនពេកអាចបណ្ដាលឱ្យសម្ពាធឈាមធ្លាក់ចុះទាបពេក។ ប្រសិនបើបុគ្គលណាម្នាក់កំពុងជួបប្រទះបញ្ហាសម្ពាធឈាមធ្លាក់ចុះទាបខ្លាំងហើយនោះ ដើម្បីជាការប្រសើរចូរចៀសវាងទទួលទានផ្លែឪឡឹកមិនថាក្នុងទម្រង់ណាក៏ដោយ។
៥. ចៀសវាងកំឡុងពេលមានផ្ទៃពោះ
ទោះបីជាជំងឺទឹកនោមផ្អែមកំឡុងពេលមានផ្ទៃពោះជាបញ្ហាសុខភាពទូទៅ ប៉ុន្តែវានៅតែអាចបង្កគ្រោះថ្នាក់សុខភាពលើស្ត្រីជាច្រើន។ ការទទួលទានឪឡឹកក្នុងបរិមាណច្រើនពេកអាចបង្កើនកម្រិតនៃជាតិស្ករក្នុងឈាមដែលបង្កជាជំងឺទឹកនោមផ្អែមកំឡុងពេលមានផ្ទៃពោះ។ ដូច្នេះដើម្បីជាការប្រសើរ ស្ត្រីមានផ្ទៃពោះគួរផ្អាកញ៊ាំឪឡឹកសម្រាប់រយៈពេលប៉ុន្មានខែសិន។ ការពារប្រសើរជាងព្យាបាល!
៦. បញ្ហាពាក់ព័ន្ធនឹងសសៃប្រសាទនិងសាច់ដុំ
អ្នកដែលទទួលទានឪឡឹកក្នុងបរិមាណច្រើន អាចនឹងជួបប្រទះនូវបញ្ហាសសៃប្រសាទ, សាច់ដុំ និងតម្រងនោមគួរឱ្យកត់សម្គាល់។
៧. អស់កម្លាំង
ភាពខ្សោយនៃមុខងារតម្រងនោមកាត់បន្ថយបន្សុទ្ធនិងបញ្ចេញសារធាតុគ្រោះថ្នាក់ចេញពីរាងកាយ ហើយអាចបង្កជាអាការៈហើមជើង។ ការញ៊ាំឪឡឹកច្រើនពេកនឹងបង្កើនបរិមាណនៃជាតិទឹកក្នុងរាងកាយ។ ប្រសិនបើជាតិទឹកដែលលើសមិនត្រូវបានបញ្ចេញពីរាងកាយទេនោះ វាអាចបង្កើនបរិមាណឈាមដែលធ្វើឱ្យអាការៈហើមជើងកាន់តែធ្ងន់ធ្ងរឡើងបង្កជាបញ្ហាអស់កម្លាំងផងដែរ។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕