ទោះបីជាស្គាល់និងធ្លាប់ទទួលទាន ប៉ុន្តែភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថា ឈើអែមអាចផ្ដល់អត្ថប្រយោជន៍ចំពោះសម្រស់ប្រសិនបើដឹងពីរបៀបប្រើ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះប្រើឈើអែមថែសម្រស់ ៖
១. ម៉ាសថែរក្សាស្បែកមុខ
រូបមន្តនេះសាកសមសម្រាប់កាត់បន្ថយការរលាកក្នុងស្បែកនិងបំបាត់ភាពឡើងក្រហម។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកក្រូចឆ្មារស្រស់ ១ចំណិតជាមួយម្សៅឈើអែម ១ស្លាបព្រាកាហ្វេនិងទឹកឃ្មុំ ២ស្លាបព្រាបាយ។ កូរឱ្យសព្វ សឹមលាបល្បាយលើស្បែកមុខ។ រងចាំសម្រាប់រយៈពេលពី ១០ ទៅ ១៥នាទី សឹមលាងសម្អាតចេញ។
២. ព្យាបាលនិងទប់ស្កាត់បញ្ហាជ្រុះសក់
ជាដំបូងអ្នកត្រូវលាយម្សៅឈើអែម ប្រេងអូលីវ និងទឹកឃ្មុំ ក្នុងបរិមាណស្មើគ្នាចូលគ្នាឱ្យសព្វ។ ដុសលាបម៉ាស្សាល្បាយលើស្បែកក្បាលថ្នមៗសម្រាប់រយៈពេលយ៉ាងហោចណាស់ ៥ នាទី។ ទុកចោលសម្រាប់រយៈពេលយ៉ាងហោចណាស់ពី ៣ ទៅ ៤ ម៉ោងដើម្បីឱ្យស្បែកក្បាលបានស្រូបយកសារធាតុចិញ្ចឹមពីល្បាយ។ លាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗនិងកក់សាប៊ូកម្រិតស្រាល។ អនុវត្តសារឡើងវិញឱ្យបានយ៉ាងហោចណាស់ពី ៣ ទៅ ៤ ដងក្នុងមួយសប្តាហ៍សម្រាប់កំឡុងពេល ៣ ខែដើម្បីទប់ស្កាត់សក់ជ្រុះ។ រូបមន្តធម្មជាតិនេះក៏ជួយបង្កើនការលូតលាស់នៃសក់និងធ្វើឱ្យសក់រឹងមាំផងដែរ។
៣. កម្ចាត់មុនក្បាលខ្មៅ
លាយទឹកឃ្មុំ និងម្ស៉ៅឈើអែមក្នុងបរិមាណស្មើគ្នា កូរឱ្យសព្វក្លាយជាល្បាយខាប់ៗ។ លាបល្បាយលើមុនក្បាលខ្មៅ រួចប្រើប្រាស់ក្រដាសជូតមាត់សង្កត់ពីលើ។ ទុកចោលសម្រាប់រយៈពេល ៥ នាទី សឹមបកចេញថ្នមៗ រួចលាងសម្អាតមុខជាមួយនឹងទឹកក្ដៅឧណ្ហៗសិន រួចប្រើប្រាស់ទឹកត្រជាក់លាងចេញម្ដងទៀត។
៤. ព្យាបាលមុន
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកឃ្មុំ ២ ស្លាបព្រាបាយជាមួយម្សៅឈើអែម ១ ស្លាបព្រាកាហ្វេ។ កូរឱ្យសព្វ សឹមលាបល្បាយលើមុខកន្លែងដែលមានបញ្ហា។ ទុកចោលសម្រាប់រយៈពេល ១០ នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។
៥. ជួយឱ្យស្រកទម្ងន់
ឈើអែមជួយគ្រប់គ្រងកម្រិតនៃជាតិឈាមល្អសម្រាប់កាត់បន្ថយការឃ្លានខ្លាំងនិងធ្វើឱ្យអ្នកមានអារម្មណ៍ឆ្អែតផងដែរ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែដាំទឹក ១ពែងឱ្យពុះ រួចបន្ថែមម្សៅឈើអែម ១ស្លាបព្រាកាហ្វ និងទឹកឃ្មុំធម្មជាតិ ឬសរីរាង្គ ១ស្លាបព្រាបាយចូល។ កូរឱ្យសព្វ សឹមទទួលទានភេសជ្ជៈនេះកន្លែងពែងមុនញ៊ាំអាហារពេលព្រឹក និងកន្លះពែងទៀតក្រោយញ៊ាំអាហារល្ងាច ៤៥នាទី។
៦. ជួយឱ្យសក់ក្រាស់ជាងមុន
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយស៊ុត ១គ្រាប់ ជាមួយប្រេងអូលីវសុទ្ធ ១ ស្លាបព្រាបាយ, ទឹកឃ្មុំឆៅ ១ស្លាបព្រាកាហ្វេ និងម្សៅឈើអែម ១ស្លាបព្រាកាហ្វេ ឱ្យសព្វចូលគ្នា។ បន្ទាប់មកលាបម៉ាស្សាល្បាយលើស្បែកក្បាល និងរងចាំសម្រាប់រយៈពេល ២០ ទៅ ៣០ នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។ កុំភ្លេចកក់សម្អាតសក់ជាមួយសាប៊ូកម្រិតស្រាល។ អនុវត្តសារឡើងវិញ ២ដងក្នុងមួយសប្តាហ៍ រហូតទទួលបានលទ្ធផលគាប់ចិត្ត។
៧. កម្ចាត់អង្គែ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅឈើអែមជាមួយទឹកធម្មតាបន្តិចឱ្យក្លាយជាល្បាយខាប់ៗ។ បន្ទាប់មកលាបល្បាយផ្ទាល់លើស្បែកក្បាលនិងរងចាំសម្រាប់រយៈពេល ៣០នាទី សឹមលាងសម្អាតចេញ។ អនុវត្តរូបមន្តនេះជាប្រចាំរហូតទទួលបានលទ្ធផលគាប់ចិត្ត។ ដើម្បីកម្ចាត់អង្គែដែលបង្កឡើងដោយមេរោគផ្សិតកុំឱ្យកើតទៀត ចូររោយម្សៅឈើអែមបន្តិចលើសាប៊ូកក់សក់ និងម៉ាស្សាពេញលើសក់ ព្រមទាំងស្បែកក្បាល។ រងចាំរយៈពេលពី ២ ទៅ ៣ នាទី សឹមលាងសម្អាតចេញ។ អនុវត្តរូបមន្តនេះម្ដងក្នុងមួយសប្តាហ៍។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕