អុកស៊ីសែន គឺចាំបាច់ណាស់សម្រាប់ទ្រទ្រង់អាយុជីវិត, ការលូតលាស់ និងដំណើរការមុខងារប្រក្រតីរបស់សរីរាង្គក្នុងរាងកាយ។ ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថា ការញ៊ាំផ្លែឈើមួយចំនួនអាចជួយបង្កើនកម្រិតនៃអុកស៊ីសែនក្នុងរាងកាយបាន។ មានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីផ្លែឈើដែលល្អសម្រាប់បង្កើនកម្រិតនៃអុកស៊ីសែនក្នុងរាងកាយ ៖
១. ស្វាយ
ស្វាយទុំមានផ្ទុកសម្បូរទៅដោយវីតាមីន A, វីតាមីន B3, វីតាមីន B5, វីតាមីន B6, វីតាមីន C, ជាតិដែក, និងទង់ដែងដែលចាំបាច់សម្រាប់បង្កើនកម្រិតអុកស៊ីសែនក្នុងឈាម។ ផ្លែឈើនេះក៏ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មដូចជាវីតាមីន C, សារធាតុ carotenoids និងសមាសធាតុ phenolic ដែលជួយរក្សាសុខភាពទាំងមូលផងដែរ។ ស្វាយថែមទាំងមានលក្ខណៈសម្បត្តិបញ្ចុះសម្ពាធឈាម, ប្រឆាំងការរលាក និងពង្រឹងប្រព័ន្ធភាពស៊ាំទៀតផង។ ទោះជាយ៉ាងណាសម្រាប់អ្នកជំងឺទឹកនោមផ្អែមចាំបាច់គួរពិគ្រោះយោបល់ជាមួយគ្រូពេទ្យសិនមុននឹងទទួលទានស្វាយទុំ ខណៈដែលផ្លែឈើនេះក៏មានផ្ទុកជាតិស្ករធម្មជាតិគួរឱ្យកត់សម្គាល់។
២. ម្នាស់
ផ្លែឈើនេះ គឺជាប្រភពដ៏ល្អបំផុតមួយនៃវីតាមីន A, វីតាមីន B3, វីតាមីន B5, វីតាមីន B6, វីតាមីន C, ទង់ដែង, ជាតិដែក, ប៉ូតាស្យូម, ស័ង្កសី, សារធាតុ choline, សារធាតុ folate និងសារធាតុ beta-carotene ដែលជួយបង្កើនកម្រិតនៃអុកស៊ីសែន ព្រមទាំងសារធាតុចិញ្ចឹមក្នុងសសៃឈាមបានយ៉ាងប្រសើរ។ បន្ថែមពីនេះសមាសធាតុ bromelain នៃផ្លែម្នាស់ក៏ជួយកាត់បន្ថយការរលាកនិងទប់ស្កាត់បញ្ហាឈាមកកផងដែរ។
៣. ផ្លែបឺរ
មានផ្ទុកសម្បូរទៅដោយវីតាមីន A, វីតាមីន B3, វីតាមីន B6, វីតាមីន B12, សារធាតុ choline, សារធាតុ folate, អាស៊ីតខ្លាញ់ polyunsaturated និងជាតិសសៃ។ សារធាតុចិញ្ចឹមទាំងនេះជួយបង្កើនកម្រិតអុកស៊ីសែន, កាត់បន្ថយកូឡេស្តេរ៉ូល, ពង្រឹងសុខភាពបេះដូង, គ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម, ការពារ DNA, ទប់ស្កាត់ជំងឺពុកឆ្អឹង, ធ្វើឱ្យសុខភាពភ្នែកមានលក្ខណៈប្រសើរឡើង និងជួយរក្សាទម្ងន់ត្រឹមត្រូវមួយ។
៤. ផ្លែទទឹម
ជាប្រភពដ៏ប្រសើរនៃជាតិដែក, ទង់ដែក, ស័ង្កសី, វីតាមីន B3, វីតាមីន B6 និងសារធាតុ choline ដែលជួយសម្រួលចរន្តឈាមរត់ដោយជម្រុញការដឹកជញ្ជូនអុកស៊ីសែន។ ការទទួលទានទឹកផ្លែទទឹមស្រស់ៗអាចជួយពង្រីកសសៃឈាមដែលធ្វើឱ្យលំហូរឈាមកាន់តែមានលក្ខណៈប្រសើរឡើង។ ជាលទ្ធផលកាន់តែការខូខាតជាលិកាដោយសារកម្រិតអុកស៊ីសែនធ្លាក់ចុះទាប។
៥. ផ្លែគីវី
មានផ្ទុកសម្បូរទៅដោយជាតិសសៃ, ទង់ដែង, ជាតិដែក, វីតាមីន A, វីតាមីន B3, វីតាមីន B5, វីតាមីន B6, វីតាមីន C, សារធាតុ choline និងសារធាតុប្រឆាំងអុកស៊ីតកម្មមួយចំនួនទៀត។ ក្រៅពីជួយបង្កើនកម្រិតនៃអុកស៊ីសែនក្នុងលំហូរឈាមហើយនោះ ផ្លែឈើនេះអាចជួយការពារ DNA ពីការបំផ្លាញ, ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ, កាត់បន្ថយការឆ្លងមេរោគផ្លូវដង្ហើមផ្នែកខាងលើចំពោះមនុស្សចាស់ និងកាត់បន្ថយការរលាកក្នុងរាងកាយផងដែរ។
៦. ត្រសក់ផ្អែម
ជាប្រភពដ៏ល្អបំផុតមួយនៃវីតាមីន A, វីតាមីន B3, វីតាមីន B5, វីតាមីន B6, វីតាមីន C, សារធាតុ choline, សារធាតុ folate, ជាតិដែក និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ ក្រៅពីជួយធ្វើឱ្យកម្រិតនៃអុកស៊ីសែនក្នុងរាងកាយមានលក្ខណៈប្រសើរឡើងហើយនោះ ត្រសក់ផ្អែមក៏ជួយប្រឆាំងការរលាក និងពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយបានយ៉ាងប្រសើរផងដែរ។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕