ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ដែលភាសាអាង់គ្លេសហៅថា ស្ដ្រូក(stroke) គឺជាមូលហេតុទូទៅទី៣ នៃមរណភាពនៅក្នុងលោកខាងលិច ហើយវាក៏បាន ឆក់យកជីវិត ជនជាតិកម្ពុជាយើងជាច្រើននាក់ ជារៀងរាល់ ឆ្នាំផងដែរ។ វាជាស្ថានភាព សង្គ្រោះ បន្ទាន់ និងតម្រូវអោយនាំ អ្នកជំងឺទៅកាន់មន្ទីរពេទ្យក្នុង រយៈពេលបីម៉ោងដំបូង ចាប់ពីពេលដែលជំងឺ ដាច់សរសៃឈាម នៅក្នុងខួរក្បាលនេះបានចាប់ផ្ដើម។
អ្វីទៅជាជំងឺដាច់សរសៃឈាមនៅក្នុងខួរក្បាល?
ជំងឺដាច់សរសៃឈាមនៅ ក្នុងខួរក្បាលនេះគឺជា ការកាត់ផ្ដាច់ការ ផ្គត់ផ្គង់ឈាមភ្លាមៗទៅ កាន់ខួរក្បាល ដោយសារ ការស្ទះសរសៃ ឈាមឬក៏ដោយសារការ ធ្លាយសរសៃឈាមដែល ទៅចិញ្ចឹមខួរក្បាល។
វាច្រើនកើត មានចំពោះមនុស្សចាស់ ដែលមានវ័យលើសពី៥៥ឆ្នាំ។ ប៉ុន្ដែ វាមិនមែនមានន័យថា មនុស្ស វ័យក្មេងមិនអាច ទទួលរង គ្រោះថ្នាក់សរសៃឈាម នៅក្នុងខួរក្បាលនោះឡើយ។ ក៏ប៉ុន្ដែក្នុងចំណោម១០ ករណី មាន៩ ករណីហើយដែល មានអាយុលើសពី៥៥ឆ្នាំ ។ កាលណាមនុស្សយើង កាន់តែចាស់ យើងនឹងកាន់តែមាន ហានិភ័យ នាំអោយកើតមាន ជំងឺដាច់សរសៃឈាម ក្នុងខួរក្បាលនេះ។
ព័ត៌មានដែលល្អ គឺថាគ្រោះថ្នាក់ដាច់សរសៃឈាម ក្នុងខួរក្បាលមួយ ចំនួនធំ(៨០ភាគរយ)អាចនឹង ចៀសវាងបាន ។ ជំងឺដាច់សរសៃឈាម ក្នុងខួរក្បាល កើតឡើងនៅពេល ណាដែលមាន ការផ្គត់ផ្គង់ឈាមមិន គ្រប់គ្រាន់ ទៅឱ្យខួរក្បាល ធ្វើឱ្យ ជាលិកាខួរក្បាល ត្រូវខូចខាត ឬបំផ្លាញចោល។
តើមានសញ្ញា អ្វីដែលធ្វើ អោយអ្នកនឹក ដល់ជំងឺដាច់ សរសៃឈាម នៅក្នុងខួរក្បាល?
ដោយយោងទៅតាម ចំណែករបស់ខួរក្បាល ដែលបានរងការប៉ះពាល់ វាអាចធ្វើ ឱ្យមានការ បាត់បង់ ការនិយាយស្ដី ឬចលនាភ្លាមៗ តែម្ដង ស្លាប់អវៈយវៈ ស្ពឹកស្រពន់ ព្រិលភ្នែក វង្វេងវង្វាន់ ធីងធោង បាត់ស្មារតី ឬសន្លប់ ។ ជំងឺដាច់សរសៃ ឈាមក្នុងខួរក្បាល ធ្វើឱ្យរាងកាយចុះខ្សោយ និងស្លាប់មួយចំហៀង ខ្លួន ប៉ះពាល់ដល់ដៃ និង/ឬជើង និងមុខមាត់ផងដែរ ។ រោគសញ្ញា នេះអាចមាន ជាច្រើនម៉ោង ឬបន្ដជាប់រហូត មួយជីវិត អាស្រ័យទៅតាមសភាព ធ្ងន់ធ្ងររបស់ជំងឺ។ វាអាចមានគ្រោះថ្នាក់ ដាច់សរសៃឈាមក្នុង ខួរក្បាលតិចតួច ដែល គេមិនបាន ចាប់អារម្មណ៍ដល់ តែបានធ្វើឱ្យ មានការកាត់បន្ថយ មុខងាររបស់ ខួរក្បាលខ្លះៗ ។
ជំងឺដាច់សរសៃឈាម ក្នុងខួរក្បាលមានប៉ុន្មានបែប?
ជំងឺដាច់សរសៃឈាម នៅក្នុងខួរក្បាលត្រូវ បានបែងចែកចេញ ជាពីរផ្នែកទៅតាមមូលហេតុ នៃគ្រោះថ្នាក់នោះ។ ជំងឺដាច់សរសៃឈាម ក្នុងខួរក្បាលដោយសារ ស្ទះសរសៃឈាម និង ជំងឺដាច់សរសៃឈាមនៅក្នុង ខួរក្បាល ដោយសារមាន ការហូរឈាម។
ក.ជំងឺដាច់សរសៃ ឈាមក្នុងខួរក្បាល ដោយសារស្ទះ សរសៃឈាម ជំងឺដាច់សរសៃ ឈាម នៅក្នុងខួរក្បាល ដោយសារការ ស្ទះសរសៃឈាម នេះអាចកើតមាន តាមមធ្យោបាយ ពីរបែបៈ
កំណកឈាមមួយអាច នឹងកកើតឡើងនៅតាមសរសៃ ឈាមក្រហមដែល តូចចង្អៀតស្រាប់ទៅហើយ។ បញ្ហានេះអាច កើតមាននៅតាមសរសៃឈាម នៅក្នុងខួរក្បាលឬសរសៃឈាម ដែលនាំឈាមទៅកាន់ ខួរក្បាល។ ជាតិខ្លាញ់ កូឡេស្ដេរ៉ុល និងសារធាតុផ្សេងទៀត អាចប្រមូលផ្ដុំនៅតាម ជញ្ជាំងនៃសរសៃ ឈាមតូចៗ ដោយបង្កើតបាន ជាក្រមរ។ មួយរយៈពេល យូរមក ក្រមរនេះ កាន់តែក្រាស់ហើយ ឈានដល់ញ៉ុកស្ទះ សរសៃឈាមតែម្ដង។ ស្ថានភាព សរសៃឈាម ឡើងក្រាស់បែបនេះ ភាសារអង់គ្លេស ហៅថា (atherosclerosis)។ ជំងឺដាច់សរសៃឈាម ក្នុងខួរក្បាលតាមយន្ដការ នេះគេហៅថា thrombotic stroke ។
កំណកសរសៃឈាម នេះអាចដាច់ចេញពី កន្លែងណាមួយនៅ ក្នុងខ្លួនយើងហើយ វាធ្វើដំណើរមកកាន់ ខួរក្បាល ដើម្បីធ្វើអោយស្ទះសរសៃ ឈាមតូចណាមួយ ដែលទៅចិញ្ចឹមខួរក្បាល។ ដូចជាកំណកឈាម អាច កកើតនៅក្នុង បេះដូងហើយ វាបានធ្វើដំណើរតាម ចរន្ដឈាមមកញ៉ុក ស្ទះសរសៃឈាមតូចៗ នៅតាមខួរក្បាល។ ជំងឺដាច់សរសៃ ឈាមខួរក្បាល តាមយន្ដការនេះ គេហៅថា embolic stroke។
ខ.ជំងឺដាច់សរសៃឈាមនៅក្នុងខួរក្បាលដែលបណ្ដាលមកពីការហូរឈាម
ជាការពិតណាស់ ជំងឺដាច់សរសៃ ឈាមនៅក្នុងខួរក្បាល ដែលបណ្ដាលមកពី ការស្ទះសរសៃឈាម ដូចបាន រៀបរាប់ខាងលើ គឺកើតមានញឹកញាប់ជាងគេ។ ប៉ុន្ដែជំងឺដាច់សរសៃ ឈាមក្នុង ខួរក្បាលចំនួន១០ភាគរយទៀត នោះ គឺជំងឺដាច់សរសៃឈាម នៅក្នុងខួរកាលដោយសារការ ហូរឈាម (haemorrhagic stroke) ។ វាកើតឡើង ពីការហូរឈាម ចូលទៅក្នុងខួរ ក្បាល បន្ទាប់ពីមាន សរសៃឈាម ណាមួយនៅ ក្នុងខួរក្បាលដាច់ ដោយភាគ ច្រើនដោយមកពី មានសម្ពាធឈាមខ្ពស់ ។
នរណាខ្លះជាមនុស្ស ដែលប្រឈមនឹង ការកើតមានជំងឺដាច់សរសៃ ឈាមនៅក្នុងខួរក្បាល?
បើសិនជាអ្នកមាន ការភ័យខ្លាចថាជំងឺដាច់ សរសៃឈាមក្នុងខួរក្បាល អាចញាំញីដល់សុខភាព និងជីវិតរបស់អ្នកនោះ អ្នកគួរតែយល់ដឹង អំពីកត្ដាហានិភ័យ ទាំងអស់ដែល ទីបញ្ចប់នឹងបើកផ្លូវអោយ កើតគ្រោះថ្នាក់ សរសៃឈាម នៅក្នុង ខួរក្បាលនេះ។
ហានិភ័យនៃការ មានជំងឺដាច់សរសៃ ឈាមក្នុងខួរក្បាល មានកាន់តែខ្ពស់ ចំពោះអ្នកណា ដែលមាន របៀប រស់នៅ មិនប្រកបទៅ ដោយសុខភាព ដូចជាជក់បារី ហូបអាហារ ប្រៃពេក និងមានជាតិខ្លាញ់ បង្ខាប់ខ្លាំងពេក មានកម្រិតអ័រម៉ូន(oestrogene )ខ្ពស់ មានភាពតានតឹងអារម្មណ៍ច្រើន មានកម្រិតកូឡេស្ដេរ៉ុល LDL ខ្ពស់ និងធាត់ខ្លាំងពេក ។ អ្នកដែល ឆាប់ ខឹងច្រ ឡោតខ្លាំង ពេកក៏អាចនឹងមានហានិភ័យ ខ្លាំងដែរ ។ មនុស្សណា ដែលមានឈាម ក្រុម A ឬ AB ក៏មានហានិភ័យ ខ្ពស់ដែរ ព្រោះឈាមឆាប់កកពេក ។
ជំងឺលើសឈាម ត្រូវបានចាត់ទុកជាមូលហេតុ ធំបំផុតដែលនឹងនាំអោយ កើតមានជំងឺដាច់សរសៃ ឈាមនៅ ក្នុងខួរក្បាល។ ជំងឺដទៃទៀតគូរ យកចិត្ដទុកដាក់នោះរួមមានៈ
ជំងឺទឹកនោមផ្អែម
ចង្វាក់បេះដូងមិនទៀងទាត់
ប្រវត្ដិគ្រួសារធ្លាប់មានគ្រោះថ្នាក់សរសៃឈាមនៅក្នុងខួរក្បាល
ជំងឺបេះដូង
កូឡេស្ដេរ៉ុល (ជាតិខ្លាញ់)នៅក្នុងឈាមខ្ពស់
អាយុច្រើន
តើអ្នកគួរធ្វើដូចម្ដេច បើសង្ស័យថាសមាជិកគ្រួសារឬនរណាម្នាក់អាចកើតមានជំងឺដាច់សរសៃឈាម នៅក្នុងខួរក្បាល0x017d7
បើសិនជាលោកអ្នក សង្ស័យថានរណាម្នាក់មានជំងឺ ដាច់សរសៃឈាមក្នុងខួរក្បាល សមាគមជំងឺដាច់សរស ឈាមក្នុងខួរក្បាល អាមេរិក (the American Stroke Association) បានផ្ដល់អនុសាសន៍ឱ្យ សួរនូវ សំណួរសាមញ្ញចំនួនដែល អាចជួយជីវិតរបស់ជននោះបាន គឺ ៖
សុំឱ្យអ្នកនោះញញឹម(ពិនិត្យមើលលើផ្ទៃមុខ)
សុំឱ្យអ្នកនោះលើកដៃឡើងទាំងពីរ(ពិនិត្រមើលចលនាដៃ)
សុំឱ្យអ្នកនោះនិយាយឃ្លាសាមញ្ញណាមួយ ដូចជាថា “នៅខាងក្រៅថ្ងៃក្ដៅខ្លាំងណាស់ “។(ពិនិត្យមើលការនិយាយស្តី)
បើសិនជាអ្នកនោះមានការលំបាក នឹងអនុវត្ដតាមសំណើទាំងបី សូមនាំគាត់ទៅមន្ទីរពេទ្យ ឬហៅគ្រូពេទ្យមកជួយភ្លាម ។