ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថា ការម៉ាស្សាអាចផ្ដល់អត្ថប្រយោជន៍ល្អៗចំពោះសុខភាព។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញផលល្អៗពីការម៉ាស្សា ៖
១. បំបាត់អាការៈស្ពឹកដៃជើង
ពេលខ្លះអាការៈស្ពឹកដៃនិងជើងបណ្ដាលមកពីលំហូរឈាមរត់មិនប្រក្រតី ឬត្រូវបានរាំងស្ទះ។ ហើយការម៉ាស្សាជាវិធីសាស្ត្រដ៏ល្អបំផុតមួយជួយសម្រួលចរន្តឈាមរត់ឱ្យមានលក្ខណៈកាន់តែប្រសើរឡើង។
២. ព្យាបាលអាការៈឈឺក្បាល
ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា ការម៉ាស្សាអាចជួយបំបាត់អាការៈឈឺចាបើដែលបណ្ដាលមកពីការឈឺក្បាលតានតឹង និងឈឺក្បាលប្រកាំង។ ការម៉ាស្សាជួយផ្ដល់នូវអារម្មណ៍ធូរស្រាលដែលរំញោចខួរក្បាលក្នុងការផលិតអ័រម៉ូនសេរ៉ូតូនីនជួយឱ្យមានអារម្មណ៍ល្អប្រសើរ និងបន្ថយកម្រិតនៃភាពឈឺចាប់។
៣. ផ្ដល់នូវភាពធូរស្រាលដល់រាងកាយទាំងមូល
ជាពិសេសការម៉ាស្សាដោយប្រើថ្មក្ដៅ! កម្ដៅស្រាលៗគួបផ្សំនឹងការប្រើប្រាស់កម្លាំងម៉ាស្សាបានត្រឹមត្រូវ គឺល្អណាស់សម្រាប់ផ្ដល់ភាពធូរស្បើយដល់សាច់ដុំដែលឡើងរឹងឈឺចាប់។
៤. កាត់បន្ថយអាការៈឈឺសន្លាក់
ការម៉ាស្សាពិតជាល្អណាស់សម្រាប់ដោះស្រាយបញ្ហាឈឺសន្លាក់។ ទោះជាយ៉ាងណាដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ អ្នកគួរទៅជួបទទួលការម៉ាស្សាពីសំណាក់អ្នកម៉ាស្សាដែលមានអាជ្ញាប័ណ្ណសម្រាប់ព្យាបាលអាការៈឈឺសន្លាក់។
៥. បំបាត់អាការៈឈឺរោយកញ្ចឹង-ក
ការម៉ាស្សា គឺល្អណាស់សម្រាប់សម្រួលសាច់ដុំផ្ដល់ភាពធូរស្រាល។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែម៉ាស្សាកញ្ចឹងក និងស្មាថ្នមៗជាការស្រេច។ អ្នកក៏អាចប្រើប្រាស់ប្រេងដូង ឬប្រេងអូលីវក្ដៅឧណ្ហលាបម៉ាស្សាបានផងដែរ។
៦. ល្អសម្រាប់អ្នកជំងឺមហារីក
ការព្យាបាលដោយម៉ាស្សាកំពុងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយជាការព្យាបាលបន្ថែមសម្រាប់អ្នកជំងឺមហារីក ដើម្បីបំបាត់រោគសញ្ញាមួយចំនួនរួមមានចង្អោរចង់ក្អួត ឬក្អួតតែម្ដង, អស់កម្លាំង, ការឈឺចាប់ ក៏ដូចជាការគេងមិនលក់។
៧. បំបាត់អាការៈរមួលក្រពើ
ជាធម្មតានៅពេលសាច់ដុំរមួល គឺវាមិនអាចទទួលបានលំហូរឈាមគ្រប់គ្រាន់ឡើយជាហេតុនាំអោយខ្វះអុកស៊ីសែននិងសារធាតុចិញ្ចឹមសំខាន់ៗ។ ការម៉ាស្សាអាចស្ដារលំហូរឈាមប្រក្រតីឡើងវិញ សម្រួលសាច់ដុំ និងបំបាត់ការឈឺចាប់យ៉ាងឆាប់រហ័ស។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕