វាជាការពិតដែលអ្នកមិនអាចព្យាបាលជំងឺរលាកសន្លាក់ឆ្អឹងឲ្យជាសះស្បើយតែម្ដងបាន ដោយគ្រាន់តែទទួលទានអាហារ ឬផ្លាស់ប្ដូររបបអាហារ ប៉ុន្តែទោះជាយ៉ាងណាអាហារមួយចំនួនមានប្រសិទ្ធិភាពប្រយុទ្ធប្រឆាំងការរលាកក្នុងរាងកាយ រួមទាំងពង្រឹងប្រព័ន្ធភាពស៊ាំ និងឆ្អឹង គឺមានមែន! (អាន ៖ ឈប់ខ្វល់រឿងដេកមិនលក់ នៅពេលដឹងរឿងទាំងនេះ) ប្រសិនបើអ្នកមានជំងឺរលាកសន្លាក់ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីប្រភេទនៃអាហារដ៏ល្អបំផុតដែលអ្នកគួរទទួលទានដើម្បីជួយសម្រាលស្ថានភាពឈឺចាប់នៃជំងឺនេះ ៖
១.ផ្លែម្នាស់ ៖ មានផ្ទុកសម្បូរទៅដោយសារធាតុ bromelain ជួយកាត់បន្ថយការរលាកដែលសំខាន់ណាស់សម្រាប់អ្នកជំងឺរលាកសន្លាក់។
២. ផ្លែចេក ៖ ជាប្រភពដ៏ប្រសើរនៃជាតិម៉ាញ៉េស្យូម និងប៉ូតាស្យូម ដែលមានប្រសិទ្ធិភាពជួយបង្កើនដង់ស៊ីតេឆ្អឹង។ លើសពីនេះទៅទៀត ជាតិម៉ាញ៉េស្យូម ក៏អាចជួយបំបាត់ការឈឺចាប់ផងដែរ ប្រសិនបើអ្នកមានបញ្ហារលាកសន្លាក់ធ្ងន់ធ្ងរ។
៣. ត្រីសាលម៉ុន ៖ មានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ ជួយកាត់បន្ថយការលាកសន្លាក់ និងភាពរឹងតឹងដែលអ្នកតែងមានអារម្មណ៍ពេលក្រោកពីដំណេក។
៤. សណ្ដែកសៀង ឬតៅហ៊ូ ៖ ប្រសិនបើអ្នកមិនចូលចិត្តញ៊ាំត្រីទេ អ្នកក៏នៅតែអាចទទួលបានអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលមានប្រសិទ្ធិភាពទប់ស្កាត់ និងកាត់បន្ថយអាការៈនៃការរលាកបានដែរតាមរយៈការទទួលទានសណ្ដែកសៀង ឬតៅហ៊ូ។ សណ្ដែកសៀង មានផ្ទុកជាតិខ្លាញ់ទាប ប៉ុន្តែជាតិសសៃ និងប្រូតេអ៊ីនខ្ពស់។ ដូច្នេះហើយទើបវាជាប្រភេទជម្រើសនៃអាហារដ៏ប្រសើរសម្រាប់អ្នកជំងឺរលាកសន្លាក់ឆ្អឹង ក៏ដូចជាជួយទប់ស្កាត់ហានិភ័យនៃជំងឺពុកឆ្អឹងផងដែរ។
៥. ទឹកក្រូចស្រស់ ៖ ជាប្រភពដ៏ប្រសើរនៃវីតាមីន C ដែលមានប្រសិទ្ធិភាពជួយពង្រឹងសុខភាពឆ្អឹងខ្ចី។ ប្រសិនបើរាងកាយខ្វះនូវជាតិវីតាមីន C នោះអាចបណ្ដាលឲ្យកើតមានបញ្ហាជាច្រើនពាក់ព័ន្ធនឹងការលូតលាស់នៃឆ្អឹង, ឆ្អឹងខ្ចី និងធ្មេញ។
៦. តែបៃតង ៖ ប្រសិនបើអ្នកមានជំងឺរលាកសន្លាក់ អ្នកគួរទទួលទានតែបៃតងជាប្រចាំ ខណៈដែលភេសជ្ជៈនេះមានផ្ទុកនូវសារធាតុកម្ចាត់ប្រឆាំងការរលាក ដោយការរារាំងអង់ស៊ីមដើម្បីទប់ស្កាត់ការបាត់បង់ និងខូចខាតនៃឆ្អឹងខ្ចី៕