ទោះបីជាអាចផ្ដល់អត្ថប្រយោជន៍ដ៏ប្រសើរចំពោះសុខភាពរាងកាយ ប៉ុន្តែទឹកតែនៅតែបង្កផលវិបាកមួយចំនួនគួរឱ្យកត់សម្គាល់។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីបញ្ហាដែលអាចកើតឡើងពីការទទួលទានទឹកតែ ៖
១. អាការៈដែលបង្កឡើងដោយកាហ្វេអ៊ីន
បើធៀបទៅនឹងកាហ្វេ, សារធាតុកាហ្វេអ៊ីនក្នុងតែ គឺមិនខ្លាំងណាស់ឡើយ ប៉ុន្តែវានៅតែជាសមាសធាតុដែលអាចបង្កអាការៈមួយចំនួនដូចជាចង្អោរចង់ក្អួត, គេងមិនលក់, ញ័រអន្ទះអន្ទែង និងសូម្បីតែអត្រានៃចង្វាក់បេះដូងលោតមិនទៀង។ បរិមាណនៃជាតិកាហ្វេអ៊ីនក្នុងទឹកតែ គឺអាស្រ័យលើប្រភេទរបស់វា។ ឧទាហរណ៍ តែអូឡុងមានបរិមាណមធ្យម ខណៈដែលតែខ្មៅមានជាតិកាហ្វេអ៊ីនច្រើនជាងគេ។ ទោះបីជាបរិមាណនៃកាហ្វេអ៊ីនក្នុងតែ គឺទាបជាងកម្រិតដែលត្រូវបានណែនាំប្រចាំថ្ងៃ ប៉ុន្តែនៅតែមានបុគ្គលមួយចំនួនអាចជួបប្រទះនូវផលប៉ះពាល់ទោះបីជាទទួលទានត្រឹម ១ពែងក្នុងមួយថ្ងៃក៏ដោយ។
២. បញ្ហាពាក់ព័ន្ធនឹងការស្រូបយកជាតិដែក
តែគ្រប់ប្រភេទ គឺសុទ្ធតែមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលផ្សារភ្ជាប់នឹងអារម្មណ៍សុខភាពជាច្រើន។ ទោះជាយ៉ាងណាតែមានផ្ទុកសារធាតុ tannins និងសារធាតុ flavonoids ដែលអាចទប់ស្កាត់ ឬរាំងស្ទះរាងកាយពីការស្រូបយកជាតិដែកបានត្រឹមត្រូវ។ វិធីដ៏ប្រសើរបំផុតដើម្បីទទួលបានជាតិដែកកាន់តែច្រើនក្នុងប្រព័ន្ធរាងកាយ គឺតាមរយៈការកម្រិតការទទួលទានតែនៅចន្លោះពេលអាហារ ឬគ្រាន់តែបន្ថែមទឹកក្រូចឆ្មារស្រស់ចូលបន្តិច។
៣. ស្នាមប្រឡាក់ជាប់ធ្មេញ
តែអាចបង្កស្នាមប្រឡាក់ជាប់ធ្មេញដូចជាស្រាក្រហម, កាហ្វេ និងភេសជ្ជៈមានជាតិពណ៌ផ្សេងៗផងដែរ។ ប្រសិនបើអ្នកបារម្ភអំពីស្នាមប្រឡាក់ជាប់ធ្មេញដែលបង្កឡើងដោយទឹកតែ ចូរប្រកាន់ខ្ជាប់នូវទម្លាប់ដុសសម្អាតធ្មេញក្រោយពេលទទួលទាន ក៏ដូចជាព្យាយាមទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់ដើម្បីកម្ចាត់ស្នាមប្រឡាក់។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕