ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថា ការស្ដាប់ចម្រៀង ឬតន្ត្រីអាចផ្ដល់ឥទ្ធិពលវិជ្ជមានជាច្រើនចំពោះសុខភាព។ មានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកគួរឧស្សាហ៍ស្ដាប់ចម្រៀង ៖
១. បន្ថយសម្ពាធឈាម
នេះក៏ព្រោះតែការស្ដាប់ចម្រៀង ឬតន្ត្រីអាចជួយបន្ថយកម្រិតនៃភាពស្ត្រេសដែលជាអ្វីមួយបង្កបញ្ហាសម្ពាធឈាមឡើងខ្ពស់។ យោងតាមការសិក្សាស្រាវជ្រាវជាច្រើនបានឱ្យដឹងថា តន្ត្រីមានសមត្ថភាពធ្វើឱ្យសុខភាពសសៃឈាមមានលក្ខណៈប្រសើរឡើង។ ជាលទ្ធផលឈាមនឹងរត់បានល្អត្រឹមត្រូវ។
២. បន្ថយកម្រិតនៃភាពស្ត្រេស
ធ្លាប់ដឹងទេថា ក្រៅពីការម៉ាស្សា ឬហាត់កីឡា, ត្រឹមការសម្រាកស្ដាប់ចម្រៀង ឬតន្ត្រីក៏ជួយធ្វើឱ្យកម្រិតនៃភាពតានតឹងក្នុងអារម្មណ៍របស់អ្នកថយចុះបានផងដែរ។
៣. បំបាត់អាការៈឈឺក្បាលប្រកាំង
អាការៈឈឺក្បាលប្រកាំងអាចកើតឡើងនៅពេលអ្នកមានអារម្មណ៍តានតឹងខ្លាំង។ ដូច្នេះដើម្បីដោះស្រាយនិងទប់ស្កាត់បញ្ហានេះ ចូរព្យាយាមគ្រប់គ្រងភាពស្ត្រេសរបស់អ្នកតាមរយៈវិធីងាយៗមួយចំនួនរួមមានការស្ដាប់ចម្រៀងតន្ត្រី ឬធ្វើលំហាត់ប្រាណជាដើម។
៤. ជួយឱ្យឆាប់គេងលក់
ការគេងលក់បានស្កប់ចន្លោះពី ៧ ទៅ ៩ម៉ោងក្នុងមួយយប់ៗ គឺចាំបាច់សម្រាប់ទាំងសុខភាពរាងកាយនិងផ្លូវចិត្ត។ ជំនួសឱ្យការលេបថ្នាំគេងលក់ ចូរព្យាយាមបន្ធូរអារម្មណ៍ស្ដាប់ចម្រៀង ឬតន្ត្រីតិចៗវិញនៅពេលអ្នកគេងមិនលក់។ ទម្លាប់នេះជួយឱ្យអារម្មណ៍ស្ងប់និងហាក់ដូចជាទទួលបានការលួងលោមបំពេរធ្វើឱ្យឆាប់គេងលក់។
៥. ធ្វើឱ្យសកម្មភាពនៃការធ្វើលំហាត់ប្រាណមានភាពប្រសើរឡើង
ការស្ដាប់តន្ត្រីអាចធ្វើឱ្យលំហាត់ប្រាណរបស់អ្នកមិនគួរឱ្យធុញខ្លាំងដូចមុនដោយវាបន្ថែមភាពសប្បាយរីករាយខ្លះទៅក្នុងលំហាត់ប្រាណ។ ចម្រៀង ឬតន្ត្រីក៏អាចធ្វើឱ្យម៉ោងដើរលឿនជាងមុនធ្វើឱ្យអ្នកមានអារម្មណ៍ថាឆាប់ធ្វើលំហាត់ប្រាណចប់ផងដែរ។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕